គណបក្សកាន់អំណាច​ជប៉ុន​ជ្រើសរើស​មេដឹកនាំ​ថ្មី​ជំនួស​លោក​ស៊ីន ហ្ស៊ូ​អាបេ​

14-09-2020 12:09 pm 499
លោកYoshihide Sugaនៅកណ្តាលនិងលោកKishida Fumioនៅខាងស្តាំចំណែកលោកShigeru Ishibaនៅខាងឆ្វេង

​បេក្ខជន​៣​នាក់​សុទ្ធសឹងតែ​ជា​អ្នកនយោបាយ​ជើងចាស់​នៅក្នុង​ជួរ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ហៅ​កាត់​ថា LDP បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​។ អ្នក​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ មានលទ្ធភាព​ខ្ពស់​នៅ​ក្នុងការ​ក្លាយជា​នាយ​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​តែម្តង​។ បេក្ខជន​ដែល​ឈ្នះ​ការបោះឆ្នោត​នៅក្នុង​បក្ស នឹងត្រូវ​ឲ្យគេ​បោះឆ្នោត​នៅក្នុង​សភា​ម្តងទៀត​។ ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម មាន​សំឡេង​ភាគច្រើន​នៅ​សភា ដូច្នេះ​អ្នក​ដែល​ទទួល​ជ័យជម្នះ​ក្នុង​បក្ស ប្រៀបដូចជា​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​សភា​អ៊ីចឹង​។ ការបោះឆ្នោត​នៅក្នុង​សភា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​។​

​បេក្ខជន​ដែល​គេ​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​នោះ គឺ​លោក Yoshihide Suga ប្រមុខ​ខុ​ទ្ធ​ការល័យនាយ​ករដ្ឋមន្ត្រី​ជប៉ុន​វ័យ​៧១​ឆ្នាំ​។ កូន​កសិករ​ដាំ​ផ្លែ​ស្ត្រូ​ប័រី​រូបនេះ ក៏​ជា​មនុស្ស​ជំនិត​របស់លោក​ស៊ីន ហ្ស៊ូ​អាបេ​ផងដែរ ហើយ​បើ​លោក Yoshihide Suga ទទួល​ការគាំទ្រ​ជា​នាយក​រដ្ឋមន្រ្តី លោក​ទំនងជា​អនុវត្ត​គោលនយោបាយ​ចាស់​បន្ត​ពី​លោក​អាបេ ចាប់ពី​សប្តាហ៍​នេះ រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២១​។ 

​ចំណែកឯ​គូប្រជែង​ពីររូប​ទៀត គឺ​លោក Kishida Fumio អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​លោក Shigeru Ishiba អតីត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​មើលទៅ​ហាក់ដូចជា​គ្មាន​ឱកាស​ផ្តួល​លោក Suga​បាន​នោះ  នៅមាន​ពេល​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ទូទៅ​ឆ្នាំ ២០២១​ខាងមុខ នៅពេលដែល​អាណត្តិ​បច្ចុប្បន្ន​បញ្ចប់​។​

​គួរ​ជម្រាបជូន​ថា លោក​ស៊ីន ហ្ស៊ូអាបេ​ដែល​កាន់តំ​ណែងនា​យក​រដ្ឋមន្ត្រី​យូរ​ជាងគេ​ក្នុងប្រទេស​ជប៉ុន បានប្រកាស​លាលែង​ពី​តំណែង​ដ៏​គួរឲ្យភ្ញាក់ផ្អើល នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០២០ ដោយសារតែ​មាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ គឺ​ជំងឺ​រលាក​ពោះវៀន​។ លោក​អាបេ​បាន​លាលែង​ពី​តំណែង​មុន​អាណត្តិ​និង​តក់ក្រហល់​បំផុត​៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  ជប៉ុន

ព័ត៌មានផ្សេងទៀត