រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមកម្លាំង​ការពារ​នៅ​តាម​មូលដ្ឋាន​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​

16-09-2020 11:47 am 157
ប្រភពរូបភាពពីសារព័ត៌មានFresh News

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​ការពារ​នៅ​តាម​មូលដ្ឋាន និង​នៅតាម​គោលដៅ​សំខាន់ៗ​ដូចជា​៖​ទី​វត្ត​អារាម កន្លែង​កម្សាន្ដ​នានា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ បាន​ទៅ​ធ្វើបុណ្យ និង​ធ្វើ​ដំណើរ​កម្សាន្ដ​ដោយ​សប្បាយរីករាយ ដោយ​មិន​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ណាមួយ​កើតឡើង​ឡើយ​។​លោក​បាន​លើកឡើង​ដូចនេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ កញ្ញា ឆ្នាំ​២០២០​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​កោតសរសើរ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ធ្វើ​ឲ្យ​បទល្មើស​នៅ​តាម​បណ្តា​ខណ្ឌ​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ការថយចុះ​គួរឲ្យកត់សម្គាល់ និង​មាន​ការពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ចំណុច​នេះ​បាន​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ត្រឹមត្រូវ របស់​កងកម្លាំង​មាន​សមត្ថកិច្ច ហើយ​ចំណុច​ខ្លាំង​នេះ​បាន​ជួយ​ទាក់ទាញ​ដល់​ក្រុម​វិនិយោគិន​បរទេស​មក​បោះ​ទុននិវិយោគ​នៅ​កម្ពុជា​បាន​កាន់តែ​ច្រើន​។​

សូម​ជម្រាប​ជូន​ដែរ​ថា យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹង​ថា​នៅ​តាម​ទី​វត្ត​អារាម​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​គណៈកម្មការ​វត្ត និង​ប្រជា​ការពារ ដើម្បី​រួមគ្នា​ជួយ​សម្រួល​ចរាចរណ៍ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​វត្ត និង​ការពារ ម៉ូតូ រថយន្ត និង​ទ្រព្យសម្បតិ្ត​របស់​ពុទ្ធបរិស័ទ​ផងដែរ​៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត