មន្ទីរ​រ៉ែ​ខេត្តមណ្ឌលគិរី​បដិសេធ​ករណី​ជនជាតិ​វៀតណាម​ជីក​យក​រ៉ែ​ត្បូងថ្ម​នៅ​មណ្ឌលគិរី​

15-09-2020 4:01 pm 1781

​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី បាន​ចេញ​លិខិត​បដិសេធ​មួយ ជុំវិញ​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​សង្គម​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា​ថា «​ធនធានធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ប្រឈម​នឹង​ការបាត់បង់​» ដោយ​បាន​បញ្ជាក់ថា ការចុះផ្សាយ​នេះ​គឺជា​ការ​ប្រឌិត ដើម្បី​បំពុលសង្គម​។​

​ចំពោះ​ខ្លឹមសារ​នៅក្នុង​អត្ថបទ​ព័ត៌មាន​ខាងលើ​នេះ​គឺ បាន​រៀបរាប់​ទាក់ទង​ទៅនឹង​ការកាប់បំផ្លាញ​ព្រៃឈើ ក៏ដូចជា​ធនធានធម្មជាតិ​នៅ​ក្រោម​ដី ដែល​រួមមាន​៖​រ៉ែ​មាស ត្បូងថ្ម ដែល​មាន​តម្លៃ​។​មួយវិញទៀត នៅក្នុង​អត្ថបទ ក៏​បាន​រៀបរាប់​ទាក់ទង​ទៅនឹង​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព និង​វីដេអូ មួយចំនួន​លើ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក​របស់​ខ្លួន ដែល​បាន​ឆែក​អ៊ី​ន នៅ​មណ្ឌលគិរី និង​សរសេរ​រៀបរាប់ថា «​ដំណើរ​ឆ្ពោះ​ទៅរក​ត្បូង​ស្អាតៗ ជីវិត​មិន​មែន​ជាក្តី​សុបិ​ន្តទេ ហើយ​វា​មិន​សាមញ្ញ ងាយស្រួល​ឡើយ​»​។​​បន្ថែម​ពីលើ​នេះ​នៅក្នុង​រូបភាព​នោះ ក៏​បាន​បង្ហាញ​ពី​សកម្មភាព​កម្មករ រួម​ទាំង​គ្រឿងចក្រ​ជាច្រើន​កំពុងតែ​ស្វែងរក​រ៉ែ​ត្បូងថ្ម​ដែល​មាន​តម្លៃ ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម ហើយ​បុរស​ជនជាតិ​វៀតណាម​នោះ ក៏​បាន​បង្ហាញ​ពី​រូបភាព​រ៉ែ​ត្បូងថ្ម ដ៏​ស្រស់ស្អាត​មួយចំនួន​ធំ​ផង​ដែរ​។

​​ក្រោយ​ការចុះផ្សាយ​នេះ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី ក៏​បាន​បដិសេធ និង​សូម​បញ្ជាក់​ប្រាប់​ដល់​សាធារណជន​តាមរយៈ​លិខិត​របស់​ខ្លួន​ថា ចំពោះ​ការជីក​កកាយ​រ៉ែ​ត្បូងថ្ម ដែល​បាន​បង្ហាញ​នៅក្នុង​រូបភាព​អត្ថបទ​ខាងលើ​នោះ មិនមែន​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​ឡើយ ដូចនេះ​សុំ​កុំ​មាន​ការភ័ន្តច្រឡំ ហើយ​រាល់​ខ្លឹមសារ​ដែល​ចុះផ្សាយ គឺ​មាន​ចរិត​លក្ខណៈ​មួលបង្កាច់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន ក្រសួង មន្ទីរ​វិស័យ​ជំនាញ​គ្រប់គ្រង​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​មណ្ឌលគិរី​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ក្រោយ​មាន​ការចុះផ្សាយ​ដូចនេះ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី ក៏​បាន​អំពាវនាវ ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជួយ​ស្វែងរក​ជន​ដែល​មាន​លក្ខណៈ​បំពុលសង្គម​នេះ យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕(​ដោយ​៖​ថា ចាន់​ធី​)


ព័ត៌មានផ្សេងទៀត