លោក​សម រង្ស៊ី​​ប្ដេជ្ញា​ជាថ្មី​នឹង​​វិល​មក​កម្ពុជា​​ក្នុងពេល​ឆាប់ៗ​

20-09-2020 11:18 am 1302

​លោក​សម រង្ស៊ី​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​ជាថ្មី​ម្ដងទៀត​។ តាមរយៈ​វីដេអូ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកនា​ថ្ងៃទី​២០​កញ្ញា​នេះ លោក​សមរង្ស៊ី​សង្កត់ធ្ងន់ថា លោក​បានឃើញ​សារ​អ្នកគាំទ្រ​លោក រង់ចាំតែ​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដើម្បី​ងើបឡើង​។ ដូច្នេះ​លោក​ថា​លោក​នឹង​វិល​ទៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​បាន​ស្នើសុំ​ឲ្យ​អ្នក​គាំទ្រលោក​ត្រៀមខ្លួន​រួម​កម្លាំង​ជា​ធ្លុង​មួយ​។ ប៉ុន្ដែ​យ៉ាងណាមិញ​លោក​សម រង្ស៊ី​មិន​បានបញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ​...

​សំឡេង​លោក​សម រង្ស៊ី​៖

​គួរ​ជម្រាបជូន​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​សម រង្ស៊ី ប្រកាស​នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​និរទេស​ចេញ​ក្នុងអំឡុង​ឆ្នាំ​២០១៦ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់ពី​បទល្មើស​ផ្សេងៗ​ជា​បន្ដបន្ទាប់​។ ក្នុង​ឆ្នាំ​២០១៩​លោក​ក៏​ធ្លាប់​ប្រកាស​នឹងធ្វើ​មាតុភូមិនិវត្ដន៍​មក​កម្ពុជា​វិញ​ដែរ ដោយបាន​ទាំង​ប្រកាស​កាលបរិច្ឆេទ​ច្បាស់លាស់​ផងដែរ គឺ​នៅ​ថ្ងៃទី​០៩​ខែ វិច្ឆិកា ឆ្នាំ​២០១៩​។ ប៉ុន្ដែ​គម្រោង​នោះ​មិន​ទទួលជោគជ័យ​ទេ ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មិនឲ្យ​ដឹក​លោក​សម រង្ស៊ី​។ 

​ជាមួយគ្នា​រដ្ឋាភិបាល​ក៏បាន​បញ្ជូន​កម្លាំង​ទៅ​ការពារ​ទៅតាម​ច្រកព្រំដែន​ថៃ ជាទី​ដែល​លោក​សម រង្ស៊ី​ប្រកាស​ចូលមក​កម្ពុជា​ផងដែរ​។ ការចាត់វិធានការ​ទៅលើ​លោក​សម រង្ស៊ី ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​មេ​ឧទ្ទាម​ក្រៅច្បាប់ ដោយសារតែ​ចេតនា​នៃ​ការវិលត្រឡប់​មក​កម្ពុ​ជា​របស់លោក​សម រង្ស៊ី ក្នុង​បំណង​បំផ្លិញបំផ្លា​ញក្ដី​សុខ​ពលរដ្ឋ តាមរយៈ​ការ​បំផុសបំផុល​ប្រជាជន កម្មករ និយោជិត កងទ័ព ឲ្យ​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ដូច្នេះ​រដ្ឋាភិបាល​មិន​ខ្លាច​ទេ​ត្រូវតែ​ការពារ​សេចក្ដីសុខ​របស់​ប្រជាជន​។​

​ក្រោយ​បរាជ័យ​មិនអាច​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ កាលពីដើមឆ្នាំ​២០២០​នេះ​លោក​ក៏​ធ្លាប់បាន​ប្រកាស​ម្ដងទៀត​ថា លោក​ប្ដេជ្ញា​នឹង​វិល​មក​កម្ពុជា​ឲ្យបាន​ក្នុង​ឆ្នាំ​២០២០​ប៉ុន្ដែ​មិន​បញ្ជាក់​ពេលវេលា​ទេ​។ សារ​ប្រកាស​វិល​ចូល​ស្រុក​នៅ​ថ្ងៃទី​២០ ខែកញ្ញា​នេះ គឺជា​លើក​ទី​ពី​រហើយ​ក្នុង​ឆ្នាំ​២០២០ ដែល​លោក​បាន​ប្ដេជ្ញា​នឹង​វិល​មក​កម្ពុជា​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត