​អាជ្ញាធរ​សម្រេច​​មិន​អនុញ្ញាត​ឱ្យ​យុវជន​ធ្វើបាតុកម្ម​​

01-09-2020 3:58 pm 617

អាជ្ញាធរ​ក្រុងភ្នំពេញ បានសម្រេច​មិន​អនុញ្ញាតឲ្យ​ក្រុមយុវជន ដែល​អះអាងថា​មកពី​ក្រុម​ខ្មែរ​ថាវរៈ ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក​រ៉ុង ឈុន និង​យុវជន​មួយចំនួន​ដែល​កំពុង​ជាប់ឃុំ​ឡើយ​។ ការសម្រេច​បែបនេះ របស់​សាលា​ក្រុងភ្នំពេញ ត្រូវបាន​លោក​ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​ក្រុងភ្នំពេញ បញ្ជាក់ថា ដោយសារ​ក្រុមយុវជន​មិនអាច​គ្រប់គ្រង​អ្នកចូលរួម​ធ្វើបាតុកម្ម​បាន ដូច្នេះ​ទើប​សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​។ ការសម្រេច​មិន​អនុញ្ញាតឱ្យ​ធ្វើបាតុកម្មរ​បស់​អាជ្ញាធរ​នេះ ត្រូវបាន​អ្នកឃ្លាំមើល​សិទ្ធិ​អង្គការ​លីកាដូ លើកឡើងថា ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​។ 

​ការស្នើសុំ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​លោក​រ៉ុង ឈុន និង​យុវជន​ជាប់ឃុំ​ដទៃទៀត នៅ​ទីលាន​ប្រជាធិបតេយ្យ​របស់​ក្រុមយុវជន​ខ្មែរ​ថាវរៈ នៅ​ដើម​ខែកញ្ញា ឆ្នាំ​២០២០ ត្រូវបាន​សា​សា​ក្រុងភ្នំពេញ សម្រេច​បដិសេធ​មិន​អនុញ្ញាត​ឡើយ​។ ការសម្រេច​មិន​អនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​រវាង​មន្ត្រី​សាលា​ក្រុងភ្នំពេញ និង​តំណាង​ក្រុមយុវជន​ដែល​បាន​ស្នើសុំ​ធ្វើបាតុកម្ម បើទោះបី​ក្រុមយុវជន​ស្មើ​សុំ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ស្ដី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិ​វី​ធី​ក៏ដោយ​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​វាយោ​ថា ការដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​សម្រេច​មិន​អនុញ្ញាតឲ្យ​ក្រុមយុវជន​ធ្វើបាតុកម្ម​នៅ​ដើម​ខែកញ្ញា​នេះ គឺ​ដោយសារតែ​ក្រុមយុវជន​មិនអាច​គ្រប់គ្រង​ចំនួន​អ្នកចូលរួម​ធ្វើបាតុកម្ម​បាន ដូច្នេះហើយ​ទើប​អាជ្ញាធរ​សម្រេច​មិនអាច​អនុញ្ញាតិ​ឱ្យ​ធ្វើបាតុកម្ម​។ លោក​ម៉េត មាស​ភក្ដី បានចាត់ទុក​ការអំពាវនាវ​ឱ្យ​ចូលរួម​ធ្វើបាតុកម្ម​របស់​ក្រុមយុវជន​ខ្មែរ​ថាវៈ ដោយ​បើកចំហរ​ឱ្យមាន​ការចូលរួម​ច្រើន​បែន​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ ក៏​មិនអាច​គ្រប់គ្រង​អ្នកចូលរួម​ធ្វើបាតុកម្ម​នេះ​បានឡើយ​…………

​សំឡេង​លោក​ម៉េត មាស​ភក្ដី​៖

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការសម្រេច​មិន​អនុញ្ញាតឱ្យ​ក្រុមយុវជន​ខ្មែរ​ថាវរៈ ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ ត្រូវបាន​លោក​អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក​បានចាត់ទុក​ការ​ការសម្រេច​បែបនេះ ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការជួបជុំ​សម្ដែង​មតិ និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។ លោក​អំ សំអាត បាន​លើកឡើងថា ការកម្រិត​ឱ្យ​អ្នកចូលរួម​ធ្វើបាតុកម្ម​ក្រោម​២០០​នាក់ របស់​អាជ្ញាធរ គឺជា​ការព្រួយបារម្ភ​ជ្រុល​ពេក​ហើយ​……

​សំឡេង​លោក​អំ សំអាត​៖

​សូមបញ្ជាក់ថា តំណាង​ក្រុមយុវជន​៣​នាក់ ដែល​គេ​ស្គាល់​ថា​មកពី​ក្រុម​«​ខ្មែរ​ថាវរៈ​» កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ បានដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង​ពី​ការធ្វើ​បាតុកម្ម​ដោយ​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៥​ខែ​កញ្ញា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឲ្យមាន​យុត្តិធម៌​សង្គម​។ 

​ទោះយ៉ាងណា គេ​មិនដឹងថា​ការទាមទារ​ឲ្យមាន​យុត្តិធម៌​សង្គមរបស់​ក្រុមយុវជន​នេះ គឺមាន​អត្ថន័យ​បែបណា​ទេ ក៏ប៉ុន្តែ​តាមរ​យៈផេក​ហ្វេស​ប៊ុក​របស់​ពួកគេ ក្រុមយុវជន បាន​បង្ហោះ​រូបថត​ស​-​ខ្មៅ របស់​សកម្មជន ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន ដោយសារតែ​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន រួមមាន​អ្នកស្រី​ឈឿន ដា​រ៉ាវី​, លោក​ហ៊ុន វណ្ណៈ​, ក​ញ្ញាស កន្និកា​, លោក សួង សោភ័ណ្ឌ និង​រូបភាព​អ្នក​បាត់​បង់ជីវិត​មួយចំនួនទៀត​ដូចជា ព្រះ​តេជគុណ​សំ ប៊ុនធឿន​, លោក​កែម ឡី​, លោក​ជា វិជ្ជា​, និង​លោក​ឈុត វុទ្ធី ជាដើម​៕

ព័ត៌មានផ្សេងទៀត