លោកស្រី​ត្សៃ អ៊ីង​វិន​​ពី​គ្រូបង្រៀន​​ក្លាយជា​ប្រធានាធិបតី​ស្ដ្រី​ទីមួយ​តៃវ៉ាន់​

06-09-2020 5:00 pm 881

​លោកស្រី​ត្សៃ អ៊ីង​វិន​គឺជា​ប្រធានាធិបតីស្ដ្រី​ទីមួយ​របស់​តៃវ៉ាន់ កាន់តំណែង​ពីរ​អាណត្ដិ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៦​រហូតដល់​ឆ្នាំ​២០២០​នេះ​។ កេរ្ដិ៍ឈ្មោះ​លោកស្រី​ក៏​ល្បី​រន្ទឺ​ក្នុង​ពិភពលោក ជុំវិញ​ការ​ហ៊ាន​ប្រឈមមុខ​ជាមួយ​ចិន ដើម្បី​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​។ ផ្ដើមចេញពី​អាជីព​ជា​គ្រូបង្រៀន​ផ្នែក​ច្បាប់ លោកស្រី​បាន​តស៊ូ​រហូត​ក្លាយជា​អ្នកនយោបាយ​ល្បីឈ្មោះ​និង​មាន​ឥទ្ធិពល​។ តើលោកស្រីមានប្រវត្ដិបែបណាខ្លះ?

​ជី​វប្រ​វត្ដិ​

​លោកស្រី​ត្សៃ អ៊ីង​វិន​កើត​នៅក្នុង​ទីក្រុង​តៃប៉ិ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​១៩៥៦ បច្ចុប្បន្ន​មាន​វ័យ​៦៤​ឆ្នាំ​។ លោកស្រី​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​១១​នាក់ មាន​ឪពុក​ឈ្មោះ​ត្សៃ ឈី​សឹង​(Tsai Chieh-sheng) ជា​អ្នកជំនួញ​ម្នាក់​គ្រប់គ្រង​យានដ្ឋាន​ជួសជុល​រថយន្ដ និង​ម្ដាយ​ឈ្មោះ​ឆាង ឈិន​ហ្វុង​(Chang Chin-fong) ជា​មេផ្ទះ​។ គិតពី​ការសិក្សា​ថ្នាក់​វិទ្យាល័យ លោកស្រី​បាន​ចូលរៀន​នៅ​វិទ្យាល័យ​ក្នុង​ទីក្រុង​តៃប៉ិ ហើយ​ក្រោយមក​បាន​ចូលរៀន​ច្បាប់​នៅ​មហាវិទ្យាល័យ​តាម​ការចង់បាន​របស់​ឪពុក​។ លោកស្រី​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ច្បាប់ នៃ​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់​ក្នុង​ឆ្នាំ​១៩៧៨​។ លោកស្រី​បន្ដ​យក​អនុបណ្ឌិត​ច្បាប់​នៅ​សាកលវិទ្យាល័យ​Cornell​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ឆ្នាំ​១៩៨០​។ បន្ទាប់មក​បន្ដ​រៀន​នៅ​សាលា​ច្បាប់​ក្នុង​ទីក្រុង​ឡុង​ដ៍ បញ្ចប់​ថ្នាក់បណ្ឌិត​ច្បាប់​ពី​សាកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​នៅ​ឆ្នាំ​១៩៨៤​។​

​នៅពេល​ត្រឡប់មក​តៃវ៉ាន់​វិញ លោកស្រី​ត្សៃ អ៊ីង​វិន​បាន​បង្រៀនច្បាប់​នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ​សូ​ចូ​វ និង​សាកលវិទ្យាល័យ​ជាតិ​ឆេង​ឈី សាកលវិទ្យាល័យ​ទាំងពីរ​នេះ​ស្ថិតក្នុង​ទីក្រុង​តៃប៉ិ​។ លោកស្រី​ត្រូវបានតែងតាំង​ជា​គណៈកម្មការ​ពាណិជ្ជកម្ម​យុត្ដិធ​ម៌និង​គណៈកម្មការរ​ក្សាសិទ្ធិ​។ លោកស្រី​បាន​បម្រើការ​ជា​អ្នក​ប្រឹក្សា​សម្រាប់​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​និង​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​ផងដែរ​។ ក្រៅពីនេះ​លោកស្រី​បាន​ដឹកនាំ​ក្រុម​ធ្វើ​សេចក្ដីព្រាង​មួយ​ស្ដីពី ការគ្រប់គ្រង​បទប្បញ្ញត្ដិ​ជាមួយ​ហុងកុង​និង​ម៉ាកា​វ​។​

​ការ​រះ​ឡើង​ក្នុង​នយោបាយ​

​ក្នុង​ឆ្នាំ​២០០០​លោកស្រី​ត្សៃ​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក ហើយ​ក្នុង​ឆ្នាំ​២០០៤​លោកស្រី​បាន​ចូលរួម​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ឆ្ពោះទៅមុខ​(DPP)​។ ក្រោយមក​ក៏​ត្រូវបាន​គណបក្ស​តែងតាំង​ជា​បេក្ខជន​នៅក្នុង​ការបោះឆ្នោត​សភា​ក្នុង​ឆ្នាំ​២០០៤ ដែល​ត្រូវ​បានជ្រើសរើស​ជា​សមាជិកសភា​។ នៅ​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០០៦ លោកស្រី​ត្សៃ​ត្រូវបានតែងតាំង​ជា​អនុប្រធាន​Executive Yuan ជា​ផ្នែក​មួយ​នៅក្នុង​រដ្ឋាភិបាល​តៃវ៉ាន់ ដែល​តំណែង​នេះ​ជាទូទៅ​ស្គាល់​ជា​ឧបនាយករដ្ឋមន្ដ្រី​។ ស្របពេល​ដំណាលគ្នា​លោកស្រី​បាន​បម្រើការ​ជា ប្រធាន​គណៈកម្មការ​ការពា​រ​ផលប្រយោជន៍​អ្នកប្រើប្រាស់​បន្ថែមទៀត​។ នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០០៨ លោកស្រី​ត្សៃ​បាន​យកឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ឆ្ពោះទៅមុខ ដោយ​ផ្ដួល​គូប្រជែង​លោកកូ ខ្វាង​មីង បន្ដ​កាន់តំណែង​ប្រធាន​បក្ស​បន្ទាប់ពី​លោក​ហ្វ្រែង ស៊េ ធ្វើជា​ប្រធាន​គណបក្ស​ទី​១២​ហើយក៏​ជា​ស្ដ្រី​ទី​មួយដែល​កាន់តំណែង​ប្រធាន​គណបក្សនយោបាយ​នៅ​តៃវ៉ាន់​។​

​លោកស្រី​ចូល​កាន់តំណែង​ប្រធាន​បក្ស​DPP​នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០០៨ ចំ​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​ម៉ា យី​ង​ចូ ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​តៃវ៉ាន់​។ ក្នុង​តំណែង​ប្រធាន​បក្ស​អាណត្ដិទី​១​ពី​ឆ្នាំ​២០០៨​ដល់​២០១២ លោកស្រី​បាន​ប្ដេជ្ញា​ដឹកនាំ​តៃវ៉ាន់​ឲ្យ​រីកចម្រើន ការពារ​យុត្ដិធម៌​សង្គម ប្រឆាំង​អំពើពុករលួយ ការពារ​ប្រជាធិបតេយ្យ អធិបតេយ្យភាព​និង​សន្ដិសុខ​ជាតិ​។ លោកស្រី​ក៏​ធ្លាប់​ជំទាស់​ក៏ដូចជា​រិះគន់​មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល​រួមទាំង​ប្រធានាធិបតី​ផង ចំពោះ​កិច្ចការ​ដែល​លោកស្រី​ចាត់ទុកថា​មាន​ផលប៉ះពាល់​ដល់​តៃវ៉ាន់​។​

​ស្ថិតក្រោម​ការដឹកនាំរ​បស់​លោកស្រី​ត្សៃ រួមជាមួយ​នឹង​គោលនយោបាយ​ដែល​គ្មាន​ប្រជាប្រិយភាព​មួយចំនួន​របស់​គណបក្ស​គួ​មីនតា​ង គណបក្ស​ប្រជាធិបតេយ្យ​ឆ្ពោះទៅមុខ​របស់​លោកស្រី​បាន​ធ្វើឲ្យមាន​សន្ទុះ​កើនឡើង​នៅក្នុង​ការបោះឆ្នោ​ត​ឆ្នាំ​២០០៩ បន្ទាប់ពី​បរាជ័យ​ដ៏​ធំ​ក្នុង​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០០៨​។ លោកស្រី​ក៏​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​ជា​បន្ដបន្ទាប់​ដល់​បច្ចុប្បន្ន​។ 

​ចំពោះ​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ថ្ងៃទី​១១​ខែ​មីនាឆ្នាំ​២០១១ លោកស្រី​ត្សៃ អ៊ីង​វិន​បានប្រកាសជា​ផ្លូវ​ការនឹង​ឈរឈ្មោះ​ជា​បេក្ខជ​ន​ប្រធានាធិបតី​តៃវ៉ាន់ តំណាងឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​ឆ្ពោះទៅមុខ​។ លោកស្រី​បាន​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១២ ទទួលបាន​សំឡេងគាំទ្រ​៤៥​ភាគរយ ខណៈ​ប្រធានាធិបតី​កំពុង​កាន់តំណែង​នៃ​គណបក្ស​គួ​មីនតា​ង​លោក​ម៉ា យី​ង​ចូ ជា​អ្នកទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​រហូតដល់​៥១​ភាគ ដូច្នេះ​លោកស្រី​ក៏​ទទួលស្គាល់​បរាជ័យ​។ 

​ក្រោយ​បរាជ័យ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១២ នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៥​លោកស្រី​ត្សៃ​បាន​ឈរឈ្មោះ​ម្ដងទៀត​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ឆ្ពោះទៅមុខ​។ នៅ​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៦​លោកស្រី​ត្សៃ​ក៏​ឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ ទទួលបាន​សំឡេងគាំទ្រ​៥៦​ភាគរយ ខណៈ​គណបក្ស​គួ​មីនតា​ង​ទទួលបាន​សំឡេងគាំទ្រ​តែ​៣១​ភាគរយ​ប៉ុណ្ណោះ​។ លោកស្រី​ត្សៃ​បានក្លាយជា​ប្រធានាធិបតី​ស្ដ្រី​ដំបូង​គេ​របស់​តៃវ៉ាន់ ស្បថ​ចូល​កាន់តំណែង​នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៦​។ ក្រោយ​ជាប់​ជា​ប្រធានាធិបតី​លោកស្រី​ត្សៃ​បានជាប់​ឈ្មោះ​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​បំផុត​១០០​នាក់ នៅក្នុង​ទស្សនាវដ្ដី​TIME​ចេញផ្សាយ​នៅ​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០១៦​។ ក្នុង​ការបោះឆ្នោត​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​នេះ លោកស្រី​ត្សៃ អ៊ីង​វិន​បាន​បន្ដជា​ប់ឆ្នោត​ក្នុង​អាណត្ដិ​ទីពីរ​ទៀត ដោយ​ទទួល​សំឡេងគាំទ្រ​រហូតដល់​៥៧​ភាគរយ​។​

​គោលជំហរ​នយោបាយ​

​ចំពោះ​គោលជំហរ​នយោបាយ តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​របស់​លោកស្រី​ត្សៃ អ៊ីង​វិន បាន​បង្ហាញឲ្យឃើញពី​ភាពរឹងមាំ​កាន់តែខ្លាំង​នូវ​លទ្ធិប្រជាធិបតេយ្យ ដូចដែល​លោកស្រី​ធ្លាប់បាន​សន្យា​។ មិនតិច​ដង​ទេ​ដែល​លោកស្រី​បានធ្វើឲ្យ​រដ្ឋបាលក្រុង​ប៉េកាំង​ខឹង តាមរយៈ​ការប្រកាស​បង្កើន​សមត្ថ​ភាព​ទាំង​ទំនាក់ទំនង​ការបរទេស នយោបាយ ពិសេស​គឺ​សមត្ថភាព​យោធា​។ លោកស្រី​ធ្លាប់​ប្រកាសថា​តៃវ៉ាន់​ត្រូវតែ​រឹងមាំ​ដើម្បី​ការពារ​សត្រូវ​ឈ្លានពាន ដែល​សម្ដីសំដៅ​នេះ​ទោះ​មិន​បញ្ជាក់​ចំ ប៉ុន្ដែ​គេ​ជឿជាក់ថា​លោកស្រី​ចង់​ផ្លែផ្កា​ដាក់​ចិន​តែម្ដង ដែល​កំពុង​ចិញ្ចឹមចិត្ដ​ចង់​បានតៃ​វ៉ាន់​មក​គ្រប់គ្រ​ងទាំង​ស្រុង​វិញ​។ 

​កន្លងមក​លោកស្រី​ត្សៃ​ធ្លាប់បា​ននិយាយថា លោកស្រី​គ្មាន​បំណង​ចង់​ប្រឆាំង​ចិន​ទេ ហើយក៏​គ្មាន​ចេតនា​ចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​អ្វី​ដែរ គ្រាន់តែ​ចង់ឲ្យ​តៃ​វ៉ាន់មាន​របៀប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ដូច​ការចង់បាន​របស់​ប្រជាជន​។ ការ​និយាយថា​មិន​ចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ត្រូវបាន​អ្នកជំនាញ​យល់ឃើញដែ​រថា គ្រាន់តែ​ជា​ការនិយាយ​កុំឲ្យ​ចិន​ប្រតិកម្ម​ប៉ុណ្ណោះ ប៉ុន្ដែ​ជា​ការពិត​ក្នុងចិត្ដ​លោកស្រី​ត្សៃ​បើ​តៃវ៉ាន់​ក្លាយជា​រដ្ឋ​ឯករាជ្យ​គឺ​កាន់តែ​ប្រសើរ ខណៈ​តៃវ៉ាន់​ស្ទើរតែ​ត្រូវ​អន្ដរជាតិ​ចាត់ទុកជា​ប្រទេសមួយ​ទៅហើយ​។ 

​យ៉ាងណាក៏ដោយ​សម្រាប់​ទីក្រុង​ប៉េកាំង​ទោះបី​លោកស្រី​ត្សៃ​ថា​មិន​ចង់​ផ្ដាច់ខ្លួន​ឬ​មិន​ចង់​ប្រឆាំង ចិន​នៅតែ​ឃ្នើសចិត្ដ​នឹង​តៃ​វ៉ាន់ជាញយ​ដងតាម​រយៈ​សកម្មភាព​មួយចំនួ​ន​។ ក្នុងនោះ​រឿង​ដែល​ចិន​ស្អប់​បំផុត​គឺ​ការបង្កើត​ចំណងមិត្ដភាព​ជាមួយ​អាមេរិក និង​ការបន្ដ​ទិញ​សព្វាវុធ​ឥត​ខ្លាចរអា​ពី​អាមេរិក​។ ព្រោះតែ​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​ស្មើនឹង​ខេត្ដ​មួយ​របស់ខ្លួន ចិន​បានប្រកាសឲ្យ​ប្រទេស​ជាច្រើន​ផ្ដាច់ទំនាក់ទំន​ង​ជាមួយ​តៃវ៉ាន់ ហើយ​បែរមក​រឹតចំណង​មិត្ដ​ភាពជា​មួយ​ទីក្រុង​ប៉េកាំង​វិញ​។ លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​កាលពី​ខែមករា​ឆ្នាំ​២០១៩​បានប្រកាស​ក្នុង​លិខិត​ចំហ អាច​ប្រើ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​សម្រាប់​កោះ​តៃវ៉ាន់​ក្នុង​បុព្វហេតុ​បង្រួបបង្រួម​ជាតិ​។ តែ​តៃវ៉ាន់​មិន​ព្រម​ហើយ​នៅ​បន្ដ​មាន​ទំនាក់ទំនង​ល្អូកល្អិន​និង​បរទេស​ទាំង​ចិន​ហាមឃាត់ ជាក់ស្ដែង​ការរីករាយ​នឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ជាដើម​។ 

​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ក្នុងស្រុក លោកស្រី​ត្សៃ​បាន​ជួយ​ដល់​ក្រុម​ដែល​ជួប​ការលំបាក រួមមាន​ក្រុម​អ្នកក្រីក្រ ស្ដ្រី​និង​កុមារ​ជនជាតិដើម​តៃវ៉ាន់ និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ លោកស្រី​ពេញចិត្ដ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ ការណែនាំ​និង​លើក​ទឹកចិត្ដ​សម្រាប់​ភាពជា​សហគ្រិន​ក្នុងចំណោ​ម​យុវជន ការពង្រីក​លំនៅឋាន​សាធារណៈ និង​គាំទ្រ​ការ​មើលថែ​កុមារ​តាម​តម្រូវការ​របស់​រដ្ឋ​។ លោកស្រី​ក៏​គាំទ្រ​តម្លាភាព​របស់​រដ្ឋាភិបាល​និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​និង​មាន​វិន័យ​បំផុត​។ បន្ថែម​លើ​នេះ​លោកស្រី​បាន​តស៊ូ​មតិ​សម្រាប់​ការមិន​ប្រកាន់​បក្សពួក អំពាវនាវ​កុំឲ្យ​ខ្វែងគំនិត​គ្នា​នាំទៅ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​។ លោកស្រី​ត្សៃ​ក៏​ប្ដេជ្ញា​រក្សា​សិទ្ធិ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ចិន​ធ្លាប់បាន​បញ្ជូន​យន្ដហោះ​និង​នាវាចម្បាំង​ទៅ​ក្រវែល​ជា​ច្រើនលើកច្រើនសារ​ក្នុង​មួយឆ្នាំៗ​។​

​ចំពោះ​គោលនយោបាយ​ការពារជាតិ ការចំណាយ​លើ​វិស័យ​យោធា​បាន​កើនឡើង​ជា​បន្ដបន្ទាប់ ដោយ​ឆ្នាំ​២០១៨​កញ្ចប់​ថវិកា​ការពារជាតិ​មាន​៣២៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​មាន​៣៤៦​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០២០​បានកំណត់​ដល់​៤១១​ពាន់​លាន​ដុល្លារ ដែល​គេ​ប៉ាន់ប្រមាណ​ថា​ស្មើ​២,៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​កើនឡើង​សរុប​៨,៣​ភាគរយ​នៃ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ក្នុង​ឆ្នាំកន្លងមក​។ 
​ជារួម នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​លោកស្រី​ត្សៃ អ៊ីង​វិន​បានធ្វើ​តាំងពី​ចូល​កាន់តំណែង​ប្រធានាធិបតី​។​

​ជីវិត​គ្រួសារ​

​លោកស្រី​ត្សៃ អ៊ីង​វិន​មិនទាន់រៀប​ការទេ ហើយក៏​គ្មាន​កូន​ដែរ​។ លោកស្រី​ជា​មនុស្ស​ស្រឡាញ់​សត្វ​ឆ្មា​និង​ឆ្កែ ដោយមាន​ឆ្មា​ពីរ​ក្បាល​បាន​បង្ហាញខ្លួន​យ៉ាង​អស្ចារ្យ​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកស្រី ហើយ​កាលពី​ឆ្នាំ​២០១៦​លោកស្រី​ក៏បាន​សុំ​សត្វ​ឆ្កែ​ហិតក្លិន​បី​ក្បាល​ដែល​ចូលនិវត្ដន៍​មក​ចិញ្ចឹម​ផងដែរ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត