៤​វិធី​ងាយៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ស្បែក​ជ្រីវជ្រួញ​

12-09-2020 5:59 pm 181

​ភាព​ចាស់​គឺជា​រឿង​ធម្មជាតិ ដែល​ពុំមាន​នរណាម្នាក់​គេចផុត​ឡើយ​។ ភាព​ចាស់​នេះ បង្ហាញ​តាមរយៈ​ស្នាម​ជ្រីវជ្រួញ​ដែល​លេចឡើង នៅពេល​អាយុ​កាន់តែច្រើន​។ ស្បែក​ផ្លាស់ប្តូរ​ទៅជា​ជ្រីវជ្រួញ​បែបនេះ ដោយសារតែ​ស្រទាប់​ស្បែក​ខាងលើ​ស្តើង​។ បើទោះបីជា​ភាព​ចាស់ ប្រែប្រួល​ទៅតាម​វ័យ​ក៏ដោយ ប៉ុន្តែ​មិនមែន​មានន័យថា មិនអាច​កាត់បន្ថយ​បានឡើយ​។ វិធី​ងាយៗ​ចំនួន​៤​ចំណុច​ខាងក្រោម អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ចាស់​ជ្រីវជ្រួញ ដែល​នៅ​ក្នុងនោះ​មានដូចជា​៖

​កញ្ចប់​មុខ​ផ្សំ​ពី​ទឹកដោះគោ​ជូរ​និង​រមៀត​

​យក​ទឹកដោះគោ​ជូរ​១​ស្លាបព្រា លាយ​ជាមួយ​ម្ស៉ៅ​រមៀត​បន្តិច​កូរ​ឲ្យ​សព្វ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​ឲ្យ​ស្ងួត​ប្រហែល​១០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​

​កញ្ចប់​មុខ​ផ្សំ​ពី​ទឹក​ក្រូចឆ្មារ​និង​ម្ស៉ៅ​ទឹកដោះគោ​

​យក​ទឹក​ក្រូចឆ្មារ​និង​ម្ស៉ៅ​ទឹកដោះគោ ក្នុង​បរិមាណ​ល្មម​គ្រប់គ្រាន់ លាយ​បញ្ចូល​គ្នា ហើយ​លាប​លើ​ផ្ទៃមុខ រក្សាទុក​១០​ទៅ​១៥​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​អនុវត្តតាម​រូបមន្ត​នេះ ប្រហែល​មួយខែ​នឹង​ឃើញ​លទ្ធផល​។ វិធី​នេះ​ស័ក្តិសម​បំផុត នៅក្នុង​ការគ្រប់គ្រង​ស្នាម​ជ្រួញ​ដែល​ផុស​ឡើង នៅលើ​ស្បែក​មុខ​ដែលមាន​សភាព​ស្ងួត​។​

​កញ្ចប់​មុខ​ផ្សំ​ពី​ប្រេងដូង​និង​ទឹក​ក្រូចឆ្មារ​

​យក​ប្រេងដូង​ដាក់​ក្នុង​ចាន​មួយ រួច​បន្ថែម​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា ហើយ​យក​ល្បាយ​នេះ​មក​ម៉ាស្សា​លើ​ផ្ទៃមុខ​។ វិធី​នេះ​ជួយ​ឲ្យ​ស្បែក​ទន់ និង​តឹង​ណែន គ្មាន​ស្នាម​ជ្រួញ​។​

​កញ្ចប់​មុខ​ផ្លែ​ប៉ោម​

​វិធី​មួយ​នេះ ចំណាយពេល​ច្រើនជាង​វិធី​ផ្សេងៗ​បន្តិច ដោយសារតែ​ត្រូវយក​ផ្លែ​ប៉ោម​ទៅ​ស្ងោរ រួច​ទុកឲ្យ​ត្រជាក់ ហើយ​យកតែ​សាច់​របស់​វា​មក​បំបែក​ឲ្យ​ម៉ដ្ឋ និង​បន្ថែម​ម្ស៉ៅ​ទឹកដោះគោ និង​ទឹកឃ្មុំ​ម្នាក់​មួយ​ស្លាបព្រា​ចូល​កូរ​ឲ្យ​សព្វ​។ បន្ទាប់មក​យក​ល្បាយ​នេះ លាប​លើ​ផ្ទៃមុខ​រក្សាទុក​១៥​នាទី ចាំ​លាងជម្រះ​ចេញ​។​

​កញ្ចប់​មុខ​ទាំង​បួន​នេះ អ្នក​ជ្រើសរើស​យក​មួយណា​ក៏បាន មក​អនុវត្ត​យ៉ាងហោចណាស់​៣​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​ឃើញ​លទ្ធផល​។ បន្ថែម​លើ​នេះ​អ្នក​គួរតែ លាប​ក្រែម​ថែរក្សា​សុខភាព​ស្បែក​នៅ​ពេលយប់​មុន​ចូល​គេង និង​ពេលព្រឹក​មុន​ចេញទៅ​ធ្វើការ ឬ​មុន​ចេញទៅ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ ផ្គួប​ផ្សំ​ជាមួយនឹង​ការ​ហាត់ប្រាណ និង​របប​អាហារ​ឲ្យបាន​ត្រឹមត្រូវ ក៏ដូចជា​ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់​។ ទម្លាប់​ទាំងនេះ​ក្រៅពី​ជួយ​ដល់​​សម្រស់​ហើយ វា​ក៏​ជួយដល់​សុខភាព​ផងដែរ​៕ ​

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់ស្បែកជ្រួញ

ព័ត៌មានផ្សេងទៀត