អាមេរិកប្រកាសផ្ដល់ជំនួយ១៥៣លាន ទៅដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គ

14-09-2020 11:25 am 473

អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Stephen Biegun បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយជិត ១៥៣,៦លានដុល្លារសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ។ 

ថវិកាដែលអាមេរិកសន្យាផ្ដល់នេះ នឹងត្រូវចាត់ចែងទៅឲ្យគម្រោងសំខាន់មួយចំនួន ក្នុងនោះរួមមាន គម្រោងគ្រប់គ្រងនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនឹងទទួលបានលុយ ៥៥លានដុល្លារ។ ចំណែកគណៈកម្មការទន្លេមេគង្គ (MRC) នឹងទទួលបាន១,៨លានដុល្លារ ដែលនឹងយកទៅប្រើប្រាស់ដើម្បីពង្រឹងការចែករំលែកទិន្នន័យប្រភពទឹកក្នុងគោលដៅជួយសម្របសម្រួលដល់ការគ្រប់គ្រងគ្រោះធម្មជាតិក្នុងតំបន់មេគង្គ។ 

 ទន្លេមេគង្គ មានប្រវែង ៤៣៥០គីឡូម៉ែត្រ ដែលកំណាត់ក្នុងទឹកដីចិនត្រូវបានហៅថា ឡានឆាង នេះ បានហូរធ្លាក់ពីតំបន់ខ្ពស់រាបទីបេរបស់ចិន ឆ្លងកាត់មីយ៉ាន់ម៉ា ឡាវ និងថៃ ហើយបន្តហូរឆ្លងកាត់កម្ពុជា និងចុងក្រោយវៀតណាម។ តាមការអះអាងរបស់មន្ត្រីនិងអ្នកបរិស្ថាន ទំនប់វារីអគ្គិសនីដែលចិនសាងសង់នៅទន្លេមេគង្គផ្នែកខាងលើ ផ្ដល់អំណាចធំធេងដល់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការក្ដោបក្ដាប់លំហូរទឹក ដែលប្រជាជនប្រមាណ៦០លាននាក់ពឹងផ្អែកលើវាសម្រាប់ការធ្វើនេសាទនិងធ្វើស្រែចម្ការ។ 

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ត្រូវបានរៀបចំឡើងតាមអនឡាញ នាពេលថ្មីៗនេះ ដោយមានវៀតណាមជាប្រធាន។ ជំនួបនេះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ និងអគ្គលេខាធិការអាស៊ានផងដែរ៕(ដោយ៖ភិន សុភី) 

 ពាក្យគន្លឹះ  ទន្លេរមេគង្គអាមេរិក

ព័ត៌មានផ្សេងទៀត