មនុស្ស​ជិត​៣០០​នាក់​​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​​ក្រោយ​រៀបចំ​​ការតវ៉ា​នៅ​ហុងកុង​

07-09-2020 11:10 am 403

​មនុស្ស​ប្រមាណ​២៩៨​នាក់​ត្រូវ​ចាប់ខ្លួន នៅពេល​មាន​ការប្រមូលផ្ដុំ​តវ៉ា​មួយ​កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង ប្រឆាំងនឹង​ការពន្យារពេល​បោះឆ្នោត​សភា​និង​ប្រឆាំង​ច្បាប់​សន្ដិសុខ​។ នៅក្នុង​ចំណោម​អ្នក​ត្រូវបាន​ចាប់ខ្លួន មាន​សកម្មជន​សិទ្ធិមនុស្ស​និង​សកម្មជន​នយោបាយ​ល្បីៗ​ផងដែរ​។ ការប្រមូលផ្ដុំ​តវ៉ា​ក៏​ត្រូវបាន​ប៉ូលិស​ប្រើ​គ្រាប់​ម្រេច​បាញ់​បំបែក​កុំឲ្យ​ជួបជុំ ព្រោះ​អាជ្ញាធរ​ចាត់ទុកជា​សកម្មភាព​ខុស​ច្បាប់​។ រដ្ឋាភិបាល​ហុងកុង​បានចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃកើតហេតុ​គឺ​កាលពី​ថ្ងៃអាទិត្យ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ទៅលើ​ក្រុម​តវ៉ា ដោយសារតែ​ជា​សកម្មភាព​ខុសច្បាប់​និង​ជា​អំពើ​អត្មានិយម​។​

​កាលពី​ខែកក្កដា​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បានប្រកាស​ពន្យារពេល​បោះឆ្នោត​សភា​រយៈពេល​មួយឆ្នាំ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ តាម​កំណត់​ការបោះឆ្នោត​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​០៦​ខែកញ្ញា​ឆ្នាំ​២០២០​។ ការពន្យារពេល​ធ្វើឲ្យ​ក្រុមប្រឆាំង​ប្រតិកម្ម​យ៉ាងខ្លាំង ព្រោះ​ពួកគេ​រំពឹង​នឹង​អាច​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​សភា ដែលមាន​សមាជិក​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​ត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​។ ចំណែក​ពាក់កណ្ដាល​ជា​សមាជិក​ត្រូវ​តែងតាំង ភាគច្រើន​ជា​អ្នកមាន​និន្នាការ​គាំទ្រ​ក្រុង​ប៉េកាំង​។ ជាមួយ​ក្ដី​កើតទុក្ខ​មិន​សុខ​ចិត្ដនឹង​ការលើកពេល​បោះឆ្នោត ទើប​មាន​ការប្រមូលផ្ដុំ​តវ៉ា​តាម​ដងផ្លូវ​។ ដើម្បី​រក្សា​សុវត្ថិភាព​ប៉ូលិស​រាប់ពាន់នាក់​ត្រូវ​ដាក់ពង្រាយ ហើយក៏​ឈានដល់​ការប្រើ​គ្រាប់​ម្រេច​បាញ់​ទៅលើ​ក្រុម​តវ៉ា និង​មាន​ការចាប់ខ្លួន​មនុស្ស​ប្រមាណ​ជិត​៣០០​នាក់​ដូច្នេះ​តែម្ដង​។​

​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​បាន​ធ្លាក់ចុះ​ក្នុងឆ្នាំនេះ ដោយសារតែ​ការដាក់​កម្រិត​លើ​ការជួបជុំ ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ និង​អនុលោម​តាមច្បាប់​សន្ដិសុខ​ថ្មី​ដែល​ទីក្រុង​ប៉េកាំង​អនុម័ត​ឲ្យប្រើ​នៅ​ហុងកុង​កាលពីចុង​ខែមិថុនា​។ ស្ថិតក្រោម​ច្បាប់​សន្ដិសុខ​ថ្មី​នឹង​អាច​ដាក់ទោស​លើ​សកម្មភាព​ដែល​ចិន​មើលឃើញថា​ជា​ការធ្វើ​វិទ្ធង្សនា ការបះបោរ អំពើ​ភេរវកម្ម និង​ការ​គប់គិត​ជាមួយ​ជនបរទេស​ជាដើម​។ សម្រាប់​ក្រុម​រិះគន់​បាន​និយាយថា​ច្បាប់​សន្ដិសុខ​ថ្មី មាន​គោលបំណង​បំបែក​ភាពមិន​ចុះសម្រុង​នៅ​ហុងកុង ខណៈ​ក្រុមគាំទ្រ​និយាយថា​នឹង​នាំមក​នូវ​ស្ថិរភាព​បន្ថែមទៀត បន្ទាប់ពី​មាន​ភាពចលាចល​ប្រឆាំងនឹង​រដ្ឋាភិបាល ក៏ដូចជា​ប្រឆាំង​ចិន​ផ្ទុះឡើង​ខ្លាំង​រហូត​ក្លាយជា​អំពើហិង្សា​ស្ទើរ​ពេញ​មួយឆ្នាំ​២០១៩​។ 

​គួរ​ជម្រាបជូន​ដែរថា ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់​មកឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ក្នុងនាម​ជា​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត ស្ថិតក្រោម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ មាន​ប្រព័ន្ធ​នយោបាយ សង្គម សេដ្ឋកិច្ច ដោយ​ខ្លួនឯង​ផ្ទាល់ លើកលែងតែ​វិស័យ​យោធា​និង​ទំនាក់ទំនង​ការបរទេស​ប៉ុណ្ណោះ​ដែល​ត្រូវ​ពឹង​ចិន​។ តាម​កិច្ចព្រមព្រៀង​ចាប់ពី​ថ្ងៃ​ប្រគល់​មកឲ្យ​ចិន​រហូត​ដល់ឆ្នាំ​២០៤៧ ពោលគឺ​មាន​រយៈពេល​៥០​ឆ្នាំ ទើប​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​បញ្ចប់​វត្ដ​មាននៅ​ហុងកុង​។ ប៉ុន្ដែ​ពលរដ្ឋ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​មើលឃើញថា ទីក្រុង​ប៉េកាំង​តែង​រក​គ្រប់​មធ្យោបាយ​យក​ហុងកុង​ទៅ​គ្រប់គ្រង​ទាំងស្រុង​មុន​កំណត់ ដូច្នេះ​ទើប​ពួកគេ​ចេញ​តវ៉ា​ទាមទារ​សិទ្ធិសេរីភាព​ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​។ 

​ការតវ៉ា​ដែល​ពេលខ្លះ​ផ្ទុះ​ជា​អំពើហិង្សា ជាហេតុ​បណ្ដាលឲ្យ​ចិន​ចិញ្ចឹមចិត្ដ​បង្កើតហើយ​សម្រេច​អនុ​ម័ត​ឲ្យប្រើ​នូវ​ច្បាប់​សន្ដិសុខ​ថ្មី ក្នុងន័យ​បង្ក្រាប​សកម្មភាព​បង្ក​មហន្ដរាយ​ដល់​ផលប្រយោជន៍​ហុងកុង និង​ដើម្ប​រក្សា​សន្ដិសុខ ស្ថិរភាព​។ ចិន​ធ្លាប់​បកស្រាយ​ថា​ច្បាប់​សន្ដិសុខ​ថ្មី​គ្មាន​ចេតនា​គាបសង្កត់​ឬ​រឹតត្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ​ហុងកុង​ទេ​លើកលែងតែ​ទង្វើ​ខុសច្បាប់​។ យ៉ាងណាមិញ​វា​នៅតែ​ជា​រឿងចម្រូងចម្រាស​ដដែល ព្រោះ​ក្រុមប្រឆាំង​យល់ឃើញ​ផ្ទុយ​ពីនេះ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត