បើតាមការលើកឡើងពីមន្ដ្រីសុខាភិបាលជាន់ខ្ពស់មួយរូបរបស់ចិន ពលរដ្ឋនៅក្នុងប្រទេសចិនពុំចាំបាច់ត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់គ្នានោះទេ ខណៈដែលទីក្រុងប៉េកាំងកំពុងសម្លឹងពីអាទិភាពសម្រាប់អ្នកនៅជួរមុខ និងអ្នកដែលប្រឈមហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩។ លោកGao Fuប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន បាននិយាយក្នុងកិច្ចប្រជុំស្ដីពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ក្នុងពេលថ្មីៗនេះថា ចាប់តាំងពីប្រទេសចិនផ្ទុះជំងឺកូវីដ-១៩លើកដំបូងក្នុងទីក្រុងវូហាន ចិនបានរស់រានពីឥទ្ធិពលអាក្រក់នៃកូវីដ-១៩ជាច្រើនលើកហើយ។
ការសួរដេញដោលពីការផ្ដល់វ៉ាក់សាំងជាសាធារណៈ គឺជាតុល្យភាពមួយថ្លឹងថ្លែងពីហានិភ័យនិងគុណប្រយោជន៍ ដោយវាពាក់ព័ន្ធនឹងតម្លៃផងក៏ដូចជាផលអាក្រក់នៃវ៉ាក់សាំងផង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកGao។ លោកថាបច្ចុប្បន្នពុំទាន់ដល់ពេលចាំបាច់ឡើយ ក្នុងការផ្ដល់វ៉ាក់សាំងទ្រង់ទ្រាយធំ ប៉ុន្ដែត្រូវផ្ដល់អាទិភាពដល់អ្នកបំពេញការងារនៅជួរមុខ ដូចជាបុគ្គលិកសុខាភិបាល ពលរដ្ឋចិនដែលធ្វើការក្នុងតំបន់ប្រឈមការឆ្លងខ្ពស់នៅក្រៅប្រទេស ក៏ដូចជាអ្នកដែលបំពេញការងារក្នុងទីតាំងមានហានិភ័យខ្ពស់ដូចជាក្នុងភោជនីយដ្ឋាន សាលារៀន ឬផ្នែកសេវាកម្មសម្អាតជាដើម។
ចំពោះអ្វីដែលមន្ដ្រីសុខាភិបាលជាន់ខ្ពស់ចិនលើកឡើងដូច្នេះ ហាក់ផ្ទុយបន្ដិចពីគោលនយោបាយប្រយុទ្ធប្រឆាំងកូវីដ-១៩របស់ប្រទេសលោកខាងលិច។ សូម្បីតែប្រទេសអូស្ដ្រាលីក៏បានបង្ហាញពីផែនការផ្ដល់វ៉ាក់ប្រឆាំងកូវីដ-១៩ជាសាធារណៈដែរ នៅពេលរកឃើញវ៉ាក់សាំងដែលអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ។
ទោះបីជាយ៉ាងណាក៏ដោយចិនបានក្លាយជាប្រទេសដែលដើរតួនាទីសំខាន់បំផុតមួយ នៅក្នុងការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ចិនគឺជាអ្នកផលិតហើយក៏ជាអ្នកប្រើប្រាស់វ៉ាក់សាំងដ៏ធំបំផុតក្នុងពិភពលោក។ ចិនអាចផ្គត់ផ្គង់វ៉ាក់សាំងបានជាង១ពាន់លានដូស(doses)ក្នុងមួយឆ្នាំៗ ពីក្រុមហ៊ុនផលិតប្រមាណ៤០ទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មវ៉ាក់សាំងសម្រាប់មនុស្សឆ្នាំ២០១៨-២០២២។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណ៣០ប្រភេទកំពុងធ្វើតេស្ដលើមនុស្សទូទាំងពិភពលោក ៩ប្រភេទយកមកពីចិនដែលជាចំនួនដ៏ច្រើនបំផុតប្រៀបធៀបនឹងប្រទេសផ្សេង។ ក្នុងចំណោម៩ប្រភេទនោះទៀតសោត មាន៤ប្រភេទក្រុមហ៊ុនចិនជាអ្នកផលិតដោយផ្ទាល់តែម្ដង។ ពេលនេះកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ដលើមនុស្សដំណាក់កាលចុងក្រោយ ដើម្បីវាយតម្លៃនិងប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ។
សូមបញ្ជាក់ថា ប្រទេសចិនមានករណីឆ្លងថ្មីកូវីដ-១៩តិចតួចបំផុតក្នុងពេលនេះ ហើយភាគច្រើនគឺជាករណីនាំចូល។ បច្ចុប្បន្នចិនមានករណីឆ្លងសរុប៨៥,១៩៤នាក់ ស្លាប់៤,៦៣៤នាក់ ព្យាបាលជាសះស្បើយ៨០,៤១៥នាក់ និងកំពុងសម្រាកព្យាបាល១៤៥នាក់។ បើគិតពីចំនួនមនុស្សឆ្លងទូទាំងពិភពលោកវិញមានជិត៣០លាននាក់ ស្លាប់ជាង៩៣ម៉ឺននាក់ ជាសះស្បើយជាង២១លាននាក់ និងកំពុងសម្រាកព្យាបាលជាង៧លាននាក់៕(ដោយ៖ពេញ ផេង)