ក្រសួង​ពាណិជ្ជកម្ម​៖បញ្ឈប់​ការ​នាំចូល​និង​ចែកចាយ​ម្សៅ​ទឹកដោះគោ​​Nutrilatt

03-09-2020 4:50 pm 194

​ក្នុង​គោលបំណង​ទប់ស្កាត់​ផលប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​កម្ពុជា ពី​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​ម៉ាក​Nutrilatt​ដែល​មាន​លេខ​កូដ B/N487 488 536 537 538 និង​539 ក្រសួង​ពាណិជ្ជកម្ម​បាន​តម្រូវឲ្យ​ក្រុមហ៊ុន Nutrilatt Master LM Co.,Ltd បញ្ឈប់​ជា​បន្ទាន់ការ​នាំចូល និង​ចែកចាយ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ តាំង​ពី​កើត រហូតដល់​អាយុ ២៤​ខែ រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា ក្រសួង​ក៏​តម្រូវឲ្យ​ប្រមូល​ត្រឡប់​មកវិញ​នូវ​ម្សៅ​ទឹកដោះគោ​ម៉ាក​Nutrilatt​ដែល​មាន​លេខ​កូដ​B/N487 488 536 537 538 និង​539 ពី​ទីផ្សារ​នៅ​កម្ពុជា និង​ប្រគល់ជូន​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​នៃ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​បន្ត​នីតិវិធី ហើយ​ក្រុមហ៊ុន​ក៏​ត្រូវ​សហការ​ជាមួយ​ក​.​ប​.​ប ដើម្បី​បញ្ជាក់​ពី​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​នានា​ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​ខាងលើ ដែល​មាន​លេខ​កូដ​ផ្សេងទៀត ក្នុង​រយៈពេល ៣​ខែ​។​

​ជាមួយគ្នានេះដែរ ក្រសួង​ក៏​តម្រូវឲ្យ​ម្ចាស់​ផ្សារ​ទំនើប ឱសថ​ស្ថាន និង​ហាង​លក់ទំនិញ​នានា​ទូទាំង​ប្រទេស ផ្អាក​ជា​បន្ទាន់​ការ​ដាក់​តាំង​លក់​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ម៉ាក​Nutrilatt​ទាំងអស់ និង​ត្រូវ​ប្រគល់ជូន​អគ្គនាយកដ្ឋាន​ក​.​ប​.​ប នូវ​ម្សៅ​ទឹកដោះគោ​ដែលមាន​លេខ​កូដ​ដូចខាងលើ​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រសួង​ពាណិជ្ជម្ម​ក៏​តម្រូវ​ឲ្យ​អគ្គនាយកដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​ទំនើប ឱសថ​ស្ថាន និង​ហាង​លក់ទំនិញ​នានា ដើម្បី​ដក​ហូត​ផលិតផល​ម្សៅ​ទឹកដោះគោ ដែល​មាន​លេខ​កូដ​ដូច​ខាងលើ​នេះ ក្នុងករណី​ដែល​រកឃើញ​ផលិតផល​ទាំងនោះ នៅតែ​ចរាចរ​លើ​ទីផ្សារ​។​

​ក្រៅពី​ការបង្ហាញ​ពី​គោលបំណង​នូវ​ការ​ទប់ស្កាត់​ការ​ចរាចរ​ម្សៅ​ទឹកដោះគោ​ខាងលើនេះ ក្រសួង​ពាណិជ្ជកម្ម ក៏​អំពាវនាវ​ដល់​មាតា បិតា និង​អាណាព្យាបាល​ទាំងអស់ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បំបៅកូន​ដោយ​ប្រើប្រាស់​នូវ​ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ និង​អាច​អញ្ជើញ​មក​ដាក់​ពាក្យបណ្តឹង​ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​បាន​។​

​សូម​បញ្ជាក់​ដែរ​ថា ការចេញ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ខាងលើ​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ទទួលបាន​លទ្ធផល​វិភាគ​លើ​សំណាក​គំរូ​ម្សៅ​ទឹកដោះគោ​ម៉ាក​Nutrilatt​ដែល​មាន​លេខ​កូដ​B/N487 488 536 537 538 និង​539  ដែល​ចេញ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ឈ្មោះ​Eurofins Food Testing Singapore Pte Ltd ដែល​ទទួលស្គាល់​ជា​អន្តរជាតិ បាន​បង្ហាញឲ្យឃើញថា សំណាក​គំរូ​ម្សៅ​ទឹកដោះគោ​ដែល​មាន​លេខ​កូដ​ដូច​ខាងលើ​នេះ មាន​កម្រិត​ជាតិ​ដែក​តិចជាង​០.២៥​មី​លី​ក្រាម ក្នុង​១០០​ក្រាម គឺ​មាន​កម្រិត​ទាប​ខ្លាំង​ពី​លក្ខខណ្ឌ ដែល​តម្រូវឲ្យ​មាន​ជាតិ​ដែក​យ៉ាងតិច​២.២៨​មី​លី​ក្រាម ក្នុង​១០០​ក្រាម​សម្រាប់​ផលិតផល​លេខ​១(​ចាប់​ពី​ទារ​កកើត ដល់​អាយុ​៦​ខែ​)​និង​យ៉ាងតិច​៤.៧២​មី​លី​ក្រាម​ក្នុង​១០០​ក្រាម​សម្រាប់​ផលិតផល​លេខ​២ (​ចាប់ពី​អាយុ ៦​ខែ​ដល់​អាយុ​១២​ខែ​)៕(​ដោយ​៖​ថា ចាន់​ធី​)


ព័ត៌មានផ្សេងទៀត