លោក​គង់ គាំ​៖ មិន​ប្រឆាំង​ផ្តួលរំលំ តែ​ប្រជែង​ស្ថាបនា​

04-09-2020 2:51 pm 283

​លោក​គង់ គាំ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សម រង្ស៊ី បាន​លើកឡើង​ថា អតីត​CNRP ដែល​មាន​ក្រុម​សម រង្ស៊ី និយម និង​ក្រុម​កឹម សុខា និយម (​មិន​មាន​ភាពស្មោះត្រង់ និង​ទុកចិត្ត​គ្នា​ពី​កំណើត​) មិន​បាន​ស៊ី​ធ្លុង​គ្នា​រហូត​មក ឥលូវ​បាន​បែកបាក់ ដោយ​មាន​អតីត​អ្នកនយោបាយ​កំពូល​ជិតស្និទ្ធ​បំផុត​របស់​មេដឹកនាំ​ទាំងពីរ​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ប្រមាណ​ជាង​១០​រូប​ហើយ​។​

​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ  បាន​បន្ត​លើកឡើង​ថា លោក​គាំទ្រ​ចំពោះ​អតីត​ថ្នាក់ដឹកនាំ​CNRP​ដែល​ជាប់​បម្រាម ហើយ​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ បាន​បង្កើត និង​បម្រុង​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដោយ​មិន​បាន​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះទេ​។ លោក​បន្តថា មានតែ​មេដឹកនាំ និង​ក្រុម​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ជ្រុលនិយម​ទេ ដែល​ជឿ​និង​ចាំ​អន្តរជាតិ​បង្ខំ​អំណាច​គណបក្ស​ប្រជាជន​ឲ្យ​សង​តំណែង​របស់​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ​។​

​លោក​គង់ គាំ បាន​បន្ថែមថា មានតែ​បង្កើត​គណបក្ស​នយោបាយ​ថ្មី មាន​វប្បធម៌​នយោបាយ​ថ្មី​(​មិន​ប្រឆាំង​ផ្តួលរំលំ តែ​ប្រជែង​ស្ថាបនា​) គឺ​ត្រូវ​ទៅសុំ​អំណាច​ពី​ប្រជាពលរដ្ឋ ដើម្បី​ប្រទេសជាតិ ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស អាច​មាន​ក្រុមប្រឹក្សា​ពហុបក្ស​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ​២០២២ និង​ពហុបក្ស​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣ ឲ្យជួយ​បំរើសេវា​នានា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ ហើយ​មិន​អាច​ពឹង​តែ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​តទៅទៀត​នោះ​ឡើយ​។​

​លោក​គង់ គាំ បាន​សង្កត់ធ្ងន់ថា ត្រូវ​ជឿថា​ចាំ​អ្នក​គ្រប់​ប្រាំ​ឆ្នាំ​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ស្វ័យប្រវត្តិ គឺ​មិន​ទៀងទាត់​ដែល​ចប់​បម្រាម​នោះ​ទេ ប៉ុន្តែ​ខ្លះ​ក៏​ត្រូវ​ជាប់ទោស​ថែមទៀត​ផង​៕

ព័ត៌មានផ្សេងទៀត