បន្ទាប់ពីលោកស៊ីនហ្ស៊ូ អាបេប្រកាសចុះចេញពីតំណែងនាពេលថ្មីៗនេះ ជប៉ុនបាននឹងកំពុងរៀបចំយ៉ាងមមាញឹកបំផុតជ្រើសរើសនាយករដ្ឋមន្ដ្រីថ្មី។ មានបេក្ខជននាយករដ្ឋមន្ដ្រីជាច្រើនរូបហើយត្រូវបានគេបង្ហាញឈ្មោះដើម្បីចូលរួមការបោះឆ្នោតក្នុងបក្ស ជ្រើសរើសបេក្ខភាពដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់នៅថ្ងៃទី១៥កញ្ញានេះ។ ក្រោយមកបេក្ខជនដែលត្រូវបានជ្រើសរើសនៅក្នុងបក្ស នឹងត្រូវឲ្យគេបោះឆ្នោតគាំទ្រជាផ្លូវការនៅក្នុងសភាទៀត។ ក៏មានសំណួរចោទឡើងថា នៅពេលផ្លាស់ប្ដូរនាយករដ្ឋមន្ដ្រីថ្មីក្នុងសភាពទាន់ហន់ដូច្នេះ ជប៉ុនអាចធ្លាក់ក្នុងវិបត្ដិឬភាពមិនប្រាកដប្រជាឬទេ?
លោកស៊ីនហ្ស៊ូ អាបេ បានប្រកាសចុះចេញពីតំណែងយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយលោកបញ្ជាក់ថាមានបញ្ហាសុខភាពមិនអាចបន្ដដឹកនាំប្រទេសទៀតបាន។ ក្រោយទទួលដំណឹងនេះភ្លាមមិនថាប្រជាជនជប៉ុន រួមនឹងថ្នាក់ដឹកនាំអន្ដរជាតិបានសម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតលោកអាបេជាមេដឹកនាំដ៏ល្អរបស់ជប៉ុន។ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី សៀនឡុងជាដើម បានសម្តែងនូវការគោរពចំពោះលោកអាបេ ហើយក៏ព្រួយបារម្ភផងដែរពីបញ្ហាសុខភាពរបស់លោក ព្រមទាំងបានជូនពរឲ្យលោកអាបេឆាប់ជាសះស្បើយពីជំងឺ។ លោកអាបេក៏ជានាយករដ្ឋមន្ដ្រីដែលកាន់តំណែងបានយូរជាងគេក្នុងប្រវត្ដិសាស្ដ្រជប៉ុនគឺតាំងពីឆ្នាំ២០១២មក។
ចន្លោះពេលចូលកាន់តំណែងជិត៨ឆ្នាំ លោកអាបេបានជួយយឹតយោងជប៉ុនចេញពីវិបត្ដិសេដ្ឋកិច្ច។ នោះគឺតាមរយៈគោលនយោបាយសេដ្ឋកិច្ចស្គាល់ថា“Abenomics” ផ្ដួចផ្ដើមដោយលោកអាបេផ្ទាល់ ក្នុងបំណងដោះស្រាយអតិផរណាទាបរួមនឹងបញ្ហាប្រឈមផ្សេងៗ។ លោកអាបេក៏ត្រូវបានគេទទួលស្គាល់ថា បានស្ដារទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ បន្ទាប់ពីមានជម្លោះដែនទឹកទ្វេភាគីបង្កភាពរកាំរកូសក្នុងចន្លោះឆ្នាំ២០១២-២០១៣។ លោកត្រូវបានប្រជាជនជប៉ុនគោរពស្រឡាញ់ និងចាត់ទុកជាមេដឹកនាំដ៏ឆ្លៀសវៃម្នាក់។ ដូច្នេះហើយទើបមានការព្រួយបារម្ភខ្លាំង នៅពេលលេចលឺព័ត៌មានលោកចូលមន្ទីរពេទ្យកាលពីថ្ងៃទី១៧និង២៤សីហា។ ជាការពិតណាស់នេះមិនមែនជារឿងថ្មីសម្រាប់លោកអាបេទេ គឺដោយសារតែជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ បានធ្វើឲ្យលោកចុះចេញពីតំណែងម្ដងហើយក្នុងអាណត្ដិដំបូងនាឆ្នាំ២០០៧។ ក្រោយមកទើបចូលកាន់តំណែងជាថ្មីបន្ទាប់ពីជាប់ឆ្នោតនៅឆ្នាំ២០១២ ហើយក៏សម្រេចចុះចេញម្ដងទៀតនៅឆ្នាំ២០២០នេះតែម្ដង។
មានបេក្ខភាពជាច្រើនរូបត្រូវបានបង្ហាញឈ្មោះ សម្រាប់ការប្រជែកយកតំណែងនាយករដ្ឋមន្ដ្រីបន្ដពីលោកអាបេ។ ក្នុងនោះមានរដ្ឋមន្ដ្រីការបរទេសលោកToshimitsu Motegi រដ្ឋមន្ដ្រីសុខាភិបាលលោកKatsunobu Kato រដ្ឋមន្ដ្រីបរិស្ថានលោកShinjiro Koizumi រដ្ឋមន្ដ្រីការពារជាតិលោកTaro Kono និងអតីតរដ្ឋមន្ដ្រីការបរទេសលោកYohei Kono។ ដោយឡែកនៅមានបេក្ខភាពមួយចំនួនទៀតមានបង្ហាញឈ្មោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដូចជា អតីតរដ្ឋមន្ដ្រីសេដ្ឋកិច្ចអ្នកស្រីYuko Obuchi ដែលជាបេក្ខជននាយករដ្ឋមន្ដ្រីស្ដ្រីដំបូងគេ។ ក្រៅពីអ្នកនយោបាយវ័យក្មេងទាំងអស់នេះ អតីតអ្នកនយោបាយជើងចាស់ពីររូបទៀតក៏ត្រូវបានគេចាត់ទុកថាជាបេក្ខជនដ៏មានសក្ដានុពលផងដែរ គឺលោកYoshihide Sugaអគ្គលេខាធិការខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និងអតីតរដ្ឋមន្ដ្រីការពារជាតិលោកShigeru Ishiba។
យ៉ាងណាមិញទោះបីមិនខ្វះបេក្ខជនជំនួសលោកអាបេ ប៉ុន្ដែអ្វីដែលគេចោទសួរបច្ចុប្បន្ននោះគឺ បន្ទាប់ពីលោកអាបេចុះចេញទៅជប៉ុនអាចនឹងជួបវិបត្ដិដែរឬក៏យ៉ាងណា?
តាមប្រព័ន្ធច្បាប់ជប៉ុន នីតិវិធីនៃការជ្រើសរើសនាយករដ្ឋមន្ដ្រីថ្មីនៅជប៉ុននៅពេលនេះ ត្រូវរៀបចំឡើងដោយគណបក្សកាន់អំណាចផ្ទាល់តែម្ដង ជាការបោះឆ្នោតផ្ទៃក្នុងសាមញ្ញមួយរើសយកបេក្ខភាពដែលខ្លួនយល់ថាស័ក្ដិសមនឹងទទួលតំណែងនាយករដ្ឋមន្ដ្រី។ ជាធម្មតាបក្សកាន់អំណាចត្រូវប្រកាសអំពីការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីជំនួសលោកស៊ីនហ្ស៊ូ អាបេមួយខែមុន។ ប៉ុន្តែដោយសារលោកអាបេ សុំលាលែងដោយតក់ក្រហល់ពេក ហើយមូលហេតុនៃការសុំលាលែងក៏មិនអាចពន្យារការសម្រេចចិត្តរបស់លោកអាបេបាន ដូច្នេះការបោះឆ្នោតជ្រើសអ្នកដឹកនាំថ្មីអាចត្រូវធ្វើឡើងក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
បើយោងទៅតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃទី២៩ខែសីហា គណបក្សប្រជាធិបតេយ្យសេរី(LDP)នឹងរៀបចំការបោះឆ្នោតជ្រើសរើសអ្នកជំនួសលោកអាបេនៅថ្ងៃទី១៥ខែកញ្ញានេះ។ បេក្ខជនដែលប្រកួតប្រជែងឈ្នះនៅក្នុងគណបក្សហើយ ត្រូវឲ្យគេបោះឆ្នោតគាំទ្រជាផ្លូវការនៅក្នុងសភាទៀត។ នៅក្នុងសន្និសីទសារព័ត៌មានថ្មីមួយ លោកអាបេបដិសេធក្នុងការបង្ហាញឈ្មោះអ្នកដែលលោកពេញចិត្ត និងស័ក្តិសមទទួលតំណែងបន្តពីរូបលោក។ ការសម្រេចយ៉ាងណាគឺអាស្រ័យលើការបោះឆ្នោត ហើយសង្ឃឹមថាសុខភាពរបស់លោកនឹងអំណោយផលបន្តកាន់តំណែងនាយករដ្ឋមន្ត្រីរហូតជ្រើសរើសបានអ្នកជំនួស។
អ្នកដែលត្រូវជំនួសតំណែងលោកអាបេបើទោះបីជាបានលើនរណាក៏ដោយ ក៏មិនទំនងថាទៅផ្លាស់ប្ដូរសេណារីយ៉ូដឹកនាំដែលបានរៀបចំរួចរាល់ដោយរដ្ឋាភិបាលលោកអាបេនោះដែរ មិនថារឿងនយោបាយ សង្គម និងសេដ្ឋកិច្ច។ អ្នកបន្ដតំណែងថ្មីអាចត្រឹមជានាយករដ្ឋមន្ដ្រីរ៉ាប់រងក្នុងចន្លោះពេលអន្ដរកាល គឺរហូតដល់ចប់អាណត្ដិលោកអាបេនៅខែកញ្ញាឆ្នាំ២០២១ប៉ុណ្ណោះ។ ហេតុនេះនឹងគ្មានការប្រែប្រួលអ្វីជាដុំកំភួនឡើយ ហើយក៏មិនអាចទៅរួចដែរដែលថាជប៉ុនត្រូវជួបវិបត្ដិនយោបាយ។ អ្វីដែលជាបន្ទុកធ្ងន់ធ្ងរគឺថានាយករដ្ឋមន្ដ្រីថ្មីត្រូវប្រឈមមុខដោះស្រាយបញ្ហាក្ដៅៗជាច្រើនកំពុងរង់ចាំ ពិសេសបំផុតគឺវិបត្ដិកូវីដ-១៩ និងវិបត្ដិសេដ្ឋកិច្ចដាំក្បាលចុះដោយសារតែកូវីដ-១៩ រួមទាំងបញ្ហាល្អក់កករមួយចំនួនជាមួយចិនដែលមិនទាន់ដោះស្រាយចប់។ អ៊ីចឹងហើយទើបគេទាមទារឲ្យនាយករដ្ឋមន្ដ្រីថ្មីត្រូវមានសមត្ថភាពគ្រប់គ្រាន់។
ជារួមមកនៅពេលដែលមាននាយករដ្ឋមន្ដ្រីមានសមត្ថភាពនិងមានបទពិសោធន៍ វាពិតជាមានសារៈសំខាន់ណាស់។ ប្រជាជនជប៉ុនអាចបង្ហាញការពេញចិត្ដចេញពីបេះដូង លុះត្រាតែនាយករដ្ឋមន្ដ្រីថ្មីមានសក្ដានុពលក្នុងការដឹកនាំ បូករួមទាំងបទពិសោធន៍និងសមត្ថភាព មិនមែនគ្រាន់តែមានការគាំទ្រពីសាធារណជននិងមានភាពស្របច្បាប់ប៉ុណ្ណោះទេ។ ខណៈមិនទាន់ច្បាស់ថាលោកអាបេចុះចេញនៅពេលណា ក្រៅពីការផ្ដោតសំខាន់លើបញ្ហាសុខភាព លោកអាបេក៏នឹងពិភាក្សាពីគោលនយោបាយរបស់ជប៉ុននៅពេលអនាគតផងដែរ។ ជោគជ័យនៃភាពជាអ្នកដឹកនាំរបស់ជប៉ុន គឺត្រូវមានការប្រកួតប្រជែងខ្លាំងក្លា ដោយបេក្ខជនដែលចូលរួមប្រជែងត្រូវតែអាចជឿទុកចិត្ដបាន។ នោះទើបជាជាចំណុចដ៏ភ្លឺស្វាងមួយក្នុងចន្លោះពេលប្រជាជាតិកំពុងប្រឈមបញ្ហា៕(ដោយ៖ពេញ ផេង)