​មន្ត្រី​សិទ្ធិមនុស្ស​UN​​បង្ហាញ​កង្វល់​ចំពោះ​​ការចាប់ខ្លួន​សកម្មជន​បរិស្ថាន​ជាច្រើន​នាក់​​

08-09-2020 2:50 pm 296

​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​លោកស្រី​រ៉ូ​ណា ស្មី​ត បានបង្ហាញ​កង្វល់​របស់ខ្លួន ក្រោយពី​សកម្មជន​បរិ​ស្ថាន​ចំនួន​បី​រូប និង​អ្នកផ្សេង​ដទៃទៀត ត្រូវបាន​ចាប់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។

​ខ្ញុំ​មាន​កង្វល់​ចំពោះ​របាយការណ៍​ថ្មីៗ​នេះ​អំពី​ការចាប់ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​បី​រូប ដែល​ឥឡូវនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្កើត​ភាពវឹកវរ​នៅ​ក្នុងសង្គម​” តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​ជា​ការលើកឡើង​ដោយ​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ លោកស្រី​លើកឡើង​ទៀតថា បុគ្គល​មួយចំនួនទៀត រាប់ទាំង​ព្រះសង្ឃ​មួយអង្គ ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ជាមួយគ្នា​លោកស្រី​រ៉ូ​ណា ស្មី​ត បាន​អះអាងថា​លោកស្រី ក៏បាន​តាមដាន​យ៉ាង​ដិតដល់​នូវ​របាយការណ៍​ដែលថា អង្គការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ​ផ្សេងគ្នា ត្រូវបាន​គេ​ស្វែងរក ឬ​ជូនដំណឹង​អំពី​ការផ្អាក​មិនឲ្យ​ចូល​ទស្សនកិច្ច​នៅ​អង្គការ​ទាំងនោះ ដោយ​អាជ្ញាធរ​ចាប់តាំងពី​សប្តាហ៍​មុន​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​រូបនេះ បានលើកឡើង​ផងដែរថា សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ បង្កើត​សមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី ត្រូវបាន​ការពារ​ដោយ​និយាម និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​។ នៅ​ក្នុងនោះដែរ​លោកស្រី​ស្មី​ត បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ធានាថា​សិទ្ធិ​ទាំងនេះ ត្រូវបាន​គោរព និង​ការពារ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាចអនុវត្ត​សិទ្ធិ​ទាំងនេះ​។ លោកស្រី​បាន​ជំរុញ​ឱ្យ​បញ្ជូន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​ទៅ​តុលាការ ហើយ​ត្រូវគោរព​ឲ្យបាន​ពេញលេញ​នូវ​សិទ្ធិ​ទទួលបាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួកគេ​។ 

​លោកស្រី​រ៉ូ​ណា ស្មីត ក៏បាន​បញ្ជាក់ថា​លោកស្រី កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិតដល់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មការ​ធិ​ការសិ​ទ្ធិ​មនុស្ស​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់លោក​ស្រី​រ៉ូ​ណា ស្មី​ត មិនមែនជា​ការដាក់បន្ទុក ឬ​រិះគន់​មកលើ​រដ្ឋាភិបាល​នោះទេ ដោយ​លោកស្រី​គ្រាន់តែ​សម្ដែង​ការព្រួយបារម្ភ​តែប៉ុណ្ណោះ​។ លោក​ជិន ម៉ា​លីន ថែមទាំង​និយាយថា លោកស្រី​រ៉ូ​ណា ស្មី​ត គាំទ្រ​ចំណាត់ការ​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​ផងដែរ​………

​សំឡេង​៖

​សូមបញ្ជាក់ថា សកម្មជន​បរិស្ថាន​ចំនួន​បី​រូប រួមមាន លោក​ថុន រដ្ឋា​, កញ្ញា​ឡុង គន្ធា និង កញ្ញា​ភួន កែវ​រស្មី  ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្កើត​ភាពវឹកវរ​នៅ​ក្នុងសង្គម​” តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ក្រោយពី​ពួកគេ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​អំពី​ការ​លុប​បឹង​តា​មោក នៅ​ភាគ​ខាងជើង នៃ​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត