ចិន​ចង់ឃើញ​កម្មវិធី​TikTok​បិទ​នៅ​អាមេរិក ជាជាង​លក់​ដោយ​បង្ខំ​

12-09-2020 5:09 pm 309

​ប្រភព​គួរឲ្យ​ទុកចិត្ត​ចំនួន​៣​នាក់ និយាយ​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​ថា ចិន​មិន​ពេញចិត្ត​ឡើយ ចំពោះ​ការ​ចាប់បង្ខំ​ឲ្យ​លក់​កម្មវិធី​TikTok ដោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ហើយ​ចិន​ចង់ឃើញ​កម្មវិធី​TikTok​បិទ​នៅ​អាមេរិក ជាជាង​ការលក់​ដោយ​បង្ខំ​។ ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​បន្ថែមថា មន្ត្រី​ចិន​ជឿជាក់ថា​ការលក់​ដោយ​បង្ខំ​នឹង​ធ្វើឲ្យ​ទាំង​ក្រុមហ៊ុន​ByteDance ដែលជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​TikTok​និង​ចិន មើលទៅ​ដូចជា​បង្ហាញ​ភាពកម្សោយ​របស់ខ្លួន នៅ​ចំពោះមុខ​សម្ពាធ​ពី​ទីក្រុង​វ៉ាស៊ីនតោន​។ 

​បើតាម​ក្រុមហ៊ុន​ByteDance​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​ចិន​មិនដែល​ណែនាំ​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន បិទ​កម្មវិធី​TikTok​នៅ​អាមេរិក​ឬ​នៅ​ទីផ្សារ​ផ្សេង​ឡើយ​។ ចំណែក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន​លោក​Zhao Lijian​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា អាមេរិក​រំលោភបំពាន​លើ​បញ្ញត្តិ​សន្តិសុខ​ជាតិ ហើយ​ជំរុញ​ឲ្យ​អាមេរិក​បញ្ឈប់​ការគាបសង្កត់​លើ​ក្រុមហ៊ុន​បរទេស​។​

​នៅ​ខែសីហា​ឆ្នាំ​២០២០ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បានចេញ​បទបញ្ជា​ប្រតិបត្តិ​ចំនួន​២ ដែល​តម្រូវឲ្យ​ក្រុមហ៊ុន​ByteDance​លក់​កម្មវិធី​TikTok​ឲ្យមក​ក្រុមហ៊ុន​អាមេរិក និង​បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​នឹង​ការបិទ​កម្មវិធី​TikTok នៅ​អាមេរិក​តែម្តង​។ មូលហេតុ​ដោយសារ​បារម្ភ​ថា ចិន​ប្រើប្រាស់​កម្មវិធី​TikTok ដើម្បី​ប្រមូលយក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក ខណៈ​មតិ​ខ្លះ​លើកឡើងថា កម្មវិធី​TikTok​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ តែ​ក្រុមហ៊ុន​ByteDance​និយាយថា​ខ្លួន​នឹងមិន​ធ្វើតាម​សំណើ​ណាមួយ ដើម្បី​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ជាមួយ​អាជ្ញាធរ​ចិន​ឡើយ​។​

​លោក​ត្រាំ​បាន​កំណត់ពេល ឲ្យ​ក្រុមហ៊ុន​ByteDance​ចរចា​លក់​កម្មវិធី​TikTok​ឲ្យ​ក្រុមហ៊ុនអាមេរិក Microsoft ដែល​ត្រូវតែ​ចេញ​ជា​កិច្ចព្រមព្រៀង​នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ក្រុមហ៊ុន Microsoft ហ៊ាន​ចំណាយ​ប្រាក់​ប៉ុន្មាន ដើម្បី​ទិញ​កម្មវិធី​TikTok​នោះទេ​។ តែបើ​ផ្អែក​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័យ រាយការណ៍​កាលពីពេល​កន្លងមក យោងទៅតាម​ការវាយតម្លៃ​ដែល​រំពឹងទុក កម្មវិធី​មួយ​នេះ​មានតម្លៃ​លើសពី ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។ 

​គួរ​ជម្រាបជូន​ថា Tik Tok​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ByteDance​របស់​ចិន​នៅ​ឆ្នាំ​២០១២​។ កម្មវិធី​កម្សាន្ត​សប្បាយ​មួយ​នេះ បាន​ទាក់ទាញ​ការគាំទ្រ​យ៉ាងខ្លាំង ពី​មនុស្ស​គ្រប់​វ័យ​នៅ​ទូទាំង​ពិភពលោក​។  អ្នកប្រើប្រាស់​កម្មវិធី Tik Tok ភាគច្រើន​នៅ​អាមេរិក​និង​ឥណ្ឌា​។ Tik Tok មិនមែនជា​កម្មវិធី​ដំបូង​ដែល​អាមេរិក​ចាត់ទុកថា​គំរាមកំហែង​ដល់​ទិន្នន័យ​ឯកជន ជាពិសេស​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​យោធា​និង​អ្នក​ស៊ើបការណ៍​សម្ងាត់រ​បស់​អាមេរិក​នោះទេ ហើយក៏​មិនមែនជា​កម្មវិធី​ទីមួយ ដែល​អាមេរិក​ប៉ង​ទិញ​ពី​ចិន​ដែរ​។ តួយ៉ាង កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន​អាមេរិក បាន​ចរចា​ទិញ​កម្មវិធី​Grindr ជា​ប្រភេទ​កម្មវិធី​ទំនាក់ទំនង​សម្រាប់​បុរស​ភេទ​ទី​៣​ពី​ក្រុមហ៊ុន​Beijing Kunlun Tech​របស់​ចិន​ផងដែរ ក្នុងតម្លៃ​៨០៦​លាន​ដុល្លារ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកចិន​TikTok

ព័ត៌មានផ្សេងទៀត