អ្នកជំងឺ​កូវី​ដ​-១៩​​នៅ​កម្ពុជា​​ត្រូវបាន​ព្យាបាល​​ជាសះស្បើយ​​ទាំងអស់​

11-09-2020 7:45 am 343

ក្រសួង​សុខាភិបាល បានប្រកាស​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា អ្នកជំងឺ​ចុងក្រោយ​ម្នាក់ ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ហើយ​។ នេះ​ជា​ការព្យាបាល​ជា​អស់​អ្នកជំងឺ​កូវី​ដ-​១៩​ជាថ្មី​ម្តងទៀត ខណៈដែល​ខែឧសភា កម្ពុជា ធ្លាប់​ព្យាបាល​អស់​អ្នកជំងឺ​រួច​ម្តងមកហើយ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា អ្នកជំងឺ​កូវី​ដ​-១៩ ចុងក្រោយ​គេ ដែល​ព្យាបាល​ជាសះស្បើយ​នេះ ជា​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​២ មិត្តភាព ខេត្ត​ព្រះសីហនុ​។ បុរស​រូបនេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស កូវី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូប​បញ្ចាក់​ថា រហូតមកដល់​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩ ចំនួន ២៧៤​នាក់​។ អ្នកជំងឺ​ទី​២៧៤ ដែល​ព្យាបាល​ជា​ចុងក្រោយ​គេ​នេះ គឺជា​ការព្យាបាល​ជាសះស្បើយ (១០០%) អស់​អ្នកជំងឺ​ជា​លើក​ទី​២​ហើយ​សម្រាប់​កម្ពុជា​។ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០ កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​ឱ្យ​ជាសះស្បើយ (១០០%) អស់​ម្តង​រួចមកហើយ​៕

 

 ពាក្យគន្លឹះ  កម្ពុជាកូវីដ១៩

ព័ត៌មានផ្សេងទៀត