ចិន​កំពុង​ត្រៀមខ្លួន​​ទៅរក​ទំនាក់ទំនង​​កក់ក្ដៅ​​ជាមួយ​​អាមេរិក​វិញ​?

08-09-2020 4:56 pm 1020

​មួយ​រយៈពេល​ចុងក្រោយ​នេះ​មន្ដ្រី​កំពូលៗ​របស់​ចិន​មួយចំនួន បានបង្ហាញ​សារ​ដែល​គេ​ចាត់ទុកជា​សញ្ញា​នៃ​ការ​បោះដៃ​ចង់ឲ្យមាន​ទំនាក់ទំន​ង​ល្អប្រសើរ​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក​។ មន្ដ្រី​ខ្លះ​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​អាមេរិក​ចិន និង​មន្ដ្រី​ខ្លះ​បាន​ច្រានចោល​ទស្សនៈ​នៃ​ការចាប់ផ្ដើម​សង្គ្រាមត្រជាក់​ថ្មី​។ តើ​នេះ​ជា​ឥរិយាបថ​ដែល​ចិន​ចង់បាន​ភាពកក់ក្ដៅ​ជាមួយ​អាមេរិក​វិញ​ឬ​យ៉ាងណា​?

​មួយ​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​ចិន​-​អាមេរិក​ធ្លាក់​ក្នុង​សភាព​កាន់តែ​យ៉ាប់យ៉ឺន ដោយសារតែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​។ ជម្លោះ​ថ្មី​សន្លាង​មួយ​គឺ​ជុំវិញ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវី​ដ​-១៩ ដែល​អាមេរិក​បាន​បន្ទោស​ទៅលើ​ការធ្វេសប្រហែស​របស់​ចិន និង​ថា​ចិន​ជា​អ្នក​ធ្វើឲ្យ​បែកធ្លាយ​ពី​មន្ទីរពិសោធន៍​នៅ​ក្រុង​វូ​ហាន​។ អាមេរិក​ធ្លាប់​ចោទ​ចិន​គប់គិត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក លាក់បាំង​តួលេខ​ពិតប្រាកដ​នៃ​ករណី​ឆ្លង និង​មិនបាន​ចាត់វិធានការ​ឲ្យទាន់​ពេល​ទប់ស្កាត់​ការឆ្លង​រា​ត្បាត​។ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ហៅ​កូវី​ដ​-១៩​ថា​ជា​វីរុស​ចិន លោក​ចង់​បានន័យថា​ជា​វីរុស​មាន​ប្រភពពី​ចិន​។​

​ក្រៅពី​វិបត្ដិកូ​វីដ​-១៩ មាន​ការព្រមាន​ពី​អាមេរិក​គឺ​គំរាម​បិទ​បណ្ដាញ​សង្គម​TikTok​និង​Wechat​នៅក្នុង​សហរដ្ឋអាមេរិក ក្រោម​ហេតុផល​ប៉ះពាល់​និង​គំរាមកំហែង​ដល់​សន្ដិសុខ​។ អាមេរិក​ក៏​ធ្លាប់​ធ្វើឲ្យ​ចិន​ប្រតិកម្ម​តាមរយៈ​រឿង​ផ្សេងទៀត ដូចជា​ការបញ្ជូន​រដ្ឋ​មន្ដ្រី​សុខាភិបាល​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្ដិសាស្ដ្រ​ទៅ​កាន់កោះ​តៃវ៉ាន់ និង​ការបញ្ជូន​នាវាចម្បាំង​ចូលទៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជាដើម​។ ទាំងនេះ​នៅ​មិន​រាប់បញ្ចូល​សង្គ្រាម​ពាណិជ្ជកម្ម ដែលជា​ជម្លោះ​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​រួច​ផង​។ ជារួម​មិន​ថា​ផ្នែក​នយោបាយ សង្គម សេដ្ឋកិច្ច អាមេរិក​-​ចិន​សុទ្ធតែ​មើលមុខ​គ្នា​មិន​ចំ ហើយ​ពេលខ្លះ​តឹង​ស​សៃករ​ដាក់គ្នា​។​

​ជុំវិញ​ស្ថានភាព​ឡើង​កម្ដៅ​ដូច្នេះ ថា​តើ​ភាគី​ទាំងពីរ​បានធ្វើ​អ្វីខ្លះ​ហើយ​ដើម្បី​សម្រួល​ស្ថានការណ៍​?

​បើតាម​បរិបទ​បច្ចុប្បន្ន​អាមេរិក​-​ចិន​ពិតជា​មិនអាច​ខ្វះ​គ្នា​បានឡើយ ទោះបី​មាន​វិវាទ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​។ អាមេរិក​-​ចិន​នៅតែ​ពាក់ព័ន្ធ​គ្នា​ក្នុង​វិស័យ​ធំៗ​ទាំងបី គឺ​នយោបាយ សង្គម សេដ្ឋកិច្ច​។ សង្គ្រាម​ពិតជា​មិនអាច​ផ្ទុះឡើង​ដាច់ខាត ទោះបី​លោក​ត្រាំ​ធ្លាប់​ប្រកាស​ចាត់វិធានការ​ក្ដៅ​ប្រឆាំង​ចិន​។ កន្លងមក​ទីប្រឹក្សា​សន្ដិសុខ​អាមេរិក​លោក​Robert O’Brien នាយក​FBI​លោក​Christopher Wray អគ្គ​រដ្ឋអាជ្ញា​លោក​William Barr និង​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Mike Pompeo ត្រូវបាន​គេ​ចាត់ទុកជា​សេនា​ទាំង​បួន​ទទួលបញ្ជា​ពី​លោក​ត្រាំ ទៅ​ទម្លាក់​ភាព​ក្រអឺតក្រទម​របស់​ចិន​។ ប៉ុន្ដែ​បើ​មើល​ឲ្យ​មែនទែនទៅ អាមេរិក​ក៏​នៅ​បើកភ្លើង​ខៀវ​ចាំ​ទទួល​ការចរចា​រក​ដំណោះស្រាយ​រួម ឲ្យតែ​ជា​ការចរចា​ដោយ​ស្មោះត្រង់​។​

​និយាយ​ពី​ចិន មានប្រតិកម្ម​ប្រឆាំង​អាមេរិក​មែនពិត ហើយ​ថា​អាមេរិក​ចោទប្រកាន់​ខ្លួន​ទាំង​គ្មាន​ហេតុផល ប៉ុន្ដែ​ចិន​ក៏​ព្យាយាម​សម្រុះសម្រួល​កុំឲ្យ​កើតរឿង​កាន់តែ​ធំ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​កាលពីដើម​ខែសីហា រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​Wang Yi​បាន​ច្រានចោល​ទាំងស្រុង​នូវ​ទស្សនៈ​នៃ​ការចាប់ផ្ដើម​សង្គ្រាមត្រជាក់​ថ្មី​។ លោក​បាន​ស្នើឲ្យ​បន្ធូបន្ថយ​ភាព​តានតឹង​តាមរយៈ​ការចរចា គឺ​ចរចា​នៅ​គ្រប់​កម្រិត គ្រប់​វិស័យ និង​គ្រប់ពេលវេលា​។ ពីរ​ថ្ងៃ​ក្រោយមក​ប្រធានការិយាល័យ​កិច្ចការបរទេស​នៃ​គណបក្ស​កុម្មុយនីស្ដ​ចិន លោក​Yang Jiechi បាន​ចេញផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា “​គោរព​ប្រវត្ដិសាស្ដ្រ មើលទៅ​អនាគត និង​ការពារ​សុវត្ថិភាព​ស្ថិរភាព​ទំនាក់ទំនង​ចិន​-​អាមេរិក​”​។ លោក​Yang​បាន​កោតសរសើរ​ពី​កេរ្ដិ៍ដំណែល​នៃ​ការផ្សារភ្ជាប់​រវាង​អាមេរិក​ជាមួយ​ចិន ដែល​ត្រូវបាន​ត្រួសត្រាយ​ដោយ​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក​Richard Nixon និង​បាន​អំពាវនាវ​ឲ្យមាន​កិច្ចសហប្រតិបត្ដិការ​ផ្ដល់​ផលប្រយោជន៍​ទៅវិ​ញ​ទៅមក​លើ​គ្រប់​វិស័យ​។ 

​ចំណែក​លោក​Wang Yi​បាន​កត់សម្គាល់ថា ប្រទេស​ចិន​មិនមែនជា​អតីត​សហភាពសូវៀត ហើយ​ចិន​ក៏​គ្មាន​បំណង​ចង់​ក្លាយជា​អាមេរិក​មួយទៀត​ដែរ​។ នេះ​ប្រហែលជា​គំនិត​ចង់​បង្ហាញថា​បក្ស​កុម្មុយនីស្ដ​ចិន មិន​ចង់​ធ្លាក់​ក្នុង​អន្ទាក់​នៃ​សង្គ្រាមត្រជាក់ ដូច​អាមេរិក​ធ្លាប់​ជួប​ជាមួយ​សហភាពសូវៀត​នោះទេ​។ មន្ដ្រីជាន់ខ្ពស់​ចិន​ទាំងពីរ​រូប​គឺ​Wang​និង​Yang បាន​គូសបញ្ជាក់​ពី​ពេលវេលា​ដ៏​ល្អ​កន្លងមក​នៃ​ទំនាក់ទំនង​អាមេរិក​-​ចិន ក្រោយ​លោក​Richard Nixon​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧២ ដើម្បី​រម្លឹក​ដល់​ភាគី​អាមេរិក​ថា​ប្រទេស​ទាំងពីរ​បាន​រួមរស់​ជាមួយគ្នា មិន​ថា​មាន​មនោគមវិជ្ជា​ខុសគ្នា​ក៏​អាច​ឆ្លងកាត់​បាន​។ នេះ​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការឆ្លើយតប​តាម​ទៅកាន់​សេនា​ទាំង​បួន​របស់​អាមេរិក​ផងដែរ​។ 

​សង្គ្រាមត្រជាក់ ចិន​ជឿជាក់ថា​អាមេរិក​មិនអាច​ធ្វើឡើង​តែម្នាក់ឯង​បានទេ ច្បាស់​ជា​មានការ​កៀរគរ​សម្ព័ន្ធមិត្ដ​ឲ្យចូល​រួម ដូច្នេះ​ចិន​ក៏​ចង់​ស្វែងរក​ការធានា​ថា​សម្ព័ន្ធមិត្ដ​អាមេរិកក្នុង​មាន​ប្រទេស​ធំៗ​ដូចជា អូស្ដ្រាលី ណូវែល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស និង​កាណាដា​ជាដើម គ្មាន​ចេតនា​ចង់​ចូលរួម​ក្នុង​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​អាមេរិក​ឡើយ​។ ចិន​ពិតជា​ចង់​កាត់បន្ថយ​លទ្ធភាព​នៃ​ការបង្កើត​កម្លាំង​ប្រឆាំង​ខ្លួន​ពី​សំណាក់​អាមេរិក​។ ការទប់ស្កាត់​របស់​ចិន​មួយទៀត​អាច​មើលឃើញ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ដ្រីការបរទេស​Wang Yi ទៅកាន់​ប្រទេស​៥​ក្នុង​តំបន់​អឺរ៉ុប​នាពេល​ថ្មីៗ​។  

​ជារួម​ដ្បិត​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​មិនបាន​ចេញមុខ​ប្រកាស​ដោយផ្ទាល់ សុំ​ចរចា​ឬ​រឹតចំណង​មិត្ដ​ភាពជា​មួយ​អាមេរិក​ឡើងវិញ ប៉ុន្ដែ​អ្វីដែល​មន្ដ្រី​កំពូលៗ​របស់​ចិន​បានធ្វើ សបញ្ជាក់​ហើយ​ថា​ចិន​ពិតជា​មិន​ចង់​បង្កហេតុ​នឹង​អាមេរិក​ទេ​។ ទង្វើ​ទាំងអស់នេះ​ក៏ដូចជា​ការបោះ​ដៃ​ទៅឲ្យ​អាមេរិក​ផងដែរ គ្រាន់តែ​ត្រូវការ​ពេលវេលា​ខ្លះ​សម្រាប់​សហរដ្ឋអាមេរិក ដើម្បីឲ្យ​ការចរចា​មាន​ប្រសិទ្ធភាព​ល្អជាង​បរាជ័យ​ម្ដង​ហើយ​ម្ដងទៀត​។ ប៉ុន្មាន​ខែ​ខាងមុខ​អាមេរិក​នឹងមាន​ការបោះឆ្នោត​ប្រធានាធិបតី ហើយ​ក្រោយពី​នោះ​ក៏​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​មហាអំណាច​ទាំងពីរ​ត្រូវ​ពួតដៃគ្នា​ដោះស្រាយ​វិបត្ដិ​សកល តួយ៉ាង​មាន​វិបត្ដិកូ​វីដ​-១៩ សង្គ្រាម​ពាណិជ្ជកម្ម វិបត្ដិ​បច្ចេកវិទ្យា​ជាដើម​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត