ទីភ្នាក់ងារស៊ើបអង្កេតជាតិឥណ្ឌា ( NIA ) និយាយនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ថា បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់កៃដាចំនួន ៩ នាក់ ដែលកំពុងរៀបចំផែនការវាយប្រហារនៅទីតាំងជាច្រើន រួមទាំងនៅរដ្ឋធានីញូវដែលីប្រទេសឥណ្ឌាផងដែរ។ NIAនិយាយថាក្រុមសកម្មប្រយុទ្ធ ៦ នាក់ ត្រូវបានចាប់ខ្លួននៅភាគខាងកើតនៃរដ្ឋ West Bengal និង ៣ នាក់ទៀតនៅរដ្ឋ Kerala ភាគខាងត្បូង។
NIAបន្ថែមថា ក្រុមសកម្មប្រយុទ្ធនេះទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រុមសកម្មប្រយុទ្ធដែលកំពុងតែជ្រកកោនក្នុងប្រទេសប៉ាគីស្ថាន។ ភ្លាមៗនេះ ប៉ាគីស្ថានមិនទាន់ឆ្លើយតបយ៉ាងណាពាក់ព័ន្ធនឹងការអះអាងរបស់ទីភ្នាក់ងារស៊ើបអង្កេតជាតិឥណ្ឌានៅឡើយទេ តែបើតាមបទពិសោធន៍កន្លងមក ប៉ាគីស្ថានតែងតែបដិសេធនៅក្នុងការផ្តល់សម្ភារៈគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ដើម្បីអុកឡុកប្រទេសជិតខាង៕ ដោយ៖អ៊ុន សុខឡា