នារី​ម្នាក់​ស្លាប់​ភ្លាមៗ​ក្រោយ​ផ្ទុះអាវុធ​១​គ្រាប់​ក្នុង​រថយន្ត​សង្សារ​របស់​ខ្លួន​

16-09-2020 12:08 pm 3289

​បុរស​ម្នាក់​បាន​បើករថយន្ត​ជាមួយនឹង​សាកសព​សង្សារ​របស់​ខ្លួន ចូល​សារភាព​ប្រាប់​សមត្ថកិច្ច បន្ទាប់​ពី​កើត​មាន​ការផ្ទុះអាវុធ​មួយ​គ្រាប់ បណ្តាល​ឲ្យ​សង្សា​ររបស់​ខ្លួន​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​២០២០​នេះ​។ 

​បុរស​ខាងលើ​នេះ​មានឈ្មោះ​ទាក់ ឌី អាយុ​២៨​ឆ្នាំ រស់​នៅ​រាជធានី​ភ្នំពេញ មាន​មុខរបរ​លក់ដូ​រ​អចលនទ្រព្យ​បើកបរ​រថយន្ត​ម៉ាក​Lexus RX200T ពណ៌​ក្រហម ដោយ​ដឹក​មនុស្ស​២​នាក់ ក្នុងនោះ​មាន​សាក សព​ស្ត្រី​ម្នាក់​ឈ្មោះ​ធី លីស្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​ជា​សង្សារ ឯ​ម្នាក់​ទៀត​ឈ្មោះ​ណ​យ ប៉ូ​រ៉ា នៅ​ភ្នំពេញ​រួម​ដំណើរ បាន​ចូលខ្លួន​សារភាព​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​សូមបញ្ជាក់​ថា បុរស​ឈ្មោះ​ទាក់ ឌី ជា​ជន​បង្ក​បាន​សារភាព​ថា បន្ទាប់ពី​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​សៀមរាប ពួកគេ​ទាំង​៣​នាក់ បាន​មកដល់​ខេត្ត​កំពង់ឆ្នាំង និង​ជជែក​គ្នា​លេង​ជាមួយ​នារី​ជា​សង្សារ ស្របពេល​ដែល​នារី​ឈ្មោះ​ធី លីស្សា ជា​សង្សារ​បាន​ឈោង​ទាញ​កាំភ្លើង​ពីលើ​តាប​ឡូ​រថយន្ត​។ 

​ដោយ​ឃើញ​បែប​នេះ​បុរស​ឈ្មោះ​ទាក់ ឌី បាន​ឈោង​ទាញ​ដៃ​សង្សារ​កុំ​ឲ្យ​លេង ប៉ុន្តែ​ស្រាប់តែ​ពេល​នោះ​រថយន្ត​បាន​រេរ​ចង្កូត​ទៅបុក​នឹង​ខឿន​ផ្លូវ បណ្តាល​ផ្ទុះ​កាំភ្លើង​ម៉ាក​ZORAKI M9o-TD មួយ​គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​នារី​ជា​សង្សារ​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​តែ​ម្ដង​។ លុះ​ក្រោយ​ដឹង​ថា​សង្សារ​របស់​ខ្លួន​បាន​ស្លាប់ បុរស​ឈ្មោះ​ទាក់ ឌី មិន​បាន​បើក​រត់គេច​ខ្លួន​ទេ បាន​បើករថយន្ត​មក​ចូល​ក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​ឧដុង្គ ដើម្បី​ប្រាប់​ពី​ដំណើរ​រឿង​ដល់​សមត្ថកិច្ច​។ 

​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ដោយសារ​តែ​ក​រ​ណី​នេះ បាន​កើតហេតុ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បានប្រគល់​ករណី​កើតហេតុ​ខាងលើនេះ ទៅ​ឲ្យ​ខាង​កំពង់ឆ្នាំង​ស្រាវជ្រាវ​និតិ​វិធី​បន្ត​៕ 

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត