ឥណ្ឌា​-​ចិន​ព្រមព្រៀង​ដកទ័ព​ចេញពី​ព្រំដែន​ឲ្យបាន​លឿន​បំផុត​

11-09-2020 10:02 am 242

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​និង​ចិនលើកឡើងថា ស្ថានភាព​បច្ចុប្បន្ន​នៅតាម​តំបន់​ព្រំដែន មិនមាន​ផលប្រយោជន៍​សម្រាប់​ភាគី​ណាមួយ​ឡើយ​។ ដូច្នេះ ពួកគេ​បាន​ឯកភាពគ្នា​ថា កងទ័ព​នៅ​ព្រំដែន​នៃ​ភាគី​ទាំងសងខាង គួរតែ​បន្ត​ការសន្ទនា​គ្នា ដកថយ​ចេញពី​ព្រំដែន រក្សា​ចម្ងាយ​ឲ្យបាន​ត្រឹមត្រូវ និង​បន្ធូរបន្ថយ​ភាព​តានតឹង​។ នេះ​បើ​យោងទៅតាម​សេចក្តីថ្លែងការណ៍​រួម ដែល​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃទី​១១​ខែកញ្ញា​នេះ ក្រោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា លោក​S. Jaishankar និង​លោក​Wang Yi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ជួបចរចា​គ្នា​នៅ​ក្រុង​មូ​ស្គូ​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០២០​។​

​ជម្លោះព្រំដែន​ឥណ្ឌា​និង​ចិន​បានអូសបន្លាយ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ភាព​តានតឹង​នៅ​ព្រំដែន​បាន​កំរើក​ឡើងវិញ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ហើយ​ជម្លោះ​ធ្ងន់ធ្ងរ​ចុងក្រោយបង្អស់​គឺ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០ នៅពេល​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​វាយតប់​គ្នា ដោយ​ប្រើ​ដំបង​និង​ដុំថ្ម បណ្តាលឲ្យ​កងទ័ព​ឥណ្ឌា​២០​នាក់​ស្លាប់​នៅ​ព្រំដែន​។ ចាប់តាំងពី​ពេល​នោះមក ទាហាន​នៃ​ប្រទេស​ទាំងពីរ​ដែល​ឈរជើង​នៅ​ព្រំដែន ហាក់ដូចជា​ប្រុង​ជើងការ​ជាប់​ជាប្រចាំ​។ ថ្មីៗ​នេះ មាន​ការផ្ទុះអាវុធ​ដ៏​កម្រ​នៅ​ទីតាំង​គ្រប់គ្រង​ជួរមុខ ( Line of Actual Control ) ស្ថិតក្នុង​តំបន់​Ladakh ហើយ​ឥណ្ឌា​និង​ចិន​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​ថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​។​

​យ៉ាងណាក៏ដោយ ថ្នាក់លើ​ព្យាយាម​សម្របសម្រួល ដើម្បី​បញ្ចៀស​កុំឲ្យ​ជម្លោះ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ដូច​កាលពី​អតីតកាល​។ បើទោះបីជា​មេបញ្ជាការ​យោធា និង​អ្នកការទូត​នាំគ្នា​បើក​កិច្ច​ចរចា​ជា​ច្រើនលើកច្រើនសារ ចាប់តាំងពី​ខែកក្កដា​មក​ក្តី ក៏​ទទួលបាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ ការចរចា​កន្លងមក ហាក់ដូចជា​បានត្រឹមតែ​បន្ថយ​ភាព​តានតឹង​ឲ្យ​រួច​មួយគ្រាៗ មិនមែនជា​ដំណោះស្រាយ​រយៈពេល​វែង​ឡើយ។ ដរាបណា​វិវាទ​ដណ្តើម​ទឹកដី មិន​ត្រូវបាន​ដោះស្រាយ​ឲ្យ​ចប់សព្វគ្រប់​ ដោយ​មាន​កិច្ចព្រមព្រៀង ក្នុងការ​គូសបន្ទាត់​ព្រំដែន​ខណ្ឌ​ចែក​ប្រទេស​ឲ្យដាច់​ស្រឡះ​ទេ នោះ​គេច​មិន​ផុតពី​ការប៉ះទង្គិច​គ្នា​ឡើយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត