មន្ទីរ​បញ្ច​កោណ​៖​​ចិន​មាន​គោល​បំណង​​បង្កើន​​អាវុធ​​នុយក្លេអ៊ែរ​​ទ្វេដង​

02-09-2020 11:55 am 585

​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​អង្គារ ចិន​កំពុង​ប៉ុនប៉ង​ធ្វើ​ទំនើបកម្ម​និង​បង្កើន​ចំនួន​អាវុធ​នុយក្លេអ៊ែរ គឺ​យ៉ាងហោចណាស់​ក៏​ពីរដង​នៃ​ការផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បំពាក់​លើ​អាវុធ​ដែរ​ក្នុង​ទសវត្ស​បន្ទាប់​។ និយាយ​ពី​យោធា​របស់​ចិន​មាន​ចំនួន​ស្មើ​អាមេរិក​ទៅហើយ ខណៈ​ផ្នែក​ខ្លះ​នៃ​វិស័យ​យោធា​កើនឡើង​ហួស​អាមេរិក​ទៅទៀត​។ ពេញ ផេង​រាយការណ៍​៖

​នៅក្នុង​របាយការណ៍​បន្ថែមថា ក្នុង​ទសវត្ស​បន្ទាប់​ឃ្លាំង​ស្ដុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចិន​ដែល​បច្ចុប្បន្ន​មាន​ប្រមាណ​តិចជាង​២០០​គ្រាប់ នឹងត្រូវ​បង្កើន​ដល់​ទំហំ​ទ្វេដង​ខណៈ​ចិន​កំពុង​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​កម្លាំង​នុយក្លេអ៊ែរ​របស់គេ​។ មី​ស៊ី​ល​ផ្លោង​អន្ដរទ្វីប​ដែលមាន​មូលដ្ឋាន​នៅ​ក្នុងប្រទេស​ចិន ដែលមាន​សមត្ថភាព​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់​ប្រហែល​២០០​គ្រាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ ចិន​ក៏​កំពុង​ធ្វើ​ទំនើបកម្ម​នូវ​មូលដ្ឋាន​យោធា​ដែន​គោក ដែន​អាកាស និង​ដែនទឹក អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ពីលើ​អាកាស និង​កែលម្អ​សមត្ថភាព​នុយក្លេអ៊ែរ​មូលដ្ឋាន​លើដី​និង​ក្នុង​សមុទ្រ​ផងដែរ​។​

​បន្ថែម​លើ​នេះ ចិន​ក៏មាន​សមត្ថភាព​រួចទៅហើយ​ស្មើគ្នា​ឬ​ហួស​អាមេរិក​ទៅទៀត ក្នុង​ការធ្វើ​ទំនើបកម្ម​ផ្នែក​មួយចំនួន​ក្នុង​វិស័យ​យោធា​ដូចជា​ការផលិត​នាវាចម្បាំង ផលិត​មី​ស៊ី​ល​ផ្លោង​បាញ់​ចេញពី​ដី​និង​មី​ស៊ី​ល​គ្រូ​ស រួមទាំង​ការផលិត​ប្រព័ន្ធ​ការពារ​ដែនអាកាស​។ ចិន​ក៏​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក មាន​នាវាចម្បាំង​និង​នាវាមុជទឹក​រហូតដល់​៣៥០​គ្រឿង ប្រៀបធៀប​ជាមួយ​អាមេរិក​មាន​ប្រមាណ​តែ​២៩៣​គ្រឿង​ប៉ុណ្ណោះ​គិត​ត្រឹម​ដើមឆ្នាំ​២០២០​នេះ​។ ចិន​ក៏មាន​មី​ស៊ី​ល​ផ្លោង​បាញ់​ចេញពី​ដី​ជាង​១,២៥០​គ្រាប់ មាន​សមត្ថភាព​ហោះ​ក្នុង​រយៈ​ចម្ងាយ​៥០០​និង​៥,៥០០​គីឡូម៉ែត្រ​។​

​ការកាន់កាប់​ដ៏​សម្បើម​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ត្រូវបាន​គេ​មើលឃើញថា​ជា​ដើមចម​ជំរុញ​ឲ្យ​លោក​ដូណាល់ ត្រាំ ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​ការផលិត​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​(INF)​ជាមួយ​រុស្ស៊ី​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៧​។ ស្របពេល​អាមេរិក​កំពុង​ចាប់ផ្ដើម​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ចិន​វិញ​ហាក់​ទទួលជោគជ័យ​និង​ប្រយោជន៍​ពី​មី​ស៊ី​ល​ប្រភេទ​នេះ​រួចទៅហើយ​។ ម្យ៉ាងវិញទៀត​ចិន​ក៏​កំពុង​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា ខណៈ​ឆ្នាំ​២០១៩​កញ្ចប់​ថវិកា​វិស័យ​ការពារជាតិ​មាន​១៧៤​ពាន់​លាន​ដុល្លារ ប្រៀបធៀប​ទៅ​អាមេរិក​ប្រហែល​៦៨៥​ពាន់​លាន​ដុល្លារ​។ យ៉ាងណាមិញ​របាយការណ៍​មន្ទីរ​បញ្ច​កោណ​បញ្ជាក់ថា ការផ្សព្វផ្សាយ​ពី​កញ្ចប់​ថវិកា​ការពារជាតិ​របស់​ចិន បាន​លុបចោល​ការចំណាយ​សំខាន់ៗ​មួយចំនួន រួមមាន​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​អាវុធ​ជាដើម ដែល​តាមពិត​ការចំណាយ​ទាក់ទង​នឹង​យោធា​ចិន​ជាក់ស្ដែង អាចមាន​ច្រើនជាង​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ខ្ពស់​ជា​អ្វីដែល​បានប្រកាស​ផ្លូវការ​។​

​នៅក្នុង​របាយការណ៍​ដ​ដែល​សង្កត់ធ្ងន់ថា ចិន​ក៏​ទំនង​ពិចារណា​នូវ​ទីតាំង​សម្រាប់​ដាក់​មូលដ្ឋាន​យោធា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី ប៉ា​គី​ស្ថាន ស្រីលង្កា អារ៉ាប់​រួម កេន​យ៉ា សី​ស្ហែល តង់​ហ្សា​នី អង់​ហ្គោឡា និង​តាជី​គី​ស្ថាន​ផងដែរ​។​

​គួរ​បញ្ជាក់ថា សមត្ថភាព​យោធា​ចិន​កំពុង​កើនឡើង​ចន្លោះពេល​ផ្ទុះ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង ជុំវិញ​បញ្ហា​រសើបៗ​មួយចំនួន តួយ៉ាង​មាន​សកម្មភាព​យោធា​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ការគាំទ្រ​របស់​អាមេរិក​ទៅលើ​តៃវ៉ាន់​ជាដើម​។ នៅក្នុង​របាយការណ៍​បាន​ចេញផ្សាយ​បន្ថែមទៀត​ពី​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ឆ្នាំ​២០២០ ខណៈ​លោក​ដូណាល់ ត្រាំ​កំពុង​សម្លឹងមើល​ជំហរ​កាន់តែ​មាំទាំ​ចំពោះ​ទីក្រុង​ប៉េកាំង ដែល​លោក​ចាត់ទុកជា​យុទ្ធនាការ​ដ៏​សំខាន់​មួយ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត