វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ចោទប្រកាន់​​ចារកម្ម​អាមេរិក​ម្នាក់​​ពីបទ​ប្រព្រឹត្ដ​​អំពើ​ភេរវកម្ម​

15-09-2020 11:00 am 117
​ប្រធាន​រដ្ឋអាជ្ញាវេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Tarek Saab

​ប្រធាន​រដ្ឋអាជ្ញាវេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Tarek Saab​កាលពី​ថ្ងៃ​ចន្ទ បានប្រកាស​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ដ​អំពើ​ភេរវកម្ម​និង​ការជួញ​ដូរអាវុធ ប្រឆាំងនឹង​ចារកម្ម​អាមេរិក​ម្នាក់​ដែល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចាប់ខ្លួនបាន​កាលពី​សប្ដាហ៍​មុន​។ លោក​Saab​បាន​និយាយថា ជនជាតិ​អាមេរិក​ឈ្មោះ​Matthew John Heath បានរៀបចំ​ផែនការ​វាយប្រហារ​ឧស្សាហកម្ម​ប្រេង​និង​ប្រព័ន្ធ​អគ្គិសនី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ គួរ​ជម្រាបជូន​ថា​ប្រទេស​ជា​សមាជិក​អង្គការ​ប្រេង​OPEC​មួយ​នេះ ដែល​ជាប់គាំង​នៅក្នុង​វិបត្ដិ​សេដ្ឋកិច្ច​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្នកំពុង​ជួបប្រទះ​បញ្ហា​ខ្វះខាត​ប្រេង​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ទិន្នផល​ពី​រោងចក្រ​ចម្រាញ់​ប្រេង ក៏ដូចជា​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​

​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោក​Nicolas Maduro​កាលពី​សប្ដាហ៍​មុន​បានប្រកាសថា បាន​ចាប់ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់ ចោទថា​ជា​ចារកម្ម​របស់​អាមេរិក​លួច​ស៊ើបការណ៍​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ បុរស​រូបនោះ​មាន​អាវុធ​និង​មាន​ប្រាក់​យ៉ាងច្រើន​ផងដែរ​។ ប្រធាន​រដ្ឋអាជ្ញាវេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បញ្ជាក់ថា បុរស​ជនជាតិ​អាមេរិក​មិនបាន​កាន់​លិខិតឆ្លងដែន​ទេ ហើយ​បាន​ចូលមក​តាម​ច្រកព្រំដែន​ប្រទេស​កូឡុំប៊ី​។ ប៉ុន្ដែ​អាជ្ញាធរ​បាន​រកឃើញ​ឯកសារ​លិខិតឆ្លងដែន​ថតចម្លង​មួយ ដែល​លាក់​នៅក្នុង​ស្បែកជើង​របស់លោក​។ ជុំវិញ​ការប្រកាស​ចោទប្រកាន់​របស់វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទៅលើ​បុរស​ជនជាតិ​អាមេរិក​ខាងលើ នៅ​ពុំទាន់​មាន​ការលើកឡើង​យ៉ាងណា​ពី​ក្រសួងការបរទេស​អាមេរិក​ទេ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត