​សកម្មជន​អតីត​គណបក្សប្រឆាំង​​នៅ​ខេត្តកំពត​​មួយរូប​ត្រូវ​ចាប់ខ្លួន​ឡើងវិញ​​

10-09-2020 4:49 pm 420

​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តកំពត អ្នកស្រី​ប៉ែន មុំ ឬ​ហៅ​ស្រី មុំ ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ ក្រោយពី​ចៅក្រម​ជំនុំជម្រះ​សា​សា​ដំបូង​ខេត្ត​កំពត បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង «​រួមគំនិត​ក្បត់​» ខណៈ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង បាន​ហៅ​ការចាប់ខ្លួន​នេះ ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​បន្ថែមទៀត មកលើ​អ្នក​ដែល​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​ផ្សេងៗ​។

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត ចុះ​ថ្ងៃទី​០៩ កញ្ញា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ សាលាដំបូង​ខេត្តកំពត បាន​បើកសវនាការ​ជំនុំជម្រះ​លើក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៩ ចុះ​ថ្ងៃទី​១៣ តុលា ឆ្នាំ​២០១៩ ដែលមាន​ជនជាប់ចោទ​ឈ្មោះ​ប៉ែន មុំ ហៅ​ស្រីមុំ ពីបទ «​រួមគំនិត​ក្បត់​» ដោយ​អង្គហេតុ​ទាក់ទង​ទៅនឹង​ការ​កៀរគរ និង​បំផុសប្រជាជន​ឱ្យ​ចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ និង​ចាត់តាំង​អនុវត្ត​ដោយ​លោក​សម រង្ស៊ី ក្នុង​ផែនការ​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា សាលាដំបូង​ខេត្តកំពត បានប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៧៧៤ (​ខ​) ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០ ជា​សាធារណៈ បានសម្រេច​ផ្ដន្ទាទោស ឈ្មោះ​ប៉ែន មុំ ដាក់ពន្ធនាគារ​កំណត់​០៥​ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់​» ប្រព្រឹត្ត​នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដាល ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពត តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០​។​

​ការចាប់​ឃុំខ្លួន​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​ប៉ែន មុំ​នេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​គង់ សុភា លើកឡើងថា នេះ​ជា​ចេតនា​គំរាមកំហែង ផ្នែក​នយោបាយ​បំបាក់ស្មារតី​ទប់ស្កាត់​កម្លាំង​មហាជន ក៏ដូចជា​សកម្មជន ដែល​ហ៊ាន​ងើប​ឡើង និង​ធ្វើ​សកម្មភាព​ណាមួយ ដោយ​លោក​បាន​អំពាវនាវ​ដល់ អង្គការ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មេត្តាជួយ​តាមដាន​ក្នុង​រឿងនេះ​។​

​យ៉ាងណាក៏ដោយ​គេ​សង្កេតឃើញថា សកម្មជន​នៅ​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់ថា «​រួមគំនិត​ក្បត់​» តែមាន​អ្នកខ្លះ​ត្រូវបាន​ដោះលែង​ទៅវិញ​។ ការចាប់ខ្លួន​ពួកគេ ក្រោយពី​ចូលរួម​គាំទ្រ​ទទួល​លោក​សម រង្ស៊ី ដែល​ប្រកាស​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត