រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញឲ្យមាន​ការបង្កើ​ត​ផ្សារចុង​សប្ដាហ៍​នៅ​ខេត្ត​គោលដៅ​សំខាន់ៗ​

07-09-2020 4:47 pm 881

​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ថា ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ចប់​ខ្ជួន​នូវ​វិធានការណ៍ និង​យុទ្ធសាស្ត្រ​ចាំបាច់​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​។ ពិសេស​នោះ គឺ​ត្រូវ​អនុវត្ត​តាម​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ខិតខំ​ដាំ​ដុះ​ជំរុញ​ផលិតកម្ម​កសិកម្ម ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ព្រមទាំង​បង្កើត​ទីផ្សារ​ជូន​កសិករ​ខ្នាតតូច​ដែល​ជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម​និង​ទីផ្សារ​។​

​ជាមួយ​គ្នា​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ថា ដើម្បី​ឆ្លើយតប​ជា​បន្ទាន់​ទៅ​នឹង​បញ្ហា​ចំពោះ​មុខ​នេះ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​(​អេមស៍​) ត្រូវ​កៀរគរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម ដើម្បី​ធ្វើឱ្យ​ខ្សែច្រវ៉ាក់​តម្លៃ​ឱ្យ​ដំណើរការ​ល្អប្រសើរ និង​ត្រូវ​បង្កើត​ផ្សារ​ចុង​សប្ដាហ៍​នៅ​តាម​ខេត្ត​គោលដៅ​នី​មួយៗ​។ មូលហេតុ​ដើម្បី​ផ្សព្វផ្សាយ​លក់​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដែល​ដាំ​ដុះ​និង​ចិញ្ចឹម​ដោយ​កសិករ​ផ្ទាល់ ជាពិសេស​លើកស្ទួយ​វិបុលភាព​កសិករ​ខ្នាតតូច​តាមរយៈ​ការបង្កើន​ផលចំណេញ​កាន់តែច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម​និង​ទីផ្សារ​។​

​គួរបញ្ជាក់​ថា ផ្សារ​ចុង​សប្ដាហ៍​ជា​សកម្មភាព​ចម្បង​មួយ នៃ​សកម្មភាព​នានា​របស់​គម្រាង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​(​អេមស៍​) និង​ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ​ក្នុងចំណោម​យុទ្ធសាស្ត្រ​ជា​ច្រើន​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការលើកកម្ពស់​តម្លៃ​ផលិតផលក​សិ​-​ពាណិជ្ជកម្ម​នៅ​លើ​ទីផ្សារ​។ លើសពី​នេះ​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​ខ្នាតតូច​នៅតាម​មូលដ្ឋាន តាមរយៈ​ការធ្វើ​ក​សិ​-​ពាណិជ្ជកម្ម និង​ការតភ្ជាប់​ទីផ្សារ​នៅក្នុង​និង​ក្រៅ​តំបន់​។ មកដល់​បច្ចុប្បន្ន​នេះ គម្រោង​អេមស៍​បើក​ដំណើរការ​សាកល្បង​ផ្សារ​ចុង​សប្ដាហ៍​បាន​ចំនួន ១២​ខេត្តហើយ ដោយ​ផ្សារ​ដែល​បើក​មុនគេ គឺ​ផ្សារ​ចុង​សប្ដាហ៍​នៅ​ខេត្ត​សៀមរាប​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត