លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីក្រុមព្រះសង្ឃចំនួន ៤៦អង្គនាក់ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានអាការៈក្តៅខ្លួនលើសពី ៣៧,៥អង្សារសេ រួមទាំងអាការៈក្អក និងហៀរសំបោរ មិនមែនជាករណីជំងឺកូវីដ-១៩នោះទេ ពោលគឺជាករណីជំងឺគ្រុនផ្ដាសាយធំ។ លោកស្រីអ្នកនាំពាក្យបញ្ជាក់យ៉ាងដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០។
ការបញ្ជាក់របស់លោកស្រីឱ វណ្ណឌីន ធ្វើឡើងបន្ទាប់ពី ក្រុមគ្រូពេទ្យខេត្តបាត់ដំបងក៏បានយកវត្ថុសំណាកព្រះសង្ឃចំនួន ២១អង្គនាក់ ផ្ញើរទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី១៤កញ្ញា។ ជាលទ្ធផលបានបង្ហាញថាមិនមានវីរុសកូវីដ-១៩ទេ តែជាករណីជំងឺគ្រុនផ្តាសាយធំ។ ជាមួយគ្នានោះមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានធ្វើការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណៈគ្រប់គ្រងសាលាពុទ្ធិកៈនៅទីនោះរួចហើយ ដោយបច្ចុប្បន្នស្ថានភាពសុខភាពព្រះសង្ឃទាំង៤៦អង្គ មានការវិវត្តទៅរកភាពល្អប្រសើរវិញហើយ៕
ដោយ៖ យឺន សីហា