អាមេរិក​លុបចោល​ទិដ្ឋាការ​ជាង​១​ពាន់​របស់​ជនជាតិ​ចិន​

10-09-2020 11:13 am 499

​ក្រសួងការបរទេស​អា​មេរិក​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០​ឲ្យដឹងថា អាមេរិក​បាន​ដកហូត​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន​ជាង​១,០០០​នាក់ តាម​ការប្រកាស​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៩​ឧសភា​។ ការសម្រេច​លុបចោល ដើម្បី​បញ្ឈប់​ចរន្ត​ចូលក្នុង​សហរដ្ឋអាមេរិក ដោយ​និស្សិត​ចិន​និង​អ្នកជំនាញ​ស្រាវជ្រាវ ដែល​ត្រូវបាន​ចាត់ទុក​ថា មាន​ហានិភ័យ​ចំពោះ​សន្តិសុខ​សង្គម​។​

​លោក​Chad Wolf ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​និយាយ​ក្នុង​សុន្ទរកថា ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រារាំង​នូវ​ទិដ្ឋាការ​របស់​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន​មួយចំនួន ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​យោធា​ចិន​។ ការរារាំង​នេះ ដោយហេតុ​ថា ដើម្បី​ការពារ​នូវ​លួច​ចូលលុកលុយ​ណាមួយ​លើ​សន្តិសុខ​ជាតិ​អាមេរិក​។​

​តាមរយៈ​សុន្ទរកថា​ដដែល​លោក​Wolf និយាយទៀតថា អាមេរិក​បាន​រង​នូវ​ការធ្វើ​អាជីវកម្ម​យ៉ាង​អយុត្តិធម៌ និង​ចារកម្ម​ឧស្សា​កម្ម​ពី​សំណាក់​ប្រទេស​ចិន រួម​ទាំង​ការ​លួច​ចូលលុកលុយ​ទិន្នន័យ​ស្រាវជ្រាវ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវី​ដ​-១៩​ផងដែរ​។ ម្យ៉ាងទៀត​អាមេរិក​កំពុងតែ​រារាំង​នូវ​ទំនិញ​ចិន ដែល​បានមកពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ លើ​ជនជាតិ​មូស្លីម​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង ដែល​រំលោភ​លើ​ការគោរព​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​។​

​ជា​ការឆ្លើយតប ប្រទេស​ចិន​កាលពី​ខែ​មិថុនា​បាន​ប្រឆាំង​ដាច់ខាត​រាល់​វិធានការណ៍​របស់​សហរដ្ឋអាមេរិក ក្នុងការ​រឹតត្បិត​និស្សិត​ចិន មិនឲ្យ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ មិនតែប៉ុណ្ណោះ​ចិន​បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​អ្វី​បន្ថែមទៀត​ដើម្បី​ផ្លាស់ប្តូរ​ការរារាំង​នេះ និង​ស្នើ​ឲ្យមាន​ការយោគយល់​គ្នា​ទៅវិញទៅមក​។ ចិន​មាន​និស្សិត​ប្រមាណ​៣៦​ម៉ឺន​នាក់ សិក្សា​នៅ​សហរដ្ឋអាមេរិក ដោយ​បាន​ផ្ដល់​ចំណូល​យ៉ាងច្រើន​ដល់​មហាវិទ្យាល័យ​នៅក្នុង​សហរដ្ឋអាមេរិក ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​ពី​សំណាក់​វីរុស​កូវី​ដ​-១៩​ក៏ដោយ​។​

​គួរកត់សំគាល់​ថា ទំនាក់ទំនង​រវាង​ចិន​អាមេរិក បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ដោយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ កំពុងតែ​ប្រឈមមុខ​គ្នា ពាក់ព័ន្ធ​នឹង​បញ្ហា​ជាច្រើន​រាប់​ចាប់តាំងពី​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ទីក្រុង​ហុងកុង និង​បញ្ហា​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ជាដើម​៕

ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  អាមេរិកចិនទិដ្ឋាការ

ព័ត៌មានផ្សេងទៀត