លោក​ត្រាំ​ប្រកាស​កាត់បន្ថយ​កងទ័ព​អាមេរិក​ចេញពី​អ៊ីរ៉ាក់ ក្រោយ​រង​ការរិះគន់​

09-09-2020 10:46 am 490

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ប្រាប់​រយ​ទ័​រថា លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ថា​នឹង​នឹង​កាត់បន្ថយ​ចំនួន​ទ័ព​អាមេរិក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ពុធ​ទី​៩ កញ្ញា ឆ្នាំ​២០២០​នេះ​។ មន្ត្រី​ដដែល​បាន​បន្តថា ការប្រកាស​នោះ​នឹង​ត្រូវ​អនុវត្ត​តាម​សេចក្តីប្រកាស​មួយ​ផ្សេងទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ស្តីពី​ការកាត់បន្ថយ​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ការសម្រេច​របស់​លោក​ត្រាំ ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណៈរដ្ឋ​នេះ ត្រូវ​រង​ការរិះគន់​ទាក់ទង​នឹង​ការស្លាប់​របស់​កងទ័ព​អាមេរិក​នៅក្នុង​ការធ្វើ​សង្គ្រាម​។ លោក​ត្រាំ​ហាក់​ចាញ់​ប្រជាប្រិយភាព​លោកចូ បៃ​ដិន ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃទី​៣​វិច្ឆិកា​ខាង​មុខ​។ មូលហេតុ​នៃ​ការប្រកាស​ពី​ការកាត់បន្ថយ​ទ័ព​របស់​លោក​ត្រាំ​ចេញពី​អ៊ីរ៉ាក់​នេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការសន្យា​ដែល​លោក​ថា លោក​នឹង​លុបចោល​វិញ​នូវ​ពាក្យ​ថា អាមេរិក​គ្មាន​ថ្ងៃ​បញ្ចប់សង្គ្រាម​។ 

​គួរបញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មាន​កងទ័ព​ប្រមាណ ៥,២០០​នាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ ឬ​ការ​លុកលុយ​ណាមួយ​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​សាសនា​អ៊ីស្លាម​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​អាមេរិក​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា អាមេរិក​នឹង​ដក​កងទ័ព​ប្រមាណ​១​ភាគ​៣​ចេញពី​អ៊ីរ៉ាក់​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។​

​ក្រៅពី​នេះ​សហរដ្ឋអាមេរិក​ក៏​មាន​កងទ័ព​ឈរជើង​នៅ​អា​ហ្វ​ហ្កានី​ស្ថាន​ប្រមាណ ៨,៦០០​នាក់​ដែរ ប៉ុន្តែ​លោក​ត្រាំ​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក​នឹង​កាត់បន្ថយ​ទ័ព​ចេញ​ពី​អា​ហ្វ​ហ្កានី​ស្ថាន ដោយ​ទុក​នៅ​ត្រឹមតែ​៤,០០០​នាក់​ប៉ុណ្ណោះ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត