TikTok​​បញ្ជូន​​សំណើ​មួយ​​ទៅឲ្យ​អាមេរិក​​ដោះស្រាយ​​ការព្រួយបារម្ភ​​ពី​បញ្ហា​សន្ដិសុខ​

15-09-2020 5:07 pm 356

TikTok​ដែលជា​កម្មវិធី​ចែករំលែក​វីដេអូ​ខ្លីៗ បន្ទាប់ពី​មាន​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​ជាមួយ​សហរដ្ឋអាមេរិក​រួចមក កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់ថា​ខ្លួន​បាន​ដាក់សំណើ​មួយ​ទៅ​រដ្ឋបាល​អាមេរិក​រួចហើយ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ពី​បញ្ហា​សន្ដិសុខ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ TikTok​បង្ហាញ​ការ​ជឿជាក់ថា​នឹង​អាច​ដោះស្រាយ​ពី​ការព្រួយបារម្ភ​ទាក់ទង​បញ្ហា​សន្ដិសុខ​ជាតិ ដែល​អាមេរិក​បានលើកឡើង​កន្លងមក ហើយ​តាមរយៈ​ជំហាន​នេះ​នឹង​អាចជួយ​ឲ្យ​ក្រុមហ៊ុន​បន្ដ​ប្រតិ​បត្ដិកា​រ​ក្នុង​ពេលអនាគត​។​

​សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា សំណើ​ដែល​ដាក់​ទៅនឹង​អាចឲ្យ​កម្មវិធី​TikTok​បន្ដ​គាំទ្រ​ដល់​សហគមន៍​អ្នកប្រើប្រាស់​ចំនួន​១០០​លាន​នាក់​នៅ​អាមេរិក ដែល​ស្រឡាញ់​ចូលចិត្ដ​កម្មវិធី​នេះ​សម្រាប់​ការផ្សារភ្ជាប់​ទំនា​ក់​ទំនង​និង​ការកម្សាន្ដ​។ ម្យ៉ាងវិញទៀត​ក៏​អាច​បន្ដ​ជួយ​គាំទ្រ​ដល់​មនុស្ស​រាប់ពាន់នាក់​នៅក្នុង​អាជីវកម្ម​ខ្នាតតូច ដែល​ពឹងផ្អែក​លើ​កម្មវិធី​TikTok​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគេ និង​កសាង​អាជីព​មួយ​ដ៏​ល្អ​ផងដែរ​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​កុំព្យូទ័រ​អាមេរិក​Oracle ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ​California បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទដែរថា បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ByteDance​ជា​មេ​របស់​TikTok​រួចហើយ ដើម្បី​ក្លាយជា​ដៃគូ​អាច​ទុកចិត្ដបាន​របស់​អាមេរិក​ចុងក្រោ​យ​។ Oracle​គឺជា​ក្រុមហ៊ុន​មួយ​របស់​អាមេរិក​ក្រៅពី​Microsoft ដែល​បាន​ចរចា​ទិញ​កម្មវិធី​TikTok​មក​ធ្វើជា​កម្មសិទ្ធិ​។ ប៉ុន្ដែ​ក្រុមហ៊ុន​ByteDance​បានប្រកាស​ហើយ​ថា មិន​លក់​កម្មវិធី​TikTok​ឲ្យទៅ​Microsoft​ឡើយ​។​

​ក្រុមហ៊ុន​Oracle​ដែលមាន​កំណត់ត្រា​៤០​ឆ្នាំ​ក្នុង​ការផ្ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ប្រកបដោយ​សុវត្ថិភាព បាន​និយាយថា​ខ្លួន​គឺជា​ផ្នែក​មួយ​នៃ​សំណើ​ដែល​ByteDance​បានដាក់​ទៅ​រតនាគារ​អាមេរិក​កាលពី​ចុង​សប្ដាហ៍​មុន​។ សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ទាំងពីរ ចេញ​បន្ទាប់ពី​ការកត់សម្គាល់​របស់​រដ្ឋមន្ដ្រី​រតនា​គារ​អាមេរិក​លោក​Steven Mnuchin ថា​រតនាគារ​ពិតជា​បានទទួល​សំណើ​មួយ​មែន ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​Oracle​ជា​ដៃគូ​បច្ចេកវិទ្យា​គួរឲ្យ​ទុកចិត្ដបាន​ផងដែរ​។ តែ​យ៉ាងណាមិញ​ពុំមាន​ការបញ្ជាក់​លម្អិត​ពី​អត្ថន័យ​នៃ​សំណើ​ដែល​បានដាក់​ទៅ​រតនាគារ​អា​មេរិក​ឡើយ​។​

​គួរ​ជម្រាបជូន​ថា ការដេញថ្លៃ​ទិញ​កម្មវិធី​TikTok​ធ្វើឡើង​ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានចេញ​បទបញ្ជា​តម្រូវឲ្យ​ក្រុមហ៊ុន​ByteDance លក់​កម្មវិធី​ដ៏​ល្បីល្បាញ​មួយ​នេះ​មកឲ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ​TikTok​នឹងត្រូវ​បិទ​លែង​ឲ្យធ្វើ​ប្រតិបត្តិ​ការនៅ​អាមេរិក​តែម្តង​។ ក្រៅពី​គំរាម​បែបនេះ លោក​ត្រាំ​បាន​ទុកពេល​ឲ្យ​ក្រុមហ៊ុន​ByteDance​ចរចា​លក់​កម្មវិធី​TikTok​ឲ្យ​ក្រុមហ៊ុនអាមេរិក ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​នៅត្រឹមថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​។ មូលហេតុ​ដោយសារ​បារម្ភ​ថា ចិន​ប្រើប្រាស់​កម្មវិធី​TikTok​ដើម្បី​ប្រមូលយក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក ខណៈ​មតិ​ខ្លះ​លើកឡើងថា​កម្មវិធី​TikTok​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ចាប់តាំងពី​ពេលនោះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ពីរ​គឺ​Microsoft និង Oracle បាននាំគ្នា​ដេញថ្លៃ​ទិញ​កម្មវិធី TikTok​ពី​ក្រុមហ៊ុន​ចិន ByteDance៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  អាមេរិកចិនTikTok

ព័ត៌មានផ្សេងទៀត