ទម្លាប់​អាក្រក់​ដែល​អាច​បំផ្លាញ​សរសៃឈាម​ឲ្យ​ខូច​ខ្ទេច​!

14-09-2020 5:39 pm 282

​សរសៃឈាម​មាន​សុខភាព​ល្អ អាចជួយ​ឲ្យ​អាយុ​វែង ក៏ប៉ុន្តែ​ប្រសិនបើ​សរសៃឈាម​ត្រូវបាន​រាំងស្ទះ​វិញ​នោះ វា​អាច​គំរាមកំហែង​ដល់​អាយុជីវិត​គ្រប់ពេលវេលា​។ ដូច្នេះការថែទាំ​សរសៃឈាម​ជា​រឿង​សំខាន់ ហើយ​ប្រសិនបើ​អ្នក​កំពុង​តែមាន​ទម្លាប់​មិនល្អ​ទាំង​៥​ចំណុច​ខាងក្រោម គួរ​ផ្លាស់ប្តូរ ព្រោះ​វា​អាចធ្វើឲ្យ​សរសៃឈាម​ខូចខាត​ធ្ងន់ធ្ងរ ប្រសិនបើ​អ្នក​បន្ត​ទម្លាប់​អាក្រក់​នេះ​រាល់ថ្ងៃ​។​

​បរិភោគ​សាច់​និង​ខ្លាញ់​ច្រើនពេក​

​ការ​ញ៉ាំ​សាច់ ព្រមទាំង​ខ្លាញ់​ច្រើនពេក សារធាតុ​ខ្លាញ់​និង​ប្រូតេអ៊ីន​ចាប់ផ្តើម​ប្រមូលផ្តុំ​នៅក្នុង​សរសៃឈាម​កាន់តែច្រើន ដែល​ធ្វើឲ្យ​ឈាម​រត់​ត្រូវ​កកស្ទះ ហើយ​ទីបំផុត​អ្នកនឹង​មាន​បញ្ហា​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ជក់បារី​

​ទម្លាប់​ជក់បារី ក៏មាន​ហានិភ័យ​ខ្ពស់​នៃ​ការខូចខាត​សរសៃឈាម ដែល​ពិបាក​នឹង​ជាសះស្បើយ ក្រោយពេល​ឈប់​ជក់​រយៈពេល​១០​ឆ្នាំ​។ សូម្បីតែ​ការជក់បារី​ក្នុង​កម្រិត​ទាប ក៏​អាច​ប្រឈម​នឹង​ជំងឺ​ក្រិន​សរសៃឈាម ទោះបីជា​អ្នក​ឈប់​ជក់បារី​១០​ឆ្នាំ​ហើយ​ក៏ដោយ រាងកាយ​នៅតែ​ធ្វើ​ការជួសជុល​ការខូចខាត ដោយសារតែ​ជាតិពុល​ពី​ផ្សែង​បារី​គរ​ច្រើនពេក​។​

​ទទួលទាន​អំបិល​និង​ស្ករ​ច្រើនពេក​

ការទទួល​ទានរ​បប​អាហារ​ប្រភេទ​នេះ​ច្រើនពេក អាច​បណ្តោល​ឲ្យមាន​រោគសញ្ញា​នៃ​ជំងឺ​សរសៃឈាម​នៅពេល​ចាស់​។ ជាពិសេស ជំងឺលើសឈាម ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​បេះដូង​។​

​ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ

​នៅពេលដែល​អ្នក​ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ ខ្លាញ់​កូលេ​ស្តេ​រ៉ុល នឹង​តោង​ជាប់​តាម​ជញ្ជាំង​សរសៃឈាម​បន្តិច​ម្តងៗ រហូត​បិទ​ជិត​ធ្វើឲ្យ​ឈាមត្រូវ​កកស្ទះ​។ នេះ​ជា​មូលហេតុ​មួយដែល​បណ្តោល​ឲ្យ​អ្នកកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​សរសៃឈាម​ដទៃទៀត​។​

​មិន​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យបាន​ត្រឹមត្រូវ​

​បាក់តេរី​នៅក្នុង​មាត់ អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះ​វា​អាច​ជ្រាបចូល​រាងកាយ និង​ប្រព័ន្ធ​ឈាម​រត់ ហើយ​បំផ្លាញ​សរសៃឈាម​។ ដូច្នេះ អ្នក​គួរតែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ មួយថ្ងៃ​យ៉ាងហោចណាស់​ពីរដង គឺ​ពេលព្រឹក​និង​ពេល​ល្ងាច​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច​៕

 ពាក្យគន្លឹះ  សុខភាពសរសៃឈាម

ព័ត៌មានផ្សេងទៀត