លោក​Yoshihide Suga​ឈ្នះ​ការបោះឆ្នោត ក្លាយជា​ប្រធាន​បក្ស​ថ្មី​ជំនួស​លោក​អាបេ​

14-09-2020 3:00 pm 236

​លោក​Yoshihide Suga ប្រមុខ​ខុ​ទ្ធ​ការល័យនាយ​ករដ្ឋមន្ត្រី​ជប៉ុន វ័យ​៧១​ឆ្នាំ ត្រូវបាន​ទទួល​ការគាំទ្រ​ជា​ប្រធាន​ថ្មី នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ស្នង​ដំណែង​ពី​លោក​ស៊ីន ហ្ស៊ូ​អាបេ បន្ទាប់ពី​គណបក្សកាន់អំណាច បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​។ លោក Yoshihide Suga ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៣៧៧ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ចំនួន​៥៣៤​។ លោក​Yoshihide Suga បាន​ប្រជែង​ឈ្នះ​បេក្ខជន​ពីររូប​ទៀត គឺ​លោក​ Kishida Fumio អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​លោក Shigeru Ishiba អតីត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​។​

​បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​នៅក្នុង​បក្ស​ហើយ លោក​Yoshihide Suga ត្រូវ​បន្ត​ស្វែងរក​ការ​គាំ​ទ្រាំ​នៅក្នុង​សភា​ទៀត ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី ជំនួស​លោក​ស៊ីន ហ្ស៊ូ​អាបេ​។ យ៉ាងណាក៏ដោយ លោក​Yoshihide Suga មានលទ្ធភាព​ខ្ពស់​នៅ​ក្នុងការ​ក្លាយជា​នាយ​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​រួចទៅហើយ ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម មាន​សំឡេង​ភាគច្រើន​នៅ​សភា ដូច្នេះ​អ្នក​ដែល​ទទួល​ជ័យជម្នះ​ក្នុង​បក្ស ប្រៀបដូចជា​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​សភា​អ៊ីចឹង​។ ការបោះឆ្នោត​នៅក្នុង​សភា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​។​

​លោក​Yoshihide Suga ដែលជា​កូន​កសិករ​ដាំ​ផ្លែ​ស្ត្រូ​ប័រី ក៏​ជា​មនុស្ស​ជំនិត​របស់លោក​ស៊ីន ហ្ស៊ូ​អាបេ​ផងដែរ ហើយ​បើ​លោក Yoshihide Suga ទទួល​ការគាំទ្រ​ជា​នាយករដ្ឋមន្ត្រី លោក​ទំនងជា​អនុវត្ត​គោលនយោបាយ​ចាស់​បន្ត​ពី​លោក​អាបេ ចាប់ពី​សប្តាហ៍​នេះ រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២១​។ ចំណែកឯ​គូប្រជែង​ពីររូប​ទៀត គឺ​លោក Kishida Fumio អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​លោក Shigeru Ishiba អតីត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​មិនអាច​ផ្តួល​លោក Suga​បាន​នោះ នៅមាន​ពេល​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ទូទៅ​ឆ្នាំ ២០២១​ខាងមុខ នៅពេលដែល​អាណត្តិ​បច្ចុប្បន្ន​បញ្ចប់​។​

​គួរ​ជម្រាបជូន​ថា លោក​ស៊ីន ហ្ស៊ូ​អាបេ​ដែល​កាន់តំ​ណែងនា​យក​រដ្ឋមន្ត្រី​យូរ​ជាងគេ​ក្នុងប្រទេស​ជប៉ុន បានប្រកាស​លាលែង​ពី​តំណែង​ដ៏​គួរឲ្យភ្ញាក់ផ្អើល នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០២០ ដោយសារតែ​មាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ គឺ​ជំងឺ​រលាក​ពោះវៀន​។ លោក​អាបេ​បាន​លាលែង​ពី​តំណែង​មុន​អាណត្តិ​និង​យ៉ាង​តក់ក្រហល់​បំផុត​៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  ជប៉ុនលោក​YoshihideSuga

ព័ត៌មានផ្សេងទៀត