បេឡា​រុស​៖​​ចាប់ខ្លួន​​ប្រមាណ​​១០០​នាក់​​ក្នុង​ការតវ៉ា​​ទម្លាក់​​ប្រធានាធិបតី​

07-09-2020 2:57 pm 1597

​មនុស្ស​យ៉ាងតិចណាស់​១០០​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នៅក្នុង​ការប្រមូលផ្ដុំ​តវ៉ា​ប្រឆាំងនឹង​លោក​ប្រធានាធិបតី​។ អ្នក​ត្រូវបាន​ចាប់ខ្លួន​មាន​ក្នុង​រដ្ឋធានី​មីន​និង​នៅតាម​បណ្ដា​ទីប្រជុំជន​មួយចំនួនទៀត ខណៈ​ចលនា​តវ៉ា​ប្រឆាំង​លោក​ប្រធានាធិបតី​ធ្វើឡើង​អស់​រយៈពេល​៤​សប្ដាហ៍​ជាប់​គ្នា​។ នៅក្នុង​ទីក្រុង​មីន​ក្រុមបាតុករ​ត្រូវ​រង​ការចោទប្រកាន់​ជុំវិញ​ការប្រមូលផ្ដុំ​នៅ​ជិត​វិមាន​ប្រធានាធិបតី ដោយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ប្រដាប់​ដោយ​ដំបង​ចាំ​ការពារ​រក្សា​សន្ដិសុខ​។ 

​កាលពី​ថ្ងៃអាទិត្យ​មាន​មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូលផ្ដុំ​ទាមទារ​ទម្លាក់​លោក​ប្រធានាធិបតី​អា​ឡិច​ហ្សាន​ឌ័​រ លូ​កា​សិន​កូ​(Alexander Lukashenko)​ចេញពី​តំណែង បន្ទាប់ពី​លោក​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​បេឡា​រុស​ក្នុង​អាណត្ដិទី​៦ ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០២០​។ ក្រុម​តវ៉ា​ចោទថា​ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​គឺមាន​ការបន្លំ​សន្លឹកឆ្នោត ប៉ុន្ដែ​លោក​ប្រធានាធិបតី​បដិសេធ​មិន​ធ្វើតាម​ការទាមទារ​ទេ​។ ភាពចលាចល​ក៏​ផ្ទុះឡើង​កាន់តែខ្លាំង​ដោយ​គិត​ត្រឹម​ពេលនេះ មាន​មនុស្ស​៤​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​និង​រាប់រយ​នាក់​រងរបួស ដោយសារតែ​រដ្ឋាភិបាល​ព្យាយាម​បំបែក​ការប្រឆាំង​របស់​ក្រុមបាតុករ​។​

​ចំណែកឯ​មេដឹកនាំ​បក្សប្រឆាំង​មួយចំនួន​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ក្បែរ​ខាង ជាក់ស្ដែង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន សកម្មជន​នយោបាយ​ម្នាក់​បាន​ក្លាយជា​មនុស្ស​ថ្មី​មួយរូប​ទៀត ដែលរ​ត់ទៅ​ជ្រកកោន​ក្នុងប្រទេស​ប៉ូឡូញ​ជា​ប្រទេស​ក្បែរ​ខាង ចំពេល​មាន​ការគំរាមកំហែង​ចាប់​ដាក់ពន្ធនាគារ​។ ចំណែក​មេបក្ស​ប្រឆាំង​បេឡា​រុស​អ្នកស្រី​Svetlana Tikhanovskaya បាន​ភៀសខ្លួន​ទៅ​ប្រទេស​លី​ទុយ​អា​នី​តាំងពី​ខែ​មុន​មកម្ល៉េះ បន្ទាប់ពី​មាន​ជម្លោះ​ជុំវិញ​លទ្ធផល​បោះឆ្នោត ដោយ​លោកស្រី​អះអាងថា​មានការ​ក្លែងបន្លំ​។​

​គួររម្លឹកថា លោក​Lukashenko​ដែលមាន​វ័យ​៦៦​ឆ្នាំ បាន​ចូល​កាន់តំណែង​ប្រធានាធិបតី​បេឡា​រុស​តាំងពី​ឆ្នាំ​១៩៩៤ ហើយ​ជុំវិញ​ការតវ៉ា​នៅពេលនេះ​លោក​បាន​ចោទប្រកាន់​បណ្ដា​ប្រទេស​លោកខាងលិច ចូល​ជ្រៀតជ្រែក​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​និង​ជា​អ្នកគាំទ្រ​ដល់​ក្រុមប្រឆាំង​។ សម្រាប់​ក្រុមបាតុករ ក្រុម​សិទ្ធិមនុស្ស និង​ក្រុមអ្នកតាមដាន​ស្ថានការណ៍​និយាយថា ប៉ូលិស​កំពុង​បង្ក្រាប​យ៉ាង​ចាស់ដៃ​ការតវ៉ា​ដោយ​អហិង្សា​នៅ​ក្នុងប្រទេស​។ បច្ចុប្បន្ន​នៅ​ពុំទាន់​រកឃើញ​ដំណោះស្រាយ បញ្ចប់​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​បាន​នៅឡើយ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត