មនុស្សកន្លះលាននាក់ត្រូវជម្លៀសចេញពីលំនៅឋានក្នុងរដ្ឋOregonសហរដ្ឋអាមេរិក ដោយសារតែភ្លើងឆេះព្រៃមិនធ្លាប់មាន បានកើតឡើងនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យកំពុងសង្គ្រោះជីវិតមនុស្ស ខណៈដែលពួកគេក៏កំពុងតតាំងនឹងភ្លើងដែលកំពុងឆេះព្រៃក្នុងទំហំជាង៣៦ម៉ឺនហិកតា។
តាមរបាយការណ៍ប៉ូលិសបញ្ជាក់ថា ក្នុងរយៈពេល៤៨ម៉ោងមានមនុស្ស៤នាក់បានស្លាប់ ដោយសារតែភ្លើងឆេះព្រៃនៅរដ្ឋCalifornia ខណៈមនុស្ស៤នាក់ទៀតស្លាប់នៅក្នុងរដ្ឋOregon និងក្មេងប្រុសអាយុមួយឆ្នាំម្នាក់ស្លាប់នៅរដ្ឋWashington។ មនុស្សរាប់ពាន់នាក់កំពុងប្រឈមនឹងការជម្លៀសចេញពីរដ្ឋទាំងបីនេះ។
សូមបញ្ជាក់ថា រដ្ឋOregonបានរងគ្រោះដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលកំពុងរាលដាលនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ។ ក្រុមពន្លត់ភ្លើងប្រមាណ៣ពាន់នាក់ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ ខណៈមន្ដ្រីជំនាញនិយាយថាត្រូវការកម្លាំងទ្វេដង ទើបអាចគ្រប់គ្រងភ្លើងកំពុងឆេះបាន៕(ដោយ៖ពេញ ផេង)