បទពិសោធន៍ដាំដំណាំក្តាត

21-09-2020 9:51 am 283

ក្តាត ជាដំណាំ ដែលដុះលូតលាស់ស្រដៀងនឹងដំណាំត្រាវ ។ លក្ខណៈពិសេសរបស់ដំណាំនេះ ក្រោយពីដាំដុះ យើងអាចប្រមូលផលបណ្តើរ និងអាចបំបែកកូនតូចៗ ថ្មីយកទៅដាំបន្តបាន ។ 

១. ការរៀបចំដីដាំក្តាត
ដើម្បីឱ្យដើមក្តាតដុះបានល្អ ត្រូវរៀបចំជារងដែលមានទំហំបណ្តោយ ១៥ម៉ែត្រ ទទឹង២ម៉ែត្រ ។ កាប់ដីបំផុសចំនួន២ដង ។ នៅលើកទី២ កាប់ បំផុសឱ្យដីម៉ដ្ឋល្មម រួចយកជីលាមកគោ និងចំបើងពុកផុយ ទៅដាក់នៅលើរង រួចកាប់បញ្ចូលទៅក្នុងរង ដោយក្នុងមួយរងដាក់ជី១៨បង្គី ។ នៅលើដីមានទំហំ៣អារ ប្រើជីលាមកគោអស់៨០បង្គី ។

២. ការដាំ
ក្រោយរៀបចំរងសម្រាប់ដាំរួច ត្រូវជ្រើសរើសយកមើមក្តាត ដែលដុះពន្លកទៅដាក់ដាំនៅលើរង ដោយកប់ដាក់ពន្លក (ភ្នែក) ផ្នែកខាងលើ ។ ដាំដោយទុកចន្លោះគុម្ពពីមួយទៅមួយ ២,៥តឹក ។ ដំណាំនេះ អាចដាំវានៅក្រោមម្លប់ ដូចជា នៅក្រោមទ្រើងននោង ត្រឡាច ក៏បាន ។

៣. ការថែទាំ
ក្រោយដាំកូនក្តាត បានរយៈពេល១០ថ្ងៃ ចាប់ផ្តើមជ្រុំជើងម្តង ដើម្បីឱ្យក្តាតលូតលាស់ធាងលឿន ។ ការជ្រុំជើងដាក់ជី និងដកស្មៅធ្វើឡើងរាល់១៥ថ្ងៃម្តង ដើម្បីឱ្យដីធូរមានខ្យល់ចេញចូល ស្មៅមិនសូវដុះ ។ ស្រោចទឹក២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច សម្រាប់រដូវប្រាំង ។ រដូវវស្សា ត្រូវកាត់បន្ថយការស្រោចទឹក ។ 

៤. ការប្រមូលផល
គិតពីដាំរហូតប្រមូលផល មានរយៈពេល១ខែ ។ ត្រូវប្រមូលផលដោយកាត់យកតែធាងត្រឹមគល់ ដោយកាត់រាងបញ្ឆិតនិងធ្វើឡើងរាល់ពីរថ្ងៃម្តង ។ ការប្រមូលផលអាចបន្តដល់រយៈពេល១ឆ្នាំ ប្រសិនបើមានការថែទាំល្អ ។ ប៉ុន្តែលើសពី១ឆ្នាំ ក្តាតមិនមានការលូតលាស់ធាងទេ និងអាចងាប់ទៅវិញ ។

ដកស្រង់ចេញពីសៀវភៅ កសិករ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ៕ 

 ពាក្យគន្លឹះ  កសិកម្មក្តាត

ព័ត៌មានផ្សេងទៀត