ក្រុមហ៊ុន​ចិន​បដិសេធ​មិន​លក់​កម្មវិធី​TikTok​ឲ្យ​ក្រុមហ៊ុន​Microsoft

14-09-2020 1:37 pm 316

​នៅ​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០២០ ក្រុមហ៊ុន​Microsoft​របស់​អាមេរិក បានប្រកាសថា ក្រុមហ៊ុន ByteDance របស់​ចិន បាន​បដិសេធ​មិន​លក់​កម្មវិធី​TikTok​ឲ្យ​ខ្លួន​ឡើយ​។ ក្រុមហ៊ុន ByteDance ងាក​មក​ចាប់​ដៃគូ ជាមួយ​ក្រុមហ៊ុន​ផ្នែក​សូ​ហ្វ​វែរ​កុំព្យូទ័រគឺ​ក្រុមហ៊ុន Oracle​វិញ​។ យ៉ាងណា​ខាង​ក្រុមហ៊ុន ByteDance មិនទាន់​បញ្ជាក់​ជា​ផ្លូវ​ការណ៍ អំពី លទ្ធផល​នៃ​ការចរចា​ទិញ​-​លក់​កម្មវិធី​TikTok​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​នៅឡើយ​ទេ​។​

​ការដេញថ្លៃ​ទិញ​កម្មវិធី​TikTok ធ្វើឡើង​ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានចេញ​បទបញ្ជា​តម្រូវឲ្យ​ក្រុមហ៊ុន​ByteDance លក់​កម្មវិធី​ដ៏​ល្បីល្បាញ​មួយ​នេះ មកឲ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok​នឹងត្រូវ​បិទ​លែង​ឲ្យធ្វើ​ប្រតិបត្តិ​ការនៅ​អាមេរិក​តែម្តង​។ ក្រៅពី​គំរាម​បែបនេះ លោក​ត្រាំ​បាន​ទុកពេល​ឲ្យ​ក្រុមហ៊ុន ByteDance​ចរចា​លក់​កម្មវិធី TikTok​ឲ្យ​ក្រុមហ៊ុនអាមេរិក ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​កិច្ចព្រមព្រៀងនៅថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​។ មូលហេតុ​ដោយសារ​បារម្ភ​ថា ចិន​ប្រើប្រាស់​កម្មវិធី​TikTok ដើម្បី​ប្រមូលយក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក ខណៈ​មតិ​ខ្លះ​លើកឡើងថា កម្មវិធី​TikTok​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​ចាប់តាំងពី​ពេលនោះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ពីរ​គឺ Microsoft និង Oracle បាននាំគ្នា​ដេញថ្លៃ​ទិញ​កម្មវិធី TikTok ពី​ក្រុមហ៊ុន​ចិន ByteDance៕ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  អាមេរិកចិនTikTok

ព័ត៌មានផ្សេងទៀត