គណបក្សមួយបង្កើតវេទិកាសួរដេញដោលរឿងនយោបាយជាមួយយុវជននិងពលរដ្ឋ

07-09-2020 11:17 am 490

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោFMនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះថា ការរៀបចំវេទិកានេះឡើងគឺដើម្បីឲ្យយុវជនគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅអាចជួបដោយផ្ទាល់ជាមួយលោក និងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សយុវជនកម្ពុជា ហើយអាចសាកសួរគ្រប់សំណួរដែលពាក់ព័ន្ធនឹងគណបក្សយុវជនកម្ពុជា។

លោកពេជ្រ ស្រស់ បានបញ្ជាក់ទៀតថា ការរៀបចំវេទិកានេះឡើងក៏ជាឱកាសសម្រាប់ឲ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅបានស្គាល់កាន់តែច្បាស់អំពីគោលនយោបាយ និងគោលដៅរបស់គណបក្សយុវជនកម្ពុជា ហើយជៀសវាងការលាបពណ៌នានាមកលើគណបក្សរបស់លោកបន្តទៀត។

ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា”វេទិកាហ្នឹងយើងអនុញ្ញាតឲ្យយុវជនគ្រប់និន្នាការនយោបាយទាំងអស់ ឲ្យចូលរួមជួបផ្ទាល់ជាមួយខ្ញុំផង ជាមួយថ្នាក់ដឹកនាំគណបក្សយុវជនផង កុំឲ្យចេះតែស្មានណា៎ ឲ្យដឹងពីគោលដៅរបស់យើង ហើយបើកឱកាសឲ្យគាត់សួរគ្រប់សំណួរទាំងអស់ ដើម្បីឲ្យគាត់អស់ចង្ងល់ អស់សង្ស័យ ហើយឲ្យគាត់ចូលគៀកយើង ដើម្បីកុំឲ្យមានវប្បធម៌លាបពណ៌គ្នាទៅទៀត អញ្ចឹងទើបខ្ញុំបង្កើតវេទិកានេះឡើង មិនត្រឹមតែយុវជនទេសូម្បីតែពលរដ្ឋក៏ដោយ ក៏បើកសិទ្ធិឲ្យចូលរួមដែរៗ ដើម្បីឲ្យគាត់ស្គាល់តែច្បាស់អំពីនយោបាយរបស់គណបក្សយុវជនកម្ពុជា”។

សូមជម្រាបថា វេទិកាសួរដេញដោលរឿងនយោបាយរវាងយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅជាមួយនឹងថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជានេះ នឹងត្រូវធ្វើឡើងរៀងរាល់មួយសប្តាហ៍ម្តងនាព្រឹកថ្ងៃសៅរ៍ ហើយចាប់ផ្ដើមពីសប្តាហ៍នេះតទៅ។ វេទិកានេះគឺទទួលអ្នកចូលរួមផ្ទាល់តែ៣០នាក់ប៉ុណ្ណោះក្នុងមួយលើក ហើយវេទិកានេះនឹងធ្វើរៀងរហូតទាល់តែអស់អ្នកចូលរួម។ សម្រាប់យុវជន ឬប្រជាពលរដ្ឋចង់ចូលរួមវេទិកានេះ អាច​ឆាតទៅកាន់ទំព័រហ្វេសប៊ុករបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ឬទូរស័ព្ទទៅកាន់លេខ070 622 333៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត