មនុស្ស​ជាង​៤០​នាក់​បាត់​ខ្លួន​ក្រោយ​កប៉ាល់​មួយគ្រឿង​ក្រឡាប់​នៅ​សមុទ្រ​ចិន​ខាងកើត​

04-09-2020 9:33 am 323

​សមាជិក​នាវិក​ចំនួន​ជាង​៤០​នាក់ បាន​បាត់​ខ្លួន​បន្ទាប់ពី​កប៉ាល់​មួយគ្រឿង ដឹក​សត្វ​គោ​រាប់ពាន់​ក្បាល បាន​ក្រឡាប់​លិច​នៅ​សមុទ្រ​ចិន​ខាងកើត ក្នុងពេលដែល​តំបន់​នេះ ទទួលរង​នូវ​ឥទ្ធិពល​ពី​ខ្យល់ព្យុះ​ទី​ហ្វុងMaysak ដែល​វាយប្រហារ​នៅ​ខាងលិច​កោះ​Amami Oshima ស្ថិតនៅ​ភាគ​និរតី​ប្រទេស​ជប៉ុន នា​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០២០​។ ឆ្មាំ​សមុទ្រ​ជប៉ុន​និយាយ​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​ថា នៅក្នុង​ឧប្បត្តិហេតុ​នេះ មាន​សមាជិក​នាវិក​តែ​ម្នាក់​គត់ ដែល​ត្រូវគេ​ជួយ​សង្គ្រោះបាន នៅក្នុង​ប្រតិបត្តិ​ការរុករក​។ នៅក្នុង​ប្រតិបត្តិ​ការរុករក​នេះ មាន​ការប្រើប្រាស់​នាវា​៣​គ្រឿង ឧទ្ធម្ភាគចក្រ​៤​គ្រឿង និង​អ្នកជំនាញ​មុជទឹក​២​នាក់​។​

​គួរ​ជ្រាប​ជូន​ថា កប៉ាល់​មួយគ្រឿង ដឹក​សត្វ​គោជិត​៦​ពាន់​ក្បាល និង​សមាជិក​នាវិក​៤៣​នាក់ បាន​ធ្វើដំណើរ​ចេញពី​ប្រទេស​ណូវែល​សេ​ឡង់ នៅ​ថ្ងៃទី​១៤​ខែ​សីហា ហើយ​គ្រោង​ទៅដល់​កំពង់ផែ​មួយ ក្នុងប្រទេស​ចិន​នៅ​១៧​ថ្ងៃ​បន្ទាប់​។ ធ្វើដំណើរ​ជិត​ដល់​គោលដៅ​ទៅហើយ ស្រាប់តែ​ជួបប្រទះ​នូវ​រលក​បោកបក់​ខ្លាំង ដែលជា​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​Maysak​។ ព្យុះ Maysak បាន​វាយប្រហារ​នៅ​ឧបទ្វីប​កូរ៉េ តែ​ក៏មាន​ឥទ្ធិពល​លើ​ប្រទេស​ក្បែរ​ខាង​ផងដែរ​។ ព្យុះ​កំណាច​នេះ​បាន​ធ្វើឲ្យមាន​ការបាក់ដីនៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣​ខែ​កញ្ញា ដោយ​នាំមក​នូវ​ខ្យល់​បក់បោក​យ៉ាងខ្លាំង ហើយ​យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់ ត្រូវបាន​សម្លាប់​នៅ​ភាគខាងត្បូង​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េខាងត្បូង​។ ព្យុះ​មួយទៀត គឺ​ព្យុះ​ទី​ហ្វុង Haishen កំពុង​បោកបក់​ភាគខាងត្បូង​ប្រទេស​ជប៉ុន ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​បោះពួយ​លើ​ឆ្នេរសមុទ្រ​កូរ៉េ​នៅ​ថ្ងៃអាទិត្យ​ឬ​ថ្ងៃ​ចន្ទ​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត