ក្រសួង​ឲ្យ​ប្រយ័ត្ន​ចំពោះ​ករណី​ខ្យល់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ​បង្ក​ពី​ព្យុះ​ទី​១១​ហៅ​ថា​នូ​ល​

16-09-2020 11:01 am 294

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ដែល​បង្កឡើង​ដោយ​ព្យុះ​ទី​១១ ឬ នូ​ល​(Noul)​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០២០​នេះ​។​

​ការអំពាវនាវ​របស់​ក្រសួង​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​បាន​ធ្វើ​ការពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ ដោយ​ឃើញ​ថា​សម្ពាធ​ទាប​សកម្ម​មួយ​បាន​កើតឡើង​នៅ​លើ​សមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃ​ទី​១៥​កញ្ញា និង​បានវិវត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅជា វិសម្ពាធ​ទាប​(Tropical Despression) ហើយ​បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​១១ ឈ្មោះ​នូ​ល​(NOUL) ពេល​ដែល​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន នៅវេលា​ម៉ោង ១​ព្រឹក ថ្ងៃទី​១៦​កញ្ញា​នេះ​។​

​យោង​តាម​ការ​ព្យាករ​ខាងលើ បញ្ជាក់ថា ព្យុះ​នូ​ល​នឹង​ធ្វើដំណើរ​ចូល​ទៅ​ដល់​ឆ្នេរ​ដា​ណា​ង​នៃ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល នៅ​ថ្ងៃ​ទី​១៨​កញ្ញា ហើយ​បន្តដំណើរ​ចូល​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ និង​ថៃ​។ លក្ខណៈ​នេះ​នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០​កញ្ញា មាន​អាកាសធាតុ​ដូចជា ទី​១.​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។ ទី​២.​បណ្ដា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន និង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន រួម​ជាមួយ​ខ្យល់​បង្គួរ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ ទី​៣. តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង រួម​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ និង​ទី​៤.​ស្ថានភាព​នេះ​ក៏​នឹង​ធ្វើឲ្យ​ស្ថានភា​ពទឹក​ទន្លេមេគង្គ ចាប់ផ្ដើម​ឡើង​បន្តិច​ជា​បន្តបន្ទាប់​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត