+.ប្រវត្តិរបាំរាំវង់
យោងតាមសៀវភៅទស្សនីយភាពខ្មែរបោះពុម្ពដោយគណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០០៣ បានឲ្យដឹងថា ដើមកំណើតនៃសិល្បៈរបាំរាំវង់ មានអាយុកាលជាច្រើនសតវត្សណាស់មកហើយ ក្នុងទឹកដីនៃមាតុភូមិកម្ពុជានេះ ដោយហេតុថា តាំងពី យូរលង់មកហើយ ទាំងជនជាតិខ្មែរ និងជនជាតិឯទៀត ដែលស្ថិតក្នុងអម្បូរជាមួយគ្នាដូចជា៖ ព្នង គ្រឹង ទំពួន ព្រៅ ជាដើម មានការទាក់ទងនឹងការរាំវង់ ឬជារង្វង់មូលនេះជាច្រើន ។
បើយើងនិយាយពីបងប្អូនជនជាតិខ្មែរលើ ភូមិភាគឦសាននៃប្រទេស ឬតំបន់ព្រៃភ្នំ នៃភូមិភាគដទៃទៀត និយមរាំលេងកម្សាន្តនៅជុំវិញភ្នក់ភ្លើងនាពេលរាត្រី។ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ មានអាយុជាច្រើនពាន់ឆ្នាំមកហើយ ហើយក៏នៅតែមានសេសសល់រហូតដល់សព្វថ្ងៃនេះដែរ។
នៅក្នុងក្នុងពិធីលៀងអារក្ខ ឬឡើងអ្នកតា ជនជាតិខ្មែរតែងតែនាំគ្នាសង់រោងតូចមួយ ដោយធ្វើរាជវ័ត ព័ទ្ធជុំវិញ ហើយរូបមេមត់ ឬហៅថា អ្នកចូលរូប តែងតែរាំជារង្វង់មូលជុំវិញរោងនោះ ក្នុងពេលប្រារព្ធពិធីលៀងអារក្ខ។
ចំណែកឯពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិព្នង គ្រឹង ទំពូន ដែលមានអាយុកាលច្រើនពាន់ឆ្នាំមកហើយ គេឃើញមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ក៏មានទម្លាប់រាំជាវង់ ឬជារង្វង់មូលដែរ។
ជាងនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពូន នៅប្រកាន់ខ្ជាប់ទំនៀម «រាំវង់ភូមិថ្មី» ដែលភាសាជនជាតិនិយមហៅថា «រាំវង់ស្រុក ហាន់ទើម»។«របាំរាំវង់ភូមិថ្មី» គេមានទម្លាប់ធ្វើនៅក្នុងពេលប្តូរភូមិពីភូមិចាស់ទៅរស់នៅភូមិថ្មី។គេនាំគ្នាប្រារព្ធពិធីសម្តែងរបាំរាំវង់ភូមិថ្មី ពេលចូលដល់ទឹកដីភូមិថ្មីដំបូង ដោយអ្នកភូមិស្រី ប្រុស នាំគ្នារាំជាគូរៗតៗគ្នារហូតដល់បច្ចុប្បន្ន ដោយគេជឿថា នឹងនាំឱ្យគេ គ្រប់ៗគ្នាបានសេចក្តីសុខចម្រើន ។
តាមការលើកឡើងខាងលើនេះ បញ្ជាក់ថារបាំរាំវង់ គឺជារបាំដែលជាប់នឹងពិធីប្រពៃណីរបស់ដូនតាខ្មែរ តែលុះចំណេរក្រោយមក ទើបក្លាយជារបាំប្រជាប្រិយ ដែលមានការនិយមចូលចិត្តពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល។ក្រោយមកក្នុងពេលដែលប្រទេសជិតខាងមាន សៀម និងឡាវ បានចាប់កំណើតឡើង របាំរាំវង់នេះ ក៏ដូចជាទម្រង់សិល្បៈឯទៀតដែរ បានហូរចុះហូរឡើង ឬក៏ជះឥទ្ធិពលឆ្លងគ្នាទៅវិញទៅមករវាងខ្មែរនិងឡាវ ខ្មែរនិងសៀម ពិសេសគ្រប់តំបន់ជាយដែន និងតំបន់ដែលមានប្រជាជនខ្មែរ-ឡាវ ឬខ្មែរ-សៀមរស់នៅលាយឡំគ្នាច្រើននោះ។
យោងតាមឯកសារខ្លះទៀត ដែលនៅសេសសល់ និងតាមព័ត៌មានដែលក្រុមស្រាវជ្រាវ ទទួលបានពីចាស់ទុំជាច្រើនបានបញ្ជាក់ថានៅប្រទេសកម្ពុជារបាំប្រជាប្រិយរាំវង់ រាំក្បាច់ បានរីកចម្រើនយ៉ាងខ្លាំងនៅសតវត្សទី២០ ។ពិសេសនៅពេលដែលចលនាខ្មែរឥស្សរៈកើតមាននៅគ្រប់តំបន់ក្នុងប្រទេស និងជីវពលនារីក្លាហានក្រោកឡើងបណ្តេញអាណានិគមបារាំង ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិនោះមក ដែលគេអាចឃើញមាននៅសល់បទចម្រៀងរាំវង់មួយចំនួនដែលអាចជាតឹកតាង ឬជាអនុស្សាវរីយ៍នៃសម័យកាលនោះផង។នៅក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេសដូចជាពាក្យថា រាំ «ឡាំថូន» ឬឡក «ឡាំថូន» ដែលពាក្យ«ថូនមានន័យថាស្គរ» ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈដែលបោះទីតាំងក្នុងព្រៃជ្រៅៗ តំបន់ភ្នំដងរែក តំបន់ជ្រាវឱរ៉ាល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស (ដែលអាចចងសម្ព័ន្ធជាមួយឥស្សរៈឡាវ) ឬតំបន់មាត់សមុទ្រក្តី ច្រើននាំគ្នាលេងរាំវង់ ដោយប្រើស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈងាយស្រួលក្នុងការកម្សាន្តទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូល ដ្ឋានបង្អែក។
មួយវិញទៀត តាំងពីពេលដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យ ពីពួកអាណានិគមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣មករបាំប្រជាប្រិយរាំវង់ រាំក្បាច់ ក៏បានរីកចម្រើនយ៉ាងខ្លាំង ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំជាមួយវង់ភ្លេងខ្មែរ ដែលមានឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ច្រើន ផ្សេងៗទៀត រហូតដល់វង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញរហូតដល់សព្វថ្ងៃនេះ។
+.អត្ថន័យនៃពាក្យរាំវង់
ពាក្យថា «រាំវង់» គឺជាលក្ខណៈពិសេសសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគឺពេលរាំគេនាំគ្នារាំបន្តគ្នាជារង្វង់មូល ហើយជារបាំសម្រាប់រាំលេងកម្សាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ ក្រោយពីការបំពេញពលកម្មនានារួច។
+.ចង្វាក់រាំនិងរបៀបនៃការរាំវង់
ដោយសារតែរបាំប្រជាប្រិយខ្មែររាំវង់ រាំក្បាច់ មានលក្ខណៈងាយស្រួលចាំ ចេះ ទាំងក្បាច់ក្បូរ ប្រើដៃ ជើង ក ចង្កេះ ទើបប្រជាជនខ្មែរតាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រី រហូតដល់ប្រជារាស្ត្រ ទាំងក្មេង ចាស់ ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា។
ចំណែកចង្វាក់រាំវិញ គឺមិនយឺតពេក មិនញាប់ពេកក្នុងពេលរាំទាំងស្រីទាំងប្រុស ត្រូវបោះជំហានឆ្វេងស្តាំទៅមុខ ដោយស្រីរាំនៅខាងមុខ ប្រុសរាំពីក្រោយបន្តគ្នា ឬពេលខ្លះរាំកៀងគ្នា ឬជំរុញឱ្យប្តូរគូក៏មាន ។ឯដៃត្រូវ «ជីប» ពីក្រោម ហើយលើកចំពីមុខទៅ «លា» ខាងលើ បញ្ច្រាសគ្នា ឆ្វេងម្តង ស្តាំម្តង ហើយលៃដៃ និងជើងនោះក៏ឱ្យបញ្ច្រាស់គ្នាផងដែរ គឺបើឈានជើងស្តាំទៅមុខ ត្រូវលើកដៃឆ្វេង ហើយបើឈានជើងឆ្វេងទៅមុខវិញ ត្រូវលើកដៃស្តាំ ។ល។ ជួនកាលគេរាំធ្វើដំណើរទៅមុខបីជំហាន រួចគោះជើងមកខាងក្រោយមួយក៏មាន ហើយចេះតែបន្តយ៉ាងនេះជារង្វង់មូលរហូតទៅ។
រីឯចង្វាក់ភ្លេងវិញ ជាទូទៅពេលចាប់ផ្តើមច្រើនតែស្ថិតនៅក្នុងចង្វាក់នឹង ឬស្មើធម្មតា លុះជិតចប់បទ នីមួយៗ ក្រុមតន្ត្រីច្រើនតែប្រគំរន្ថើនឡើងៗ «ញាប់ឡើងៗ» រហូតដល់ចប់ ។
+.ទីតាំងសម្រាប់រាំ
ចំពោះទីតាំងគឺងាយស្រួលបំផុត គ្រាន់តែមានទីលានស្អាត និងតុដាក់ផ្កាមួយថូ ឬមួយផើងដែលគេចាត់ទុកជាស្នូលកណ្តាលប៉ុណ្ណោះ ។ ប៉ុន្តែសម័យថ្មីនេះឃើញគេមានតុបតែងលំអភ្លើង ឬអ្វីផ្សេងៗទៀតទៅតាមភាពសម្បូរបែបរបស់កន្លែងនីមួយៗទៀតផង៕(ដោយ៖ថា ចាន់ធី)
+.ឯកសារយោង
-សៀវភៅទស្សនីយភាពខ្មែរ