ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្ដើមពីថ្ងៃទី១ខែតុលា

01-09-2020 2:31 pm 599

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នឹងត្រូវធ្វើឡើងរយៈពេល១៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១ ខែកញ្ញានេះ។

សេចក្ដីប្រកាសដដែល បានឲ្យដឹងទៀតថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន៣០០.៣៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១២៣.២៥១នាក់។

បើតាមគ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ គឺមានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈ។ ទី១.ការលុបឈ្មោះអ្នកបោះឆ្នោតដែល(បានទទួលមរណភាព, ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន,និងបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង)។ ទី២ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាមីខ្លួន ដោយមានឯកសារសំអាងត្រឹមត្រូវ។ ទី៣.ការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែល(ទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣,ទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី,មានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក)។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនគ.ជ.ប សង្ឃឹមថាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតនៅពេលបោះឆ្នោត។

សូមជម្រាបថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ មានចំនួន៨.៦២៩.៣៥៧នាក់ និងមានការិយាល័យបោះឆ្នោតប៉ាន់ស្មានឆ្នាំ២០២០ មានចំនួន២៣.៤១៨ការិយាល័យ៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត