អ្នកគាំទ្រក្រុមបាល់ទាត់ក្រុងវូហានគឺក្លឹបWuhan Zall បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ដោយសារតែពួកគេអាចចូលទស្សនាផ្ទាល់បានវិញជាលើកដំបូងក្នុងការប្រកួតរបស់ក្លឹបនៅថ្ងៃអាទិត្យនេះ។ វាជាលើកដំបូងបន្ទាប់ពីខកខាតជិតមួយឆ្នាំ ដោយសារតែវិធានការបិទក្រុងក្រោយផ្ទុះឡើងនូវជំងឺកូវីដ-១៩។ វូហានជាទីក្រុងដែលផ្ទុះករណីឆ្លងកូវីដ-១៩ដំបូងគេតាំងពីចុងឆ្នាំ២០១៩ ហើយនៅដើមឆ្នាំ២០២០អាជ្ញាធរក្រុងបានដាក់វិធានការបិទក្រុង មិនឲ្យប្រជាជនប្រមាណ១១លាននាក់ក្នុងក្រុងចាកចេញទៅណាឡើយ។
ប៉ុន្ដែនៅពេលស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩អាចគ្រប់គ្រងបាន អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់Wuhan Zallនឹងអាចចូលទស្សនាការប្រកួតរបស់ក្លឹបតទល់ជាមួយក្រុមBeijing Guoan ស្ថិតក្នុងទីក្រុងស៊ូជូជិតទីក្រុងសៀងហៃនៅម៉ោង៧យប់ថ្ងៃអាទិត្យនេះម៉ោងក្នុងតំបន់ ស្ថិតក្នុងក្របខណ្ឌChinese Super League។ អ្នកគាំទ្របានប្រកូកប្រកាសគ្នា មានទាំងក្នុងបណ្ដាញសង្គមផង ដោយនិយាយថាមិនបាច់ដេកនោះទេ គឺរង់ចាំទាល់ភ្លឺតែម្ដងបន្ទាប់មកជួបគ្នានៅពេលការប្រកួតចាប់ផ្ដើម៕(ដោយ៖ពេញ ផេង)