គណបក្សខ្មែរស្រលាញ់ជាតិ អំពាវនាវអតីតថ្នាក់ដឹកនាំCNRPចូលរួមជាមួយខ្លួន

07-09-2020 2:21 pm 799

គណបក្សខ្មែរស្រលាញ់ជាតិ បានអំពាវនាវដល់អតីតថ្នាក់ដឹកនាំ និងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ(CNRP)ចូលរួមសកម្មភាពធ្វើនយោបាយជាមួយគណបក្សរបស់ខ្លួន ដែលជាគណបក្សបន្តស្មារតីសង្រ្គោះជាតិ។ ការអំពាវនាវយ៉ាងដូច្នេះបន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សសង្រ្គោះជាតិចំនួន៣រូបទៀតកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សប្រឆាំងទាំង៣រូបនោះរួមមាន៖លោកសុន ឆ័យ,លោកតាវ គឹមឈន,និងលោកវ៉ា សាម៉ុន។ 

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី៧ ខែកញ្ញានេះ គណបក្សខ្មែរស្រលាញ់ជាតិបានលើកឡើង ថា ក្នុងស្មារតីស្នេហាជាតិ ស្រលាញ់យុត្តិធម៌ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនោះទើបអតីតថ្នាក់ដឹកនាំ និងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន បានសម្រេចបង្កើតគណបក្សថ្មីមួយគឺគណបក្សខ្មែស្រលាញ់ជាតិ ដើម្បីឲ្យមានស្ថាប័នមួយស្របច្បាប់ ធ្វើសកម្មភាពនយោបាយតាមសំណូមពររបស់អ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិដែលក្រុមការងាររបស់ខ្លួនបានចុះជួបនៅមូលដ្ឋាននារយៈពេលកន្លងមក។ 

សេចក្ដីថ្លែងការណ៍របស់គណបក្សខ្មែរស្រលាញ់ជាតិដដែល បានបញ្ជាក់ទៀតថា ការបង្កើតគណបក្សថ្មីនេះ ដោយយល់ឃើញថាស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានការធ្លាក់ចុះនូវសំឡេង ដែលមាននិន្នាការប្រឆាំងជាមួយនឹងគណបក្សកាន់អំណាច និងបែកបាក់យ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ រីឯគោលបំណងនៃការបង្កើតគណបក្សខ្មែរស្រលាញ់ជាតិនេះ គឺ៖បន្តស្មារតីសង្រ្គោះជាតិ,បង្កើតវប្បធម៌នយោបាយថ្មី,បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ,ផ្សះផ្សាជាតិ(ខ្មែរតែមួយ),និងតស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

តាមរយៈសេចក្ដីថ្លែងការណ៍នេះស្ថាបនិក និងថ្នាក់ដឹកនាំគណបក្សខ្មែរស្រលាញ់ជាតិ បានប្ដេជ្ញាបម្រើជាតិ និងបម្រើរាស្រ្តដោយស្មោះត្រង់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ក្នុងនោះក៏បានអំពាវនាវដល់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ជាពិសេសអតីតថ្នាក់ដឹកនាំ និងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សខ្មែរស្រលាញ់ជាតិ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ 

សូមជម្រាបថា គណបក្សខ្មែរស្រលាញ់ជាតិ បង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិមួយចំនួនដូចជា៖លោកជីវ កត្តា,លោកកង គឹមហាក់,និងលោកខឺយ ស៊ីនឿន៕ 

ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត