អាមេរិក​នឹង​ផ្អាក​នាំចេញ​ផលិតផល​សំខាន់ៗ​ពី​ស៊ីន​ជាំ​ង​ប្រទេស​ចិន​

09-09-2020 3:47 pm 472

​គយ​និង​ការពារ​ព្រំដែន​អាមេរិក (CBP) បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ដក​ការបញ្ជាទិញ ដែល​អនុញ្ញាតឲ្យ​មានការ​ផ្អិប​ទុករាល់​ការដឹកជញ្ជូ​ន​ទំនិញ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៅ​ស៊ីន​ជាំ​ង​ប្រទេស​ចិន​។ បម្រាម​នេះ​ផ្តោតទៅលើ​ការហាមឃាត់​នាំចេញ ផលិតផល​កប្បាស​និង​ប៉េង​ប៉ោះ ដែលជា​ទំនិញ​នាំចេញ​សំខាន់​របស់​ចិន​ស្ថិតក្នុង​តំបន់​ស៊ីន​ជាំ​ង​។ វិធានការ​នេះ​ធ្វើឡើង ដើម្បី​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ពលកម្ម​កុមារ​និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ស៊ីន​ជាំ​ង​។ 

​អាមេរិក​មាន​ហេតុផល​នៅក្នុង​ការធ្វើ​បែបនេះ ប៉ុន្តែ​ពុំទាន់​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា ពិតជា​មាន​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ នៅក្នុង​ការផលិត ផលិតផល​ធ្វើ​ពី​កប្បាស​និង​ប៉េងប៉ោះ​នៅឡើយ​ទេ ហើយ​អាមេរិក​នឹង​បន្តធ្វើ​ការស៊ើបអង្កេត​បន្ថែមទៀត ដើម្បី​បំពេញ​ចន្លោះប្រហោង​នេះ​។ បម្រាម​នេះ​អាច​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកលក់រាយ​នៅ​អាមេរិក អ្នក​ផលិត​សម្លៀកបំពាក់​និង​អ្នក​ផលិត​អាហារ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ ប្រទេស​ចិន​ផលិត​បាន​ប្រហែល​២០​ភាគរយ នៃ​កប្បាស​របស់​ពិភពលោក ដោយ​ភាគច្រើន​នៃ​កប្បាស​ទាំងនោះ មាន​ប្រភព​មកពី​ស៊ីន​ជាំ​ង​។​

​គួរ​ជម្រាបជូន​ថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ​បាននិងកំពុង​បង្កើន​សម្ពាធ​ទៅលើ​ប្រទេស​ចិន ចំពោះ​ការប្រព្រឹត្ត​លើ​ជនជាតិ​អ៊ីស្លាម​អ៊ុយ​ហ្គួ​រស់នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​។ ភាព​ល្បី​រន្ទឺ​រថា​ចិន​រិត​ត្បិត​សិទ្ធិសេរីភាព​ជនជាតិ​អ៊ីស្លាម​អ៊ុយ​ហ្គួ​ក្នុង​តំបន់​ស៊ីន​ជាំ​ង បាន​ផ្ទុះ​ជា​យូរណាស់​មកហើយ តែ​ចិន​ប្រកែក​មក​រហូត​ថា​មិនបាន​ធ្វើបាប​ពួកគេ​ឡើយ​។ អង្គការសហប្រជាជាតិ​និយាយថា មាន​របាយការណ៍​គួរឲ្យ​ទុកចិត្ត​បានថា ជន​មូស្លីម​១​លាន​នាក់​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ជំរំ​នានា​ក្នុង​តំបន់ ដែលជា​កន្លែង​ត្រូវ​អាជ្ញាធរ​ចាប់បង្ខំ​ឲ្យធ្វើ​ការ​។ ប៉ុន្តែ​ចិន​តែងតែ​បដិសេធ​ជារឿយៗ​ថា ជំរំ​នោះ​ជា​កន្លែង​អប់រំ​បណ្តុះបណ្តាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម​តែប៉ុណ្ណោះ​៕ 

 ពាក្យគន្លឹះ  អាមេរិក​ចិនស៊ីនជាំង

ព័ត៌មានផ្សេងទៀត