មនុស្ស​ជាង​៣០​នាក់​​ហើយស្លាប់​ដោយសារ​​ភ្លើង​ឆេះ​ព្រៃ​​នៅ​អាមេរិក​

13-09-2020 4:32 pm 570

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​បានឲ្យដឹងថា មនុស្ស​ជាង​៣០​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​កំពុង​រាលដាល​នៅក្នុង​រដ្ឋ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។ ក្រៅពី​មនុស្ស​ស្លាប់មាន​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត​នៅក្នុង​រដ្ឋ​Oregon ហើយ​មន្ដ្រី​អាជ្ញាធរ​ម្នាក់​បាន​ព្រមាន​ថា រដ្ឋ​Oregon​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការស្លាប់​ដ៏​ធំ​មួយ​បង្ក​ពី​ភ្លើង​ឆេះ​ព្រៃ​នេះ​។​

​បច្ចុប្បន្ន​ភ្លើង​បាននិងកំពុង​ឆេះ​រាតត្បាត​នៅក្នុង​រដ្ឋ​Oregon, California និង Washington មាន​រយៈពេល​៣​សប្ដាហ៍​មកហើយ​។ ភ្លើង​ឆេះ​រាលដាល​ក្នុង​ទំហំ​ដី​រាប់សិប​ហិកតា និង​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​រាប់ពាន់​ខ្នង​។ មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​ទៅរក​កន្លែង​មាន​សុវត្ថិភាព​។ នៅក្នុង​រដ្ឋ​Oregon​មនុស្ស​៤​ម៉ឺន​នាក់​កំពុង​ស្ថិតក្រោម​បញ្ជា​ឲ្យ​ជម្លៀសខ្លួន​បន្ថែម ខណៈ​អាជ្ញាធរ​រាយការណ៍​ថា​មនុស្ស​១០​នាក់​បាន​ស្លាប់ ហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង​។ 

​នៅក្នុង​រដ្ឋ​Washington​ឯណោះ​វិញ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​អន្ដរាគមន៍​នៅ​តំបន់​ដែលមាន​ភ្លើង​ឆេះ​ខ្លាំង​១៥​ទីតាំង​ធំៗ​។ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​កាលពីដើម​សប្ដាហ៍​នេះ ខណៈដែល​ក្រុមគ្រួសារ​របស់គេ​ព្យាយាម​គេច​ចេញពី​អណ្ដាតភ្លើង​។ នៅក្នុង​រដ្ឋ​California​យ៉ាងហោចណាស់​មាន​មនុស្ស​២២​នាក់​ស្លាប់ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​តាំងពី​ថ្ងៃទី​១៥​សីហា​។ មនុស្ស​រាប់ពាន់នាក់​កំពុង​ស្ថិតក្រោម​ការជម្លៀស​ខ្លួន ខណៈ​ក្រុម​អ្នក​ពន្លត់ភ្លើង​ជាង​១៤,០០០​នាក់ កំពុង​អន្ដរាគមន៍​ទីតាំង​ភ្លើង​ឆេះ​២៨​ទីតាំង​ធំៗ​នៅក្នុង​រដ្ឋ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​និយាយថា នៅ​រដ្ឋ​California​ប្រសិនបើ​មាន​ការសម្អាត​ស្លឹកឈើ​ឬ​ដើមឈើ​ងាប់ៗ​នៅក្នុង​ព្រៃ​បានល្អ នោះ​ប្រាកដជា​អាច​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​បាន​។ លោក​បាន​និយាយ​កាលពី​ខែ​មុន​ថា មាន​ស្លឹកឈើ​និង​ដើមឈើ​ងាប់ៗ​ជាច្រើន​នៅ​ក្នុងព្រៃ ដូច្នេះ​អាជ្ញាធរ​នៅក្នុង​រដ្ឋ​California​ត្រូវតែ​សម្អាត​ឲ្យបាន​ស្អាត ព្រោះ​ស្លឹកឈើ​និង​ដើមឈើ​ងាប់ៗ​ទាំងនោះ​ងាយ​ឆេះ​ណាស់​។ លោក​សង្កត់ធ្ងន់ថា លោក​បាន​ណែនាំ​ពី​រឿងនេះ​បី​ឆ្នាំ​មកហើយ ប៉ុន្ដែ​អាជ្ញាធរ​នៅក្នុង​រដ្ឋ​មិនបាន​ស្ដាប់​នោះទេ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  អាមេរិកភ្លើងឆេះព្រៃ

ព័ត៌មានផ្សេងទៀត