​គណបក្ស​មូលដ្ឋាន​៖​​ដូច​ការ​ទាយ​ទុក​​បឹង​តា​មោក​នឹង​ឈានទៅ​បាត់បង់​បន្តិច​ម្តងៗ​​

05-09-2020 4:09 pm 354

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​លើកឡើងថា ដូច​ការ​ទាយ​ទុក បឹង​តា​មោក​នឹង​ឈានទៅ​បាត់បង់​បន្តិច​ម្តងៗ ជា​បណ្តើរៗ តាមរយៈ​គោលនយោបាយ​លុប​បឹង​យក​ដី​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​។ គណបក្ស​នេះ​បន្តថា កូន​ខ្មែរ​នឹង​លែង​បាន​ស្គាល់​បឹង​តា​មោក ក្រោយពី​បឹងកក់​ត្រូវបាន​បាត់បង់​ទាំងស្រុង​។ ការលើកឡើង​បែបនេះ ក្រោយពី​រដ្ឋាភិបាល សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ទំហំ​ជាង​៣៨​ហិកតា​បន្ថែមទៀត ដើម្បី​ប្រគល់ជូន​ក្រសួង​និង​ស្ថាប័នរដ្ឋ​នានា ទំហំ​ជាង​៣០​ហិកតា និង​ផ្ទៃដី​ទំហំ​ជាង​៨​ហិកតា​ទៀត ត្រូវ​ប្រគល់ជូន​លោក​សេង វុទ្ធី ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​។​

​តាមរយៈ​អនុក្រឹត្យ​ចំនួន​២​ដាច់ដោយឡែក​ពីគ្នា​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២០​។ ក្នុងនោះ អនុក្រឹត្យ​មួយ​សម្រេច​កាត់​ផ្ទៃដី​ទំហំ​១៥​ហិកតា​នៃ​បឹង​តា​មោក ឲ្យទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​អនុក្រឹត្យ​មួយទៀត ធ្វើ​ប្រទានកម្ម​ផ្ទៃដី​ទំហំ​ជាង​១៥​ហិកតា (១៥០.៣៣០)​ជូន​ក្រសួង​អភិវឌ្ឍ​ជនបទ សម្រាប់​សង់​ទីស្នាក់ការ​ថ្មី និង​ផ្ទៃ​បឹង​ទំហំ​ជាង​៨​ហិកតា (៨០.២៣៦)​ទៀត ត្រូវ​ប្រគល់ជូន​លោក​សេង វុទ្ធី ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធ​និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​។​

​កាលពី​ខែ សីហា ឆ្នាំ​២០១៨ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ទំហំ​២០​ហិកតា​សម្រាប់​បង្កើតជា​ទីផ្សារ​បន្លែ​ថ្មី​ជំនួស​ឲ្យ​ទីតាំ​ងចាស់​នៅ​ផ្សារ​ដើមគរ​។ លុះ​មកដល់​ឆ្នាំ​២០២០ ថ្ងៃទី​១៣​ខែ​មីនា ផ្ទៃដី​បឹង​តា​មោក​ឬ​បឹង​កប់​ស្រូវ​នេះ​ទំហំ​៧៥​ហិកតា​ទៀត ត្រូវបាន​រដ្ឋាភិបាល​កាត់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​។ ជាង​មួយខែ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​២៧​មេសា​ឆ្នាំ​២០២០ រដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក ទំហំ​៣៤​ហិកតា​បន្ថែមទៀត ដោយ​ក្នុងនោះ​គឺ​៣០​ហិកតា ត្រូវប្រគល់​ទៅ​លោកស្រី​គីម ហ៊ាង ជា​តំណាង​ក្រុមហ៊ុន គ្លូ​ប៊​ល ហៅ​ស៍ (​ខេ​ម​បូឌា​)​។​

​តាមរយៈ​អនុក្រឹត្យ​មួយទៀត​ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​ផ្ទៃដី​បឹង​តា​មោក​ជិត​៣០០​ហិកតា​ត្រូវបាន​កាត់​ជូន​ក្រសួង​ការពារជាតិ ដើម្បី​រៀបចំ​អគ្គបញ្ជាការដ្ឋាន​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ប្រើប្រាស់​ជា​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរអង្វែង​។​

​គួរ​បញ្ជាក់ថា បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ មាន​ផ្ទៃ​ទឹក​និង​ផ្ទៃដី​សរុប ៣ ២៣៩,៧ ហិកតា គឺ​តាម​ការកំណត់​នៅក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ជា​បន្តបន្ទាប់​បឹង​ធម្មជាតិ​ដែល​ធំជាងគេ​នៅ​ភ្នំពេញ ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​មួយ​នេះ ត្រូវបាន​កាត់ចេញ​ពី​សម្បត្តិ​សាធារណៈ​របស់រ​ដ្ឋ​អស់ជិត​៥០០​ហិកតា​ហើយ ដើម្បី​ចាក់ដី​លុប​ក្រោមរូបភាព​អភិវឌ្ឍន៍​។​

​ការ​កាត់​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ ទៅ​ចាក់ដី​លុប​ក្រោមរូបភាព​អភិវឌ្ឍន៍​នោះ ត្រូវបាន​អង្គការ​សមាគម​ធាងត្នោត លើកឡើង​នៅក្នុង​របាយការណ៍​របស់ខ្លួន​ថា ការ​លុប​បឹង​ធម្មជាតិ​ដ៍​សំខាន់​មួយ​នេះ ធ្វើឲ្យប៉ះពាល់​ជីវចម្រុះ បរិស្ថាន បង្កឲ្យមាន​ទឹកជំនន់ ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ប្រឈម​នឹង​ការគំរាមកំហែង រួមទាំង​បាត់បង់​លំនៅដ្ឋាន ដូចជា​ការបណ្តេញ​កាលពី​ថ្ងៃទី​១១​មិថុនា​ឆ្នាំ​២០២០​នេះ​ជាដើម​។​

​រីឯ​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​លុប​បឹង​តា​មោក​នេះ​ផងដែរ ដោយ​លោក​ស្នើឱ្យ​រដ្ឋាភិបាល គួរតែ​កែឆ្នៃ​បឹង​តា​មោក​នេះ ទៅជា​តំបន់​ទេ​ចរណ៍​វិញ​ប្រសើរ​ជាង​លុប​បឹង​អភិវឌ្ឍន៍​៕

ព័ត៌មានផ្សេងទៀត