ក្រុមការងារយន្ដការត្រីភាគីបូកជួបពិភាក្សាគ្នាលើកទី២ ទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ

15-09-2020 2:00 pm 153

លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារយន្ដការត្រីភាគីបូកលើកទី២ ដើម្បីជជែកពិភាក្សាបន្តទៅលើការធ្វើវិសោ ធនកម្មច្បាប់ស្តីពីការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គោលបំណងនៃការបន្តកិច្ចពិភាក្សានេះ សំដៅសម្រេចឲ្យបាននូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមាន ដើម្បីអនុម័តច្បាប់នេះឲ្យបានមុនដំណាច់ឆ្នាំ២០២០។ 

លោកអ៊ិត សំហេង បានថ្លែងថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារឲ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។ 

ផ្អែកលើលទ្ធផលនៃសិក្ខាសាលានេះ ក្រុមការងារយន្ដការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រូវបានបង្កើតឡើង និងបានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងបឋមនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់។ 

ផ្អែកលើលទ្ធផលនេះ លេខាធិការដ្ឋានគណៈកម្មការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំនូវសេចក្តីព្រាងច្បាប់ដំបូង ដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាថ្ងៃនេះ ដោយបានបញ្ជូនទៅអង្គការអន្តរជាតិខាងការងារ ដើម្បីពិនិត្យផ្តល់យោបល់។ ដើម្បីជំរុញឲ្យកិច្ចប្រជុំនាថ្ងៃនេះទទួលបានូវលទ្ធផលដូចការរំពឹងទុកនោះ លោករដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ជូនអង្គប្រជុំសាជាថ្មីថា៖ ទី១. ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់ គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរណ៍បែបជូនដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ចំណុចនៃវិសោធនកម្មនេះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេ ដោយហេតុថាចំណុចនេះអនុវត្តចំពោះតែកម្មករនិយោជិតដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ។ សហគ្រាសដែលនឹងដំណើរការ២៤ម៉ោង ត្រូវតែផ្តល់ជូនកម្មករនិយោជិតធ្វើការងារពេលយប់ជាប្រចាំ នូវអត្ថប្រយោជន៍បន្ថែម ដែលជាលក្ខខណ្ឌអប្បបរមា និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ចំពោះប្រភេទកម្មករនិយោជិតនេះ ដូចដែលអនុសញ្ញាអន្តរជាតិខាងការងារលេខ១៧១ ស្តីពីការងារពេលយប់បានកំណត់។ 

ទី២.ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ គឺមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិខាងការងារនោះទេ។ ការវិសោធនកម្មនេះមានគោលបំណងជំរុញផលិតភាពការងារនិងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ក្នុងការសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជានៅតែជាប្រទេសមួយ ដែលមានម៉ោងការងារតិចជាងបណ្តាប្រទេសនៅក្នុងតំបន់។ 

ទី៣. ការពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល គឺជាការចូលរួមពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ដោយបង្កើតជាជម្រើសដល់ភាគីវិវាទក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទការងារ ដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ ការកែសម្រួលនេះ គឺស្របទៅនឹងគោលការណ៍ជាសកលក្នុងការធ្វើយ៉ាងណាឲ្យគូភាគីវិវាទឆាប់ទទួលបានយុត្តិធម៌។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនាថ្ងៃនេះក្រសួងនឹងបន្តនីតិវិធីជាធរមាន ដោយបញ្ចូនសេចក្តីព្រាងច្បាប់នេះឆ្លងកិច្ចប្រជុំអន្តរក្រសួង ក្នុងគោលបំណងទទួលបានការអនុម័តច្បាប់នេះ ឲ្យបានឆាប់ឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ៕ ដោយ៖ឃួន សុភ័ក្រ 

 

 

 

 

ព័ត៌មានផ្សេងទៀត