UN​ផ្ញើ​លិខិត​ទៅ​ចិន​បញ្ជាក់​ពី​ការ​មិន​ពេញចិត្ត ចំពោះ​ច្បាប់​សន្តិសុខ​ដែល​ដាក់​លើ​ហុងកុង​

04-09-2020 4:41 pm 1341

​នៅក្នុង​លិខិត​ជា​លាយលក្ខណ៍អក្សរ អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​(UN) បាន​ប្រាប់​ចិន​ថា ច្បាប់​សន្តិសុខ​ថ្មី ដែល​ដាក់​លើ​ទីក្រុង​ហុងកុង គឺ​មាន​ការរំលោភ​ទៅលើ​សិទ្ធិមនុស្ស​។ អង្គការសហប្រជាជាតិ​ព្រួយបារម្ភ ចំពោះ​ច្បាប់​សន្តិសុខ​ថ្មី ដោយ​ជឿជាក់ថា ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស់​នេះ អាច​នឹង​ប្រើប្រាស់ ដើម្បី​កាត់ទោស​ទៅលើ​សកម្មជន​នយោបាយ​នៅ​ហុងកុង​។ ក្នុង​លិខិត​UN និយាយថា បទ​ប្បញ្ញត្តិ​ថ្មី​នៅក្នុង​ច្បាប់​សន្តិសុខ ហាក់​មាន​ការ​រឹត​ដ្បិត​លើ​សិទ្ធិ​បញ្ចេញមតិ​របស់​ចៅក្រម និង​មេធាវី​ហុងកុង​ផងដែរ​។ 

​ខ្លឹមសារ​រួម​ក្នុង​លិខិត​របស់​អង្គការសហប្រជាជាតិ ដែល​ផ្ញើ​ទៅ​ប្រទេស​ចិន ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃទី​៤​ខែ​កញ្ញា​ឆ្នាំ​២០២០ ពោល​គឺ​ប្រមាណ​ជា​៤៨​ម៉ោង ក្រោយ​បាន​ផ្ញើរ​ទៅ​ដល់ដៃ​ចិន​។ អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​និយាយថា ចិន​គួរតែ​តែងតាំង​អ្នកត្រួតពិនិត្យ​ឯករាជ្យ​ពេញលេញ ដើម្បី​ពិនិត្យ​ការអនុវត្តន៍​ច្បាប់ និង​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​ជាង​នេះ​។​

​នេះ​ជា​ប្រតិកម្ម​ថ្មី​ចំពោះ​ទីក្រុង​ប៉េកាំង ចាប់តាំងពី​ច្បាប់​សន្តិសុខ ត្រូវ​បាន​តាក់តែង​និង​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ហុងកុង កាលពី​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០២០​។ បណ្តា​ប្រទេស​ធំៗ​មួយចំនួន ដូចជា​អាមេរិក និង​អង់គ្លេស​ជាដើម បាន​រិះគន់​ធ្ងន់ៗ​លើ​ច្បាប់​នេះ តាំង​ពី​មិន​ទាន់​អនុម័ត​មកម្ល៉េះ​។ សម្រាប់​ក្រុម​អ្នក​រិះគន់​បាន​លើកឡើង​ថា ច្បាប់​ថ្មី​របស់​ចិន​នឹង​កាន់​រឹតបន្តឹង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ហុងកុង ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ផ្លូវការ កាលពី​អំឡុង​ឆ្នាំ​១៩៩៧​។ ច្បាប់​សន្តិសុខ​ថ្មី ជា​ច្បាប់​ដែល​ចិន​ប្រើ ដើម្បី​បង្ក្រាប ចំពោះ​ករណី​ភេរវកម្ម ឬ​ការ​គប់គិត​ជាមួយនឹង​បរទេស ហើយ​ករណី​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយជីវិ​ត​។ 

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អះអាងថា ច្បាប់​សន្តិសុខ​ថ្មី​ចាំបាច់​ណាស់ ដើម្បី​ធានាបាន​នូវ​សន្តិសុខ ស្ថេរភាព និង​សណ្ដាប់ធ្នាប់​សម្រាប់​ហុងកុង​៕

ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត