ជើងហោះហើរត្រូវបានបញ្ជាឲ្យផ្អាកជាបន្ទាន់ ខណៈការព្រមានពីព្យុះដ៏ខ្លាំងមិនធ្លាប់មានក្នុងពេលជាច្រើនឆ្នាំ ត្រូវបានប្រកាសនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។ ព្យុះដែលអ្នកជំនាញព្យាករណ៍ថាអាចវាយប្រហារប្រទេសកូរ៉េទាំងពីរមានឈ្មោះថាMaysak បានបោកបក់ឆ្លងកាត់ដែនទឹកនៃកោះជេជូប្រទេសកូរ៉េខាងត្បូង ក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូងបាននិយាយថា ព្យុះនេះទំនងជាស្រដៀងនឹងព្យុះMaemiកើតឡើងក្នុងឆ្នាំ២០០៣ដែរ ដែលកាលនោះបណ្ដាលឲ្យមនុស្សស្លាប់១៣១នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ។
ក្រៅពីអាចបង្កផលប៉ះពាល់ដល់កូរ៉េខាងត្បូង ព្យុះMaysakក៏នឹងវាយប្រហារទៅលើប្រទេសកូរ៉េខាងជើងផងដែរ។ អ្នកជំនាញព្យាករណ៍ថាវាទំនងនឹងបង្កជាការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍នៅតំបន់ជិតព្រំដែនកូរ៉េ។ ប្រព័ន្ធផ្សព្វផ្សាយក្រុងព្យុងយ៉ាងបានចុះផ្សាយថា អាជ្ញាធរបានចាត់វិធានការបន្ទាន់ព្យាយាមកាត់បន្ថយផលខូចខាតឲ្យនៅតិចបំផុត។ ប្រព័ន្ធផ្សព្វផ្សាយបន្ថែមថា ខ្យល់រួមជាមួយភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារលើតំបន់មួយចំនួន ស្របពេលអាជ្ញាធរកំពុងវាស់ស្ទង់បន្ថែមពីចំណុចដែលនឹងរងគ្រោះថ្នាក់។ គួរបញ្ជាក់ថាMaysakគឺជាព្យុះទីពីរហើយ វាយប្រហារលើឧបទ្វីបកូរ៉េក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីព្យុះBavi៕(ដោយ៖ពេញ ផេង)