ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Neymar ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣នាក់ របស់ក្លឹបបាល់ទាត់យក្សបារាំង Paris Saint-Germain ដែលត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំងL'Equipe។
Neymar ទើបតែវិលត្រឡប់មកពីវិស្សមកាលនៅកោះ Ibiza ប្រទេសអេស្ប៉ាញវិញ និងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ ដោយឡែកកីឡាកររបស់ក្លឹប PSG ចំនួន ២នាក់ផ្សេងទៀត រួមមាន ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន កីឡាករ Di Maria និងកីឡាករ Leandro Parades ត្រូវបានគេសង្ស័យថាបានឆ្លងវីរុសកូវីដ-១៩ដូចគ្នា ក្រោយចំណាយពេលជាមួយនឹង Neymar បន្ទាប់ពីបញ្ចប់វិស្សមកាល។
សូមជម្រាបថា កីឡាកររបស់ Paris Saint-Germainទាំងអស់ ត្រូវតម្រូវឲ្យធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ ដើម្បីត្រៀមចូលរួមប្រកួតក្របខ័ណ្ឌកំពូលបារាំង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០កញ្ញាខាងមុខនេះ៕
ដោយ៖ យឺន សីហា