ឥណ្ឌា​-​ចិន​ចោទ​ដាក់គ្នា​រឿង​ផ្ទុះអាវុធ​នៅ​ព្រំដែន​

08-09-2020 4:00 pm 468

​ដំបូង​ឡើយ​ប្រទេស​ចិន​បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀងទ្វេភាគី និង​ការបាញ់​ព្រមាន​ទៅលើ​អាកាស ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​កងទ័ព​ចិន នៅតាម​ព្រំដែន​ដែលមាន​ជម្លោះ នា​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០២០​។ អ្នកនាំពាក្យ​កងទ័ព​ចិន​ប្រចាំ​ភូមិភាគ​ខាងលិច​លោក​Zhang Shuili និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា កងទ័ព​ឥណ្ឌា​បាន​បាញ់កាំភ្លើង​ដោយ​មិន​ខ្លាចញញើត ចំពោះ​វត្តមាន​ឆ្មាំ​ព្រំដែន​ចិន ដែល​បានមក​ដើម្បី​ចរចា ហើយ​អ្នកការពារ​ព្រំដែន​ចិន ត្រូវ​បង្ខំចិត្ត​ចាត់វិធានការ​ឆ្លើយតប ដើម្បី​ទាញ​ស្ថានការណ៍​ឲ្យមាន​ស្ថិរភាព​។​

​ភ្លាមៗ​ភាគី​ឥណ្ឌា​បានចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល​ការចោទប្រកាន់​នេះ និង​ថា​ភាគី​ចិន​ទេ​ដែលជា​អ្នកបាញ់​គំរាម​ទៅលើ​អាកាស​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ឥណ្ឌាបកស្រាយ​ថា នៅ​យប់​ថ្ងៃ​ចន្ទ កងទ័ព​រំដោះប្រជាជន​ចិន​(PLA) បាន​ព្យាយាម​ចូល​ក្បែរ​កន្លែង​ឈរជើង​របស់​កងទ័ព​ឥណ្ឌា នៅ​ទីតាំង​គ្រប់គ្រង​ជួរមុខ ( Line of Actual Control ) ស្ថិតក្នុង​តំបន់​Ladakh ហើយ​នៅពេល​កងទ័ព​ឥណ្ឌា​ហាមឃាត់ ស្រាប់តែ​កងទ័ព​ចិន​ទាញ​កាំភ្លើង​បាញ់​គំរាម​លើ​អាកាស​ពីរ​ទៅ​បី​គ្រាប់ ក្នុង​បំណង​បំផិតបំភ័យ​កងទ័ព​របស់ខ្លួន​។ ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០២០ ឥណ្ឌា​អះអាងថា​ក្នុងពេលនោះ កងទ័ព​ឥណ្ឌា​បាន​រក្សា​ការអត់ធ្មត់​ខ្ពស់បំផុត​។ ឥណ្ឌា​បដិសេធ​នូវ​ការ​ចោទថា កងទ័ព​ឥណ្ឌា​រំលោភបំពាន​លើ​តំបន់​គ្រប់គ្រង​ជួរមុខ ឬ​បាន​ប្រើ​មធ្យោបាយ​ឈ្លានពាន​ណាមួយ រួមទាំង​ការបាញ់​ដោយ​គ្រាប់កាំភ្លើង​ផងដែរ​។​

​ភាគី​ឥណ្ឌា​និង​ចិន​ត្រូវបាន​ចងភ្ជាប់​ដោយ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៦ រារាំង​មិន​ឲ្យមាន​ការប្រើប្រាស់​កាំភ្លើង​និង​គ្រឿង​ផ្ទុះ ក្នុង​ចម្ងាយ​២​គីឡូម៉ែត្រ នៃ​ខ្សែបន្ទាត់​គ្រប់គ្រង​ជួរមុខ (Line of Actual Control) ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ​។ 

​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ចិន​នៅ​ព្រំដែន​ដែលមាន​ជម្លោះ​បន្ត​កើនឡើង នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ បើទោះបីជា​មេបញ្ជាការ​យោធា និង​អ្នកការទូត​នាំគ្នា​បើក​កិច្ច​ចរចា​ជា​ច្រើនលើកច្រើនសា ចាប់តាំងពី​ខែកក្កដា​មក ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក៏ដោយ ប៉ុន្តែ​ទទួលបាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ ការសម្របសម្រួល​នៅ​ថ្នាក់លើ​ចេះតែ​បន្ត ប៉ុន្តែ​ពួក​ទាហាន​ដែល​ឈរជើង​នៅ​ព្រំដែន ហាក់ដូចជា​ប្រុង​ជើងការ​ជាប់​ជាប្រចាំ ជាពិសេស​ចាប់តាំងពី​មានការ​វាយតប់​គ្នា បណ្តាលឲ្យ​កងទ័ព​ឥណ្ឌា​២០​នាក់​ស្លាប់ នៅ​ព្រំដែន​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត