កម្ពុជា​មិន​អស់ចិត្ត​រឿង​អាមេរិក​ថា​មិន​សូវ​ប្រឹងប្រែង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​

07-09-2020 5:53 pm 552

​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្ហាញ​ការមិន​អស់ចិត្ត​ចំពោះ​ប្រទេស​អាមេរិក ដែល​បាន​ដាក់​ចំណាត់ថ្នាក់​លេខ​២​ដល់​កម្ពុជា ស្ថិតក្រោម​ការឃ្លាំមើល​រឿង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា ដែល​កំពុង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ​។ យ៉ាងណា​កម្ពុជា​បាន​កត់សម្គាល់​ថា ការចាត់​ចំណាត់ថ្នាក់​នេះ ធ្វើឡើង​ដោយ​ស្តាប់​តាមតែ​ពី​អ្នករាយការណ៍ មិន​បាន​ចុះ​ពិនិត្យ​តាមដាន​ដោយ​ផ្ទាល់​នោះ​ឡើយ​។ ដោយ​៖ សៅ វិសាល​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ បាន​បង្ហាញ​ពី​ភាព​មិន​អស់ចិត្ត​ចំពោះ​ការចាត់​ចំណាត់ថ្នាក់​របស់​អាមេរិក​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ អាមេរិក​បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​២​ដល់​កម្ពុជា ជា​ប្រទេស​ដែល​បាន​ប្រឹងប្រែង​តិចតួច​ក្នុង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​។​

​លោកស្រី​ជូ ប៊ុន​អេង បាន​អះអាង​ថា ការវាយតម្លៃ​របស់​អា​មេរិក​នេះ មិន​បាន​មក​សហការ​ជាមួយ​អ្នក​អនុវត្ត​ផ្ទាល់​របស់​កម្ពុជា​នោះ​ទេ ពោល​គ្រាន់តែ​ស្ដាប់​តាម​អ្នករាយការណ៍ ដែល​មិនមែន​ជា​អ្នកអនុវត្ត​ផ្ទាល់​តែប៉ុណ្ណោះ​។​
​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​កិច្ចការពារ​កុមារ​ពី​អំពើ​ជួញដូរ ការរំលោភបំពាន​ផ្សេងៗ និង​ការធ្វើ​ទេ​សន្ដ​ប្រវេសន៍ លោកស្រី ជូ ប៊ុន​អេង បាន​ផ្ដាំ​ទៅ​អាមេរិក​ថា ដើម្បី​ឲ្យមាន​ភាព​សុក្រិត្យ​ក្នុង​ការវាយតម្លៃ អាមេរិក​គប្បី​មក​សួរ​ផ្ទាល់​ជាមួយ​អ្នក​អនុវត្ត ព្រោះ​ការ​ដាក់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ការឃ្លាំមើល​នេះ មិន​យុត្តិធម៌​ឡើយ​សម្រាប់​កម្ពុជា​។​

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កិច្ចប្រជុំ​ពង្រឹង​វិធានការ​សន្ដិសុខ និង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ពេល​កន្លង​ទៅ បាន​ដាក់ចេញ​នូវ​ទិសដៅ​ស្រួច​ទៅលើ​ការឯកភាព​គ្នា ពាក់ព័ន្ធ​ជាមួយ​ការប្រមូលផ្ដុំ​សភាពការណ៍ និង​របាយការណ៍ ដើម្បី​សម្ដៅ​ចាត់វិធានការ​ឲ្យមាន​ប្រសិទ្ធភាព​។​
​អ្វី​ដែល​សំខាន់​ក្នុង​ការណែនាំ​របស់​លោក នេ​ត សាវឿន គឺ​ការស្ដារ​កិត្តិយស​របស់​ប្រទេស​កម្ពុជា និង​រំដោះ​ជនរងគ្រោះ​ចេញពី​អំពើ​ជួញដូរ ហើយ​រឿង​ដាក់​ចំណាត់ថ្នាក់​ជា​រឿង​ផ្សេង​មួយ​ដោយឡែក​។​

​បើ​តាម​របាយការណ៍​ស្តីពី​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ​២០២០ ដែល​បាន​ចេញផ្សាយ​កាលពី​អំឡុង​ខែមិថុនា ក្រសួងការបរទេស​អា​មេរិក​បាន​បញ្ជាក់ចំៗ​ថា រដ្ឋាភិបាល​កម្ពុជា មិនបាន​ចាត់វិធានការ​ដល់​កម្រិត​ស្តង់ដា​អ​ប្បរមា​ពេញលេញ ក្នុងការ​កម្ចាត់​ការជួញដូរ​មនុស្ស​នៅ​ឡើយ​ទេ​។​

​បញ្ហា​ទាំងនោះ រាប់បញ្ចូល​ទាំង​បញ្ហា​គ្មាន​កិច្ចប្រឹងប្រែង​ប្រមូល​ទិន្នន័យ ឬ ចែករំលែក​ព័ត៌មាន​សំខាន់ៗ​អំពី​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញា​ធរ អំពើពុករលួយ​នាំ​ឲ្យ​រំខាន​ដល់​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់ ដំណើរការ​នីតិវិធី​ព្រហ្មទណ្ឌ និង​ការផ្តល់​សេវាកម្ម​ដល់​ជនរងគ្រោះ​។ 

​របាយការណ៍ បាន​បន្ថែមថា ការ​មិន​បាន​ស៊ើបអង្កេត​ទាក់ទង​នឹង​ការជួញដូរ ការ​មិន​បាន​បង្កើត​ប្រព័ន្ធ​ឃ្លាំ​មើល​តុលាការ ដែល​នាំ​ឲ្យ​ជនសង្ស័​យរួចខ្លួន និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​មិន​បោះ​ជំហាន​រីកចម្រើន តាំងពី​ពេល​ចេញ​របាយការណ៍​ឆ្នាំមុន ដែល​ការណ៍​នេះ នាំ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ប្រឹងប្រែង​តិចតួច​។​

​លោក​ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ​ថា ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នេះ កន្លងមក​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្ក្រាប​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ពិសេស​ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន ឲ្យ​រួចផុត​ពី​ការជួញដូរ​នេះ​។ លោក​បន្តថា ជា​ការកត់សម្គាល់ ជា​រៀងរាល់ឆ្នាំ អាមេរិក​ពុំដែល​ធ្វើ​របាយការណ៍​កោតសរសើរ​មកលើ​កម្ពុ​ជា​ម្តងណា​នោះឡើយ​។​

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​មើលឃើញ​ពី​ការប្រឹងប្រែង​របស់​គណៈ​កម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូ​រ​មនុស្ស រួម​នឹង​អង្គការក្រៅរដ្ឋាភិបាល ព្រោះ​វា​ជា​កិត្តិយស​របស់​កម្ពុជា ព្រមទាំង​ការរក្សា​សណ្តាប់ធ្នាប់​សង្គម​ផងដែរ​។​

​គួរ​ជម្រាប​ថា យោងតាម​របាយការណ៍​របស់ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ថា មាន​ភាព​ល្អប្រសើរ​ជាង​មុន នៅ​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០១៨​។​

​សម្រាប់​ការបង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​/​ខេត្ត ចំនួន​២២ បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​បាន​ចំនួន​១៦៩ លើ​១៣៤​ករណី មាន​ការកើនឡើង ៣៥​ករណី ស្មើនឹង ២៦.១១​ភាគរយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២២៩ លើ​២២៤​នាក់ ក្នុងនោះ​មាន​ស្ត្រី ៧២​នាក់ ក្នុង​នោះ​ជនសង្ស័យ​ជា​អនីតិជន ចំនួន ១១​នាក់ និង​ជនបរទេស​ចំនួន ៤០​នាក់ មាន​៧​សញ្ជាតិ​។​

​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ៤៥៦ លើ​២៣០​នាក់ ក្នុង​នោះ​អាយុ​ក្រោម​១៥​ឆ្នាំ ១៤១​នាក់​អាយុ ១៥ ដល់​១៧​ឆ្នាំ មាន​៥៥​នាក់ និង​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ២៦០​នាក់ (​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ចំនួន ១៦៥​នាក់ និង​ប្រគល់​ឲ្យ​គ្រួសារ​វិញ​ចំនួន ២៩១​នាក់​)៕ ដោយ​៖ សៅ វិសាល​


 ពាក្យគន្លឹះ  ជួញដូរមនុស្សកម្ពុជា

ព័ត៌មានផ្សេងទៀត